32.5 C
Phnom Penh

ការ​បង្ក្រាប​ស៊ីម​កាត​មិន​​ចុះ​បញ្ជី​​​ផ្អាក​​ដោយ​សារ​ចំ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសន្យារបស់រដ្ឋាភិបាលដែលថានឹងធ្វើឱ្យប្រាកដថា រាល់ស៊ីមកាតទូរស័ព្ទចល័តទាំងអស់ត្រូវបានចុះបញ្ជីនោះ បានខកខានជាថ្មីម្ដងទៀត គឺពេលនេះចំពេលថ្ងៃឈប់សម្រាកជាសាធារណៈដោយឱសានវាទថ្មីបំផុតសម្រាប់ក្រុមហ៊ុនអនុវត្តតាម កន្លងផុតទៅដោយមិនមានការចាត់វិធានការណាមួយឡើយ។

បើទោះជាមានការសន្យាកាលពីពីរសប្ដាហ៍កន្លងមកថា ក្រុមការងារដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការដាក់បញ្ជាឱ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំាងអស់ចុះបញ្ជីគណនីទាំងអស់ ឬ បើមិនដូច្នោះទេ នឹងបិទលេខទាំងនេះនៅពាក់កណ្ដាលខែនេះនោះ អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍ថា នគរបាលមិនទាន់បានចូលរួមនៅក្នុងការខិតខំប្រឹងប្រែងនេះនៅឡើយទេ។

បុរសម្នាក់រកមើលសីុមកាតដែលដាក់លក់នៅបញ្ជរក្រុមហ៊ុនទូរស័ព្ទស្មាតមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីខែមករា។ រដ្ឋាភិបាលសន្យាថា ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នឹងត្រូវបិទនៅពាក់កណ្តាលខែនេះ។ Enric Cantala
បុរសម្នាក់រកមើលសីុមកាតដែលដាក់លក់នៅបញ្ជរក្រុមហ៊ុនទូរស័ព្ទស្មាតមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីខែមករា។ រដ្ឋាភិបាលសន្យាថា ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នឹងត្រូវបិទនៅពាក់កណ្តាលខែនេះ។ Enric Cantala

លោក អឹុម វុត្ថា ជាអ្នកនាំពាក្យបានមានប្រសាសន៍ថា “យើងនឹងស្នើឱ្យប្រធានរបស់ខ្ញុំចុះហត្ថលេខាលើលិខិតនេះនៅថ្ងៃស្អែក។ បន្ទាប់មក យើងនឹងបញ្ជូនលិខិតនេះទៅនគរបាលជាតិ ដើម្បីសុំឱ្យកម្លាំងនគរបាលចូលរួមជាមួយក្រុមការងារនេះ”។

លោក អឹុម វុត្ថា បានមានប្រសាសន៍ថា ដោយប្ដេជ្ញាថា នឹងចាប់ផ្ដើមពិនិត្យមើលការអនុវត្តនៅសប្ដាហ៍នេះ ហើយបានសម្រេចដាក់ទោសទណ្ឌដល់ក្រុមហ៊ុននានាក្នុងទម្រង់ជាការផាកពិន័យ ឬការព្យួរអាជ្ញាប័ណ្ណនោះ ក្រុមការងារនេះត្រូវបានផ្អាកដោយចំពេលបុណ្យអុំទូក។ លោកបានបន្ថែមថា ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នៅតែត្រូវគេដាក់លក់ដោយបើកចំហដដែល។

លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកសន្តិសុខផ្ទៃក្នុងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការខិតខំប្រឹងប្រែងនេះទេ ដែលសំដៅទប់ស្កាត់អ្នកប្រើប្រាស់អនាមិកកុំឱ្យធ្វើប្រតិបត្តិការខុសច្បាប់ ឬបទល្មើសផ្សេងៗតាមទូរស័ព្ទចល័ត។

ក្រុមហ៊ុនទូរស័ព្ទធំៗចំនួនបីគឺស្មាត មិត្តហ្វូន និងសែលកាត បានបង្ហោះសារតាមគេហទំព័ររបស់ខ្លួន ជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យចុះបញ្ជីត្រឹមថ្ងៃទី៣១ ខែតុលា ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះគ្មានក្រុមហ៊ុនណាមួយលើកឡើងថា  នឹងបិទគណនីទាំងនោះនៅថ្ងៃជាក់លាក់ណាមួយឡើយ។

លោក ឈិន សុភ័ក្ត្រ តំណាងសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនសែលកាតបានលើកឡើងថា អ្នកដែលទទួលបន្ទុកសម្រេចថាតើគណនីដែលមិនបានចុះបញ្ជីទាំងអស់នឹងត្រូវបិទនៅពេលណានោះមិនអាចទាក់ទងបានទេ ឬបានទៅវិស្សមកាលនៅអឺរ៉ុប ហើយបានបង្វែរសំណួរទាំងនេះទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។

សារដែលផ្ញើតាមគណនីរបស់ក្រុមហ៊ុនមានខ្លឹមសារថា អ្នកប្រើប្រាស់ស៊ីមកាតដែលមិនបានចុះបញ្ជីទាំងអស់នឹងទទួលបានការជូនដំណឹងតាមរយៈសារជាអក្សរ ដោយទុករយៈពេល៧ថ្ងៃដើម្បីដោះស្រាយស្ថានភាពនេះ។

សារដដែលនេះបន្តថា “ក្រោយរយៈពេល៧ថ្ងៃ ការហៅចេញរបស់លោកអ្នកនឹងត្រូវ បិទ ហើយបន្ទាប់ពីរយៈពេល១៤ថ្ងៃ ទាំងការហៅចេញ និងការហៅចូល  នឹងត្រូវបិទព្រមគ្នាតែម្ដង”៕ សារុន

(រាយការណ៍បន្ថែមដោយ Aisha Down)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស