32.5 C
Phnom Penh

ការ​​​វះ​​​កាត់​​​​​​ពង្រីក​​​​​​​​​សុដន់​​​រហូតដល់​​​​​​​​​ស្លាប់​​​​​​នាំ​​​ឲ្យ​​​បិទ​​​គ្លីនិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមក្រុមមន្ត្រី គ្លីនិកវះកាត់កែសម្ផស្សនៅក្នុងក្រុងភ្នំពេញត្រូវបិទទ្វារកាលពីថ្ងៃច័ន្ទ ដោយរង់ចាំការស៊ើបអង្កេតការវះកាត់កែសុដន់សិន ដែលបណ្តាលឲ្យស្លាប់ស្ត្រីវ័យ៣៦ឆ្នាំម្នាក់។

លោក ផៃ វាសនា អាយុ៣៦ឆ្នាំ ជាប្តីបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រពន្ធរបស់លោកគឺអ្នកស្រី រស់ សុខនី អ្នកលក់ទូរទស្សន៍ពីខេត្តក្រចេះបានឃើញការផ្សាយពណិជ្ជកម្មសម្រាប់វះកាត់ពង្រីកសុដន់នៅឯមន្ទីរសម្រាកព្យាបាល ដឺបូតេ ក្នុងខណ្ឌឫស្សីកែវតាមហ្វេសប៊ុកយូរមកហើយ ហើយមានគម្រោងវះកាត់ផ្ទាល់ខ្លួនតាំងពីពេលនោះមក។

លោកបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រីបានចូលទៅវះកាត់ដែលទន្ទឹងរង់ចាំដ៏យូរហើយ ដោយបង់លុយឲ្យគ្លីនិក៣០០០ដុល្លារ។ កាលពីថ្ងៃសៅរ៍ ក្នុងពេលដែលអ្នកស្រីចេញពីមន្ទីរពេទ្យ លោក វាសនាត្រូវគេប្រាប់ឲ្យយកប្រពន្ធទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្តទៀត។

លោកបាននិយាយថា “វេជ្ជបណ្ឌិតបានដឹងថា ស្ថានភាពប្រពន្ធខ្ញុំកាន់តែធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំឲ្យរកកន្លែងព្យាបាលនៅកន្លែងផ្សេង ព្រោះគាត់មិនមានឧបករណ៍ព្យាបាលប្រពន្ធខ្ញុំទេ”។

លោក វាសនា បាននិយាយថា ពេទ្យវះកាត់ម្នាក់ក្នុងបណ្តាពេទ្យវះកាត់ផ្សេងទៀតដែលបានវះកាត់ពង្រីកសុដន់របស់អ្នកស្រី ដែលលោកមិនបានចាំឈ្មោះ បានឲ្យបញ្ជូនអ្នកជំងឺទៅគ្លីនិកសង្គ្រោះបន្ទាន់ដែលនៅជិតគ្នា ជាការអនុវត្តផ្នែកឯកជន។

នៅម៉ោង៤និង១៥នាទីព្រឹក ប្រពន្ធរបស់លោកបានស្លាប់ដោយបន្សល់ទុកកូនបួននាក់។

ស្ត្រីម្នាក់ដើរកាត់គ្លីនិក ដឺបូតេ នៅក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យតុលាការក្រុងភ្នំពេញបាននិយាយថា គ្លីនិកសង្គ្រោះបន្ទាន់បានប្រាប់លោកថា អ្នកស្រី រស់ សុខនី បានស្លាប់ដោយសារតែមានខ្ទុះ ដែលបណ្តាលឲ្យមានការប្រែប្រួលមុខងារសរីរាង្គ។

នៅព្រឹកថ្ងៃច័ន្ទ លោក វាសនាបាននិយាយថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលសង្កាត់ “ដើម្បីរកយុត្តិធម៌ឲ្យគ្រួសារខ្ញុំ”។

លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការបាននិយាយថា នៅពេលរសៀលលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងបានបញ្ជាឲ្យបិទទ្វារគ្លីនិកបណ្តោះអាសន្ន”ដោយសារតែខ្វះបច្ចេកទេស”។

លោកបាននិយាយថា គ្លីនិកអាចបើកឡើងវិញ ប្រសិនបើការស៊ើបអង្កេតរបស់តុលាការបានរកឃើញថា គ្លីនិកនោះបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ លោកបាននិយាយបន្ថែមថា លោកមិនបានដឹងថាតើម្ចាស់គ្លីនិក លោក ផែ ថុង ឬបុគ្គលិកនឹងត្រូវផ្តន្ទាទោសទេ។

វេជ្ជបណ្ឌិត ថុង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

តាមអាជ្ញាបណ្ណដែលផ្តល់ឲ្យគ្លីនិកកាលពីខែមីនា ឆ្នាំមុនដោយក្រសួងសុខាភិបាល មន្ទីរនេះត្រូវបានចុះឈ្មោះថាជា “គ្លីនិកឯកជន”។

អ្នកស្រី សុខ កញ្ញា អនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខភាពបាននិយាយថា កម្ពុជាមិនមាន”ច្បាប់ ឬនិយតកម្ម”ក្នុងការផ្តល់អាជ្ញាបណ្ណជាក់លាក់សម្រាប់វះកាត់កែសម្ផស្សទេ។

អ្នកស្រីបាននិយាយមុននឹងបង្វែរឲ្យសួរសំណួរទៅនាយកដ្ឋានមន្ទីរពេទ្យរបស់ក្រសួងសុខាភិបាលថា ” តាមខ្ញុំដឹង យើងមិនផ្តល់អាជ្ញាបណ្ណសម្រាប់គ្លីនិកវះកាត់កែសម្ផស្សទេ។ មានតែមន្ទីរពេទ្យ គ្លីនិកពហុព្យាបាលនិងគ្លីនិកឯកជនប៉ុណ្ណោះ”។

មន្ត្រីនាយកដ្ឋានមិនអាចទាក់ទងបានទេ។

អ្នកស្រី ធីតា ឃឹះ អ្នកតស៊ូមតិសិទ្ធិស្ត្រីដ៏លេចធ្លោបាននិយាយថា កង្វះនិយតកម្មបានធ្វើឲ្យគ្លីនិកវះកាត់កែសម្ផស្ស “កើតឡើងគ្រប់កន្លែងនៅក្នុងប្រទេស”ដោយមានដំណើរការស្ថិតក្រោមអាជ្ញាបណ្ណទូទៅ ក្នុងពេលដែលកំពុងអនុវត្តនីតិវិធីឯកទេសយ៉ាងស្រួល។

អ្នកស្រីបាននិយាយដោយលើកឡើងពីការពង្រីកសុដន់ ការចាក់ថ្នាំបូតុក និងកែភ្នែក ជានីតិវិធីធម្មតាដែលអាចរកបាននៅកម្ពុជាថា “គេចាប់អារម្មណ៍តិចតួច ព្រោះវាគ្រាន់តែជាការវះកាត់សើៗប៉ុណ្ណោះ”។

អ្នកស្រីបាននិយាយថា “ពីមុន ខ្ញុំបានឃើញត្រឹមតែគ្លីនិកពីរប៉ុណ្ណោះកាលពី១៥ឆ្នាំមុន។ ឥឡូវនេះ ខ្ញុំរាប់មិនអស់ទេ ព្រោះមានច្រើនណាស់។ ហើយក៏គ្មាននិយតកម្មដែរ”។

អ្នកស្រីបាននិយាយថា ការត្រួតពិនិត្យមើលថាតើពេទ្យវះកាត់ត្រូវបណ្តុះបណ្តាលយ៉ាងណានោះ គឺមានភាពធូររលុង។

អ្នកស្រី ឃឹះ បាននិយាយថា “មិនមានការបណ្តុះបណ្តាលដែលមានការទទួលស្គាល់ទេ ព្រោះមិនមាននិយតកម្ម។ អ៊ីចឹង បើអ្នកចេះអានភាសាខ្មែរ អ្នកអាចបើកឡានចុះឡើង ឃើញកន្លែងផ្តល់ការបណ្តុះបណ្តាលជាច្រើន” ក្នុងលក្ខណៈជាការកែសម្ផស្ស”។

អ្នកស្រីបាននិយាយថា ” ពួកគេរៀនធ្វើបែបនេះ ហើយបន្ទាប់មក គេចេញទៅសាកល្បងផ្ទាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស