29.6 C
Phnom Penh

ក្រុម​អាជីវករផ្សារ​​​​​រឹងទទឹងតតាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអាជីវករបាននិយាយថា ជម្លោះដ៏អូសបន្លាយមួយរវាងម្ចាស់ផ្សារពីរនាក់នៅតែបន្តកើតមានក្នុងខេត្តព្រះសីហនុកាលពីម្សិលមិញ នៅពេលអាជីវករជាច្រើននាក់បានប្រឈមជាមួយកម្លាំងសន្តិសុខ ដែលត្រូវបានដាក់ពង្រាយដើម្បីបណ្ដេញពួកគាត់ចេញតាមសំណើរបស់ម្ចាស់ផ្សារម្នាក់។

ជម្លោះនេះបានកើតឡើងនៅក្នុងឆ្នាំ២០១១ នៅពេលពាណិជ្ជករឈ្មោះ ផែន សុខន បានសាងសង់ផ្សារកងកេង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដោយធ្វើឱ្យម្ចាស់ផ្សារធំស្មាច់ដែង ដែលសាងសង់នៅទល់មុខផ្លូវហាយវេដ៏មមាញឹកនេះកាលពី៤ឆ្នាំមុន។

លោក សុត សំប៉ាញ អាយុ៦៤ឆ្នាំម្ចាស់ផ្សារស្មាច់ដែង និងជាអតីតអធិការរងនគរបាលខណ្ឌក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ខ្ញុំទាមទារឱ្យអាជ្ញាធររកយុត្តិធម៌ជូនខ្ញុំ ពីព្រោះខ្ញុំបានចំណាយប្រាក់អស់ច្រើនណាស់លើផ្សារនេះ”។

ប៉ុន្តែទាំងទឹកប្រាក់៣០០.០០០ដុល្លារ និងទំហំផ្ទៃដ៏ធំរហូតដល់ទៅ៧.០០០ម៉ែត្រក្រឡាដែលអាចសាងសង់បាន៣០០តូបក៏ដោយ ក៏មិនអាចកែប្រែការពិតបានឡើយ មានន័យថា ផ្សារកងកេងសាងសង់នៅទីតាំងល្អជាង។

លោក សុត សំប៉ាញ បានទទួលស្គាល់ថា “ក្រុមអាជីវករចង់លក់ដូរនៅផ្សារកងកេងជាង ពីព្រោះវាស្ថិតនៅជាប់ផ្លូវជាតិលេខ៤។ ឯផ្សារស្មាច់ដែងស្ថិតនៅឆ្ងាយពីផ្លូវ”។

អាជីវករជាច្រើនបាននិយាយថា ដូច្នេះនៅពេលនគរបាល និងកងរាជអាវុធប្រហែល៣០នាក់បានមកដល់ផ្សារកងកេង កាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញ ដើម្បីរារាំងអាជីវករមិនឱ្យយករបស់របររបស់ខ្លួនចូលដោយមានគម្រោងរុះរើតូបទាំង១២៥តូបនៅថ្ងៃនេះនោះយុទ្ធនាការរបស់លោក សុត សំប៉ាញ ដើម្បីបិទផ្សារនេះអាស្រ័យលើយោបល់របស់អ្នកទាំងអស់គ្នា។

យោងតាមលោក ផៃ ប៊ុនណាក់ អភិបាលរងខេត្តបានឱ្យដឹងថា នគរបាលបានបង្ខំចិត្តដកថយទៅវិញនៅពេលក្រុមអាជីវករបានចូលតាមទ្វារក្រោយ ហើយបានបង្ហាញខ្លួនម្ដងទៀតទាំងអស់គ្នាតែម្ដង ដោយស្រែកដាក់មន្ត្រីទាំងនោះរហូតទាល់តែពួកគេចាកចេញទៅវិញនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក។

លោក ផៃ ប៊ុនហាក់ បានមានប្រសាសន៍ថា “យើងចង់បិទផ្សារកងកេងនេះ ពីព្រោះវាស្ថិតនៅកន្លែងដ៏តូចចង្អៀត ហើយជួនកាលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទៀតផង”។ លោកបានពន្យល់ថា ទីតាំងផ្សារដ៏ត្រូវប៉ាន់នេះបានជំរុញឱ្យអាជីវករមកសង់តូបនៅជុំវិញផ្សារដែលមានទំហំ៧២០ម៉ែត្រក្រឡានេះ ហើយពួកគាត់មួយចំនួនលក់ដូរលើចិញ្ចើមផ្លូវទៀតផង។

លោកបានថ្លែងថា កូនចៅរបស់លោកបានប្រាប់ក្រុមអាជីវករពីគម្រោងបណ្តេញចេញនេះ២ខែមកហើយ។ លោក ផៃបុ៊នហាក់ ក៏បានមានប្រសាសន៍ផងដែរថា អាជីវករ៨៨នាក់ក្នុងចំណោមអាជីវករទាំងអស់បានផ្ដិតមេដៃលើញត្តិស្នើឱ្យបិទផ្សារនេះ ហើយបានបញ្ជូនញត្តិនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានមានប្រសាសន៍ថា “យើងមិនចង់ឱ្យអាជីវករទាំងនេះចាកចេញពីផ្សារកងកេងទេ ប៉ុន្តែពួកគាត់ចង់ឱ្យអាជ្ញាធរបិទផ្សារនេះ ដោយនិយាយថា ពួកគាត់នឹងទៅលក់ដូរនៅផ្សារថ្មី គឺ [ផ្សារស្មាច់ដែង]”។

អ្នកស្រី អុី គឹម អាយុ៣២ឆ្នាំ ជាអ្នកលក់សាច់ជ្រូកបាននិយាយថា លោក ផៃ ប៊ុនហាក់ គ្មានការស្មោះត្រង់ទេ។ អ្នកស្រី និងអាជីវករផ្សេងទៀតនៅផ្សារកងកេងបានផ្ដិតមេដៃលើញត្តិមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ប៉ុន្តែបានដឹងក្រោយពីអាជ្ញាធរខេត្តបានប្រាប់ពួកគាត់ពីការបណ្តេញចេញនេះនឹងធ្វើឡើងនៅពេលណាមួយក្នុងពេលអនាគត។

អ្នកស្រីបាននិយាយថា “ខ្ញុំមិនមានតូប ឬក៏ម៉ូយនៅផ្សារស្មាច់ដែងទេ”។ដោយសន្និដ្ឋានថា ការបណ្តេញពួកគាត់គឺជារឿងចៀសមិនផុត អ្នកស្រីបានបន្តថា”យើងមិនបានផ្ដិតមេដៃសុំឱ្យអាជ្ញាធរបិទផ្សារនេះទេ…។ យើងបានផ្ដិតមេដៃសុំឱ្យសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ និងផ្តល់តូបដល់ពួកយើងដោយឥតគិតថ្លៃតែប៉ុណ្ណោះ”។

ដោយប្រឈមនឹងការអះអាងរបស់អ្នកស្រី អីុ គឹម និងការអះអាងស្រដៀងគ្នានេះ លោក ផៃ ប៊ុនហាក់ បានក្រឡាស់សម្តី។

លោកបានថាមានប្រសាសន៍ថា “ខ្ញុំមិនបានដឹងពីស្នាមមេដៃទាំងនោះទេ។ ខ្ញុំទទួលបានលិខិតមួយច្បាប់ពីសម្ដេចតេជោ ហ៊ុន សែន ហើយលោកបានអនុញ្ញាតឱ្យអាជ្ញាធរខេត្តបណ្ដេញអាជីវករទាំងនេះចេញ”។លោក បានបន្ថែមថា លោកនឹងយកបញ្ហានេះទៅពិភាក្សាជាមួយលោកអភិបាលខេត្តយន្ត មីន។

លោក យន្ត មីន បានមានប្រសាសន៍ថា ហេតុការណ៍កាលពីម្សិលមិញគឺជារឿងអាថ៌កំបាំងចំពោះរូបលោក។លោកបានថ្លែងថា លោក សុត សំប៉ាញ បានមកជួបលោកកាលពីចុងឆ្នាំមុនស្នើសុំឱ្យលោកបិទផ្សារកងកេងនេះ។

លោកបានថ្លែងថា “ខ្ញុំបានប្រាប់គាត់វិញថា ចាំខ្ញុំគិតមើលសិន។ យើងមិនអាចបង្ខំឱ្យអាជីវកររើទៅកាន់ផ្សារស្មាច់ដែងបានទេ។ វាអាស្រ័យលើពួកគាត់”។

លោក សុខន ជាម្ចាស់ផ្សារកងកេងបាននិយាយថា លោក សុត សំប៉ាញ បានប្តេជ្ញាព្យាយាមទាមទារកន្លែង ត្រូវប៉ាន់ជាប់ផ្លូវហាយវ៉េនេះដើម្បីខ្លួនឯង។

លោកថ្លែងថា “ម្ចាស់ផ្សារស្មាច់ដែងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានច្រើនលើកច្រើនសាមកហើយតាំងពីថ្នាក់ឃុំ ដល់ថ្នាក់ស្រុក និងដល់ថ្នាក់ខេត្តទៀត ដើម្បីព្យាយាមបិទផ្សាររបស់ខ្ញុំ។ អាជ្ញាធរស្រុក និងខេត្តបានបិទផ្សារកងកេងនេះបួនលើកមកហើយ…ប៉ុន្តែអាជីវករមិនព្រមចាកចេញ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស