32.5 C
Phnom Penh

តុលាការ​កោះ​ហៅ​ចៅ​អធិការ​វត្ត​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅអធិការវត្តសាមគ្គីរង្សីនៅក្រុងភ្នំពេញ ជាកន្លែងនៃសកម្មភាពប្រឆាំងរដ្ឋាភិបាល បានមានសង្ឃដីកាកាលពីថ្ងៃច័ន្ទថា ព្រះអង្គត្រូវបានកោះហៅឲ្យចូលខ្លួនដើម្បីសាកសួរទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍ “ដែលមានលក្ខណៈនយោបាយ”។

ព្រះតេជព្រះគុណ ថាច់ ហាសំអាង បានមានសង្ឃដីកាថា ព្រះអង្គបានទទួលដីកាកោះកាលពីថ្ងៃអាទិត្យ។ ចុះថ្ងៃទី៨ខែកញ្ញានិងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក ស៊ លីនណា ដីកាបង្គាប់ព្រះអង្គឲ្យចូលខ្លួននៅតុលាការនាថ្ងៃទី២៦ខែកញ្ញា ទាក់ទិននឹងការអធិប្បាយ ដែលព្រះអង្គបានធ្វើនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំមុន។

ព្រះអង្គបានមានសង្ឃដីកាថា ដីកាកោះដែលមិនដាក់ឈ្មោះដើមបណ្តឹង គឺគ្រាន់តែជាការព្យាយាមដើម្បីបំភិតបំភ័យព្រះអង្គមុនបុណ្យភ្ជុំបិណ្ឌនៅចុងខែនេះ នៅពេលដែលញាតិញោមពុទ្ធបរិស័ទច្រើនមកវត្តដើម្បីស្តាប់ព្រះអង្គទេសនាប្រៀនប្រដៅប៉ុណ្ណោះ។

ព្រះចៅអធិការអង្គនេះបានមានសង្ឃដីកាថា “គេបានបង្កើតវាឡើងមានចេតនាដេរមាត់អាត្មា ដើម្បីឲ្យអាត្មាឈប់និយាយអំពីស្ថានការណ៍នយោបាយនិងជាតិតទៅទៀត។ អាត្មាមិនបានបរិហារអ្នកណាម្នាក់ទេ”។

ព្រះចៅអធិការ ថាច់ ហាសំអាង បានមានសង្ឃដីកាបន្ថែមថា “អាត្មាគ្រាន់តែជួយប្រជាជនដែលរងគ្រោះដោយសារជម្លោះដីធ្លី…និងយួនឈ្លានពានប៉ុណ្ណោះ”។

ព្រះចៅអធិការបានមានសង្ឃដីកាដោយសំដៅលើដើមបណ្តឹងដែលមិនស្គាល់ឈ្មោះថា “ប្រសិនបើអ្នកជាមនុស្សដែលចោទប្រកាន់អាត្មា អ្នកគួរបញ្ជូនដីកាកោះទៅព្រះមុនចោទប្រកាន់អាត្មា ដែលជាសាវ័កព្រះ”។

ហួសពីវោហារសាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះចៅអធិការវត្តបានមានសង្ឃដីកាថា វត្តសាមគ្គីរង្សីជាញឹកញាប់ជាគោលដៅដោយសារវាជាកន្លែងរស់នៅរបស់ព្រះសង្ឃប្រឆាំង ដែលផ្តល់ជម្រកដល់ជនរងគ្រោះដោយជម្លោះដីធ្លី ដែលសង្ឃឹមថានឹងបញ្ចុះបញ្ចូលឲ្យក្រុមមន្ត្រីក្នុងក្រុងជួយអន្តរាគមន៍តាងនាមពួកគាត់។

ចៅក្រម លីនណា ដែលចុះហត្ថលេខាលើដីកាកោះនោះ មិនអាចទាក់ទងបានទេកាលពីថ្ងៃច័ន្ទ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស