26 C
Phnom Penh

​បារាំងផ្ដល់​​​សិទ្ធិជ្រ​ក​កោន​ដល់​​​​អ្នក​​​​​​​​​គ្រប់​​​​​​គ្រង​​​​​​​​​​​​​​​ទំព័រ​​​​​​​​​​​​ហ្វេសប៊ុក​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមតំណាងរាស្ត្រជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ជំនួយការពីរនាក់របស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលសុទ្ធតែប្រឈមការចោទប្រកាន់ពីបទក្លែងឯកសារ និងបទញុះញង់នៅក្នុងប្រទេសកម្ពុជា និងជំនួយការម្នាក់ទៀតរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលពេលនេះកំពុងជាប់ពន្ធនាគារនោះ ទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសបារាំង។

ពីរនាក់ក្នុងចំណោមពួកគេទាំងបីដែលសុទ្ធតែចូលរួមពាក់ព័ន្ធក្នុងការងារផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមរបស់គណបក្សប្រឆាំង កំពុងប្រឈមការជាប់ពន្ធនាគាររហូតដល់១៧ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធក្នុងបទល្មើសប្រព្រឹត្តដោយលោក ហុង សុខហួរ នៅពេលលោកធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងក្លាយមួយតាមរយៈវីដេអូបង្ហោះតាមហ្វេសប៊ុក។

cam-photo-asylum-800x533លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា “ពួកគាត់បានសុំសិទ្ធិជ្រកកោនពី UNHRC [ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន] ក្នុងប្រទេសហ្វីលីពីន ហើយពួកគាត់ត្រូវបានទទួលយកនៅក្នុងប្រទេសបារាំង” ប៉ុន្តែលោកស្រីបដិសេធមិនបញ្ជាក់ថា តើការជ្រកកោនរបស់ពួកគេនៅក្នុងប្រទេសបារាំង គ្រាន់តែបណ្ដោះអាសន្ន ឬក៏ជាអចិន្ត្រៃយ៍នោះទេ។

លោកស្រីបានបង្វែរសំណួរបន្ថែមទៀតទៅលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

ដីកាចាប់ខ្លួនយុវជន សម្បត្តិ សត្យា ដែលរងការចោទប្រកាន់ពីបទផលិតវីដេអូនោះ និងយុវជន អ៊ុង ជុងលាង ប្រធានគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ត្រូវបានចេញកាលពីចុងឆ្នាំមុន បន្ទាប់ពីអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។

យុវជនទាំងពីរនាក់រួមជាមួយយុវជន សម្បត្តិ ដេវីដ ដែលជាជំនួយការរបស់លោក ហុង សុខហួរ បានភៀសខ្លួនទៅប្រទេសហ្វីលីពីន នៅពេលនោះ បន្ទាប់ពីមានការព្រមានថា ពួកគេអាចនឹងត្រូវចាប់ខ្លួនក្នុងពេលឆាប់ៗ។ នៅថ្ងៃទី៦ ខែកញ្ញា ពួកគេបានចេញដំណើរទៅប្រទេសបារាំង  នេះបើយោងតាមសារមួយបង្ហោះលើគណនីហ្វេសប៊ុករបស់ អ៊ុង ជុងលាង។

សម្បត្តិ សត្យា អ៊ុង ជុងលាង និង សម្បត្តិ ដេវីដ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនសំណុំរឿងនេះ  ហើយមន្ត្រីរបស់ UNHCR នៅអាស៊ីអាគ្នេយ៍ និងប្រទេសបារាំង ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនលោក ហុង សុខហួរ កាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីវីដេអូដែលលោកធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងរម្លាយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលត្រូវបានចោទប្រកាន់ដែរថាជាជនសមគំនិតនៅក្នុងសំណុំរឿងនេះ។

លោក អុី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា ចៅក្រមស៊ើបសួរ កោ វណ្ឌី កំពុងដោះស្រាយសំណុំរឿងនេះនៅឡើយ។ លោកបានបដិសេធមិនបញ្ជាក់ថា តើមានដីកាចាប់ខ្លួនយុវជន សម្បត្តិ ដេវីដ ដែរឬយ៉ាងណានោះទេ។

លោកគូសបញ្ជាក់ថា “សម្រាប់ពេលនេះចៅក្រមស៊ើបសួរ កោ វណ្ឌី កំពុងស៊ើបសួរ និងដំណើរការនីតិវិធីថាតើក្រុមនេះជាប់ពាក់ព័ន្ធសំណុំរឿងរបស់លោក ហុង សុខហួរ ឬក៏អត់។ ដូច្នេះការស៊ើបអង្កេតកំពុងបន្តនៅឡើយ”។

លោក ហុង សុខហួរ ដែលត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំម្តងហើយម្តងទៀតដោយសារអ្វីដែលតុលាការនិយាយថាលោកបន្តគំរាមកំហែងដល់សណ្តាប់ធ្នាប់សង្គម បានច្រានចោលបទចោទប្រកាន់ក្លែងឯកសារសាធារណៈ។ ផ្ទុយមកវិញ លោកអះអាងថា លោកបានរកឃើញសន្ធិសញ្ញាព្រំដែនក្លែងនោះតាមរយៈការស្រាវជ្រាវតាមហ្គូហ្គល។

លោក សម រង្ស៊ី នឹងត្រូវឡើងសវនាការទទួលការជំនុំជម្រះទោសនៅខែវិច្ឆិកា ទាក់ទិនសំណុំរឿងនេះ។ លោកបដិសេធថាលោកមិនជាប់ពាក់ព័ន្ធការផលិតវីដេអូនេះឡើយ ហើយកាលពីខែវិច្ឆិកា លោកហាក់បន្ទោសរឿងនេះទៅលើក្រុមការងារហ្វេសប៊ុករបស់លោក និងលោក ហុង សុខហួរ។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកនៅពេលនោះ ខណៈលោកកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបថា “សមាជិកព្រឹទ្ធសភា ហុង សុខហួរ បានបង្ហោះបទបង្ហាញ /ឯកសាររបស់គាត់លើទំព័រហ្វេសប៊ុករបស់ខ្ញុំនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ ទំព័រហ្វេសប៊ុករបស់ខ្ញុំមានអ្នកគ្រប់គ្រងពីរនាក់ និពន្ធនាយកពីរនាក់ និងអ្នកសម្របសម្រួលពីរនាក់”។

ជំនួយការទាំងបីនាក់នេះស្ថិតក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលយ៉ាងច្រើន ឬសាច់ញាតិរបស់ពួកគេដែលបានភៀសខ្លួនចេញពីប្រទេសកាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកសិទ្ធិជ្រកកោនស្របពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើង។

កាលពីខែកក្កដា សកម្មជនពីរនាក់បងប្អូនភ្លោះទទួលបានសិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅក្នុងប្រទេសថៃ អំឡុងពេលមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតក្នុងខែនោះ។ កាលពីថ្ងៃទី២៩ ខែសីហា អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី កូនប្រុសបួននាក់របស់អ្នកស្រី និងសមាជិកគ្រួសារធំរបស់អ្នកស្រីក៏បានភៀសខ្លួនទៅប្រទេសថៃដែរ ហើយពេលនេះកំពុងបន្តស្វែងរកសិទ្ធិជ្រកកោនអចិន្ត្រៃយ៍នៅក្នុងប្រទេសទី៣។

លោក សឺង ហៃ អតីតសង្ឃប្រឆាំងរដ្ឋាភិបាលដែលសមត្ថកិច្ចតាមចាប់ខ្លួនដែរនោះ កំពុងរស់នៅក្នុងប្រទេសស៊ុយអែតចាប់តាំងពីខែកុម្ភៈមក ដោយអះអាងថា អង្គការសហប្រជាជាតិបានជួយគាត់ឱ្យទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅទីនោះ។

ទោះជាយ៉ាងណា  ជាគោលការណ៍ UNHCR មិនធ្វើអត្ថាធិប្បាយទេទាក់ទិនករណីសុំសិទ្ធិជ្រកកោនរបស់បុគ្គល៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស