29.6 C
Phnom Penh

ក្រសួងថា ការ​​​បូម​​​ខ្សាច់​​​នៅ​​​ខេត្ត​​​កោះ​​​កុង​​​​​​បាន​​​ផ្អាក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រឈមនឹងការពិនិត្យពិច័យកាន់តែខ្លាំងទាក់ទងនឹងពាណិជ្ជកម្មខ្សាច់របស់កម្ពុជា ក្រសួងរ៉ែនិងថាមពលបាននិយាយកាលពីថ្ងៃពុធថា ការបូមខ្សាច់ទាំងអស់បានផ្អាកនៅក្នុងខេត្តកោះកុង ដែលមានការបូមខ្សាច់បានធ្វើឡើង។

លោក ម៉េង សក្តធារ៉ា បាននិយាយកាលពីថ្ងៃពុធថា “យើងបានផ្អាកយូរហើយ”។ លោកបានបង្វែរសំណួរបន្តទៀតទៅសហសេវិករបស់លោកគឺ ឌិត ទីណា ដែលមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។

hdr

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន ជានាយកនិរទេសនៃអង្គការមាតាធម្មជាតិបានបញ្ជាក់ថា សមាជិកអង្គការបានសង្កេតឃើញសកម្មភាពផ្អាក ប៉ុន្តែបាននិយាយថា វាគ្រាន់តែចាប់ផ្តើមប៉ុន្មានថ្ងៃថ្មីៗនេះប៉ុណ្ណោះ។

លោកបាននិយាយតាមសារអ៊ីនធឺណិតថា “យើងបានកត់សម្គាល់ឃើញថា ប្រហែលថ្ងៃទី១០ ឬទី១១ សកម្មភាពភាគច្រើនបានឈប់ ហើយយើងនឹងទទួលបានរបាយការណ៍ច្រើនទៀតថាតើពួកគេបានចាប់ផ្តើមជាថ្មីនៅពីរបីថ្ងៃទៀតឬយ៉ាងណា”។ លោកបាននិយាយបន្ថែមថា វាអាចថា ប្រតិបត្តិការកំពុងបន្តនៅតាមកន្លែងដាច់ស្រយាល។

ប្រសិនបើអនុវត្តបាន វិធានការនេះទំនងបំពេញចិត្តការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានស្នើសុំក្រសួងឲ្យផ្អាកការបូមខ្សាច់នៅកោះកុង រហូតទាល់តែគេជជីករកឲ្យឃើញតួលេខនាំចេញខ្សាច់ខុសពីប្រក្រតីជាមុនសិន។

តួលេខពីទិន្នន័យស្ថិតិជំនួញរបស់របរសហប្រជាជាតិបង្ហាញថា ប្រទេសផ្សេងទៀត គឺស្ទើរតែប្រទេសសិង្ហបូរីទាំងមូលបានរាយការណ៍អំពីការនាំចេញខ្សាច់ជាង៦០លានតោន ពោលគឺច្រើនជាងប្រទេសកម្ពុជាបានរាយការណ៍ថាបាននាំចេញខ្សាច់ពីឆ្នាំ២០០៥រហូតដល់ឆ្នាំមុនទៅទៀត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបន្ទោសលើ”ការអនុវត្តដោយមិនមានប្រសិទ្ធភាព”ចំពោះគម្លាតនោះ។ ក្រសួងរ៉ែនិងថាមពលបានទទួលស្គាល់ក្នុងលិខិតមួយច្បាប់នៅដើមខែនេះថា ក្រសួង”ក៏នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ”ក្នុងការធ្វើនិយតកម្មលើពាណិជ្ជកម្មនេះ ហើយបាននិយាយថា ខ្លួនស្វាគមន៍អង្គការក្រៅរដ្ឋាភិបាល ដើម្បីសហការក្នុងការស្វែងរកឲ្យឃើញនូវភាពខុសគ្នា។ ក្រសួងក៏បាននិយាយថា ខ្លួនបានទប់ស្កាត់ការនាំចេញខ្សាច់ ហើយចេញអាជ្ញាបណ្ណបូមខ្សាច់ថ្មីក្នុងអំឡុងពេលការស៊ើបអង្កេតរបស់ខ្លួន។

តាមលោក សាន ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ ក្នុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកតំណាង១៣នាក់នៃក្រុមអង្គការកាលពីថ្ងៃសុក្រ លោក ទីណា បាននិយាយថា ភាពខុសគ្នាដោយអន្លើក្នុងតួលេខនាំចេញនិងនាំចូលគឺមានជាធម្មតា ដោយប្រើឧទាហរណ៍នៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោក ម៉ាឡាបាននិយាយកាលពីថ្ងៃសុក្រថា “សូម្បីជាមួយសហរដ្ឋអាមេរិក ក៏មានការខុសគ្នាដែរ។ ដូចគ្នាដែរ ហេតុអ្វីគម្លាតពិតជាខុសគ្នា [លោក ទីណា] មិនអាចពន្យល់បានទេ ព្រោះគាត់គ្រាន់តែបង្ហាញលក្ខខណ្ឌនៃវិបសាយសហប្រជាជាតិប៉ុណ្ណោះ”។

អ្នកជំនាញខាងសេដ្ឋកិច្ចភាគច្រើនយល់ស្របថា គម្លាតពាណិជ្ជកម្មគឺមានជាធម្មតា ប៉ុន្តែសេដ្ឋវិទូបីបួននាក់បាននិយាយថា ទំហំនៃការខុសគ្នាក្នុងតួលេខខ្សាច់ ក៏ដូចជាភាពខុសគ្នាក្នុងការនាំចេញឈើក្នុងទឹកប្រាក់ប្រហែល១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា គឺមិនធម្មតានិងគួរមានការស៊ើបអង្កេត។

ពាណិជ្ជកម្មខ្សាច់ទំនងជាការនាំចេញដោយមានការរាយការណ៍មិនបានដិតដល់ ដោយមានត្រឹមតែ៤ភាគរយនៃការនាំចូលជាសាកលរបស់ប្រទេសសិង្ហបូរីប៉ុណ្ណោះ ដែលបង្ហាញនៅក្នុងតួលេខនាំចេញរបស់ប្រទេសផ្សេងទៀត។

ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុបារាំងអន្តរជាតិនៅដើមខែនេះ លោក សក្តធារ៉ាផ្តល់យោបល់ ថា ភាពមិនប្រក្រតីទាំងនោះអាចនឹងលាក់បាំងជំនួញខុសច្បាប់ដែលជាប់ទាក់ទងនឹងប្រទេសនានាដែលបានបិទការនាំចេញខ្សាច់ ដូចជាម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីជាដើម។

លោកបាននិយាយថា តួលេខខុសគ្នាអាចដោយសារតែ “ការរត់ពន្ធពីបណ្តាប្រទេសផ្សេងៗដែលអាចមានទាំងប្រទេសកម្ពុជាផងដែរទៅកាន់ប្រទេសសាំងហ្គាពួរ។ នាវា “អាចមានការរត់ពន្ធមួយចំនួនដែលប្រើប្រាស់ជ្រកក្រោមផ្លាករបស់កម្ពុជា បើយើងមើលស្ថិតិវិញ កប៉ាល់ជាច្រើនដែលលើកទង់ជ័យកម្ពុជា ប៉ុន្តែមិនមែនចេញពីកម្ពុជាទេ”។

ស្ថានទូតសិង្ហបូរីប្រចាំក្រុងភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាុយទេ។

តាមកាសែត Straits Timesដោយឆ្លើយតបនឹងការចោទស្រដៀងគ្នាក្នុងឆ្នាំ២០១០ ក្រសួងអភិវឌ្ឍន៍ជនបទប្រទេសសិង្ហបូរីបាននិយាយថា ខ្លួន “មិនបានបណ្តែតបណ្តោយឲ្យមានការនាំចេញដោយខុសច្បាប់ ឬការរត់ពន្ធខ្សាច់ ដែលជាការរំលោភច្បាប់ការពារបរិស្ថាននៃប្រទេសប្រភពនោះទេ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស