39.4 C
Phnom Penh

តុលាការ​នៅមិន​​អាចរក​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងកាលពីម្សិលមិញថា ស្ត្រីនិងក្មេងស្រីដែលត្រូវបានចាប់រំលោភនៅក្នុងប្រទេសកម្ពុជា កម្រទទួលបានយុត្តិធម៌ណាស់ដោយសារតែអំពើពុករលួយដ៏រាលដាល និងការអនុវត្តខុសច្បាប់របស់នគរបាល ដោយកត់សម្គាល់ថា ស្ថានភាពនេះនៅតែគ្មានគារផ្លាស់ប្តូរដដែលចាប់តាំងពីមានការចេញផ្សាយលទ្ធផលស្រដៀងគ្នានេះកាលពីមួយឆ្នាំកន្លងមក។

របាយការណ៍ដដែលនេះបន្តថា ជាងពាក់កណ្តាលក្នុងចំណោមករណីរំលោភ ឬការប៉ុនប៉ងរំលោភ២៨២ករណីដែលអង្គការសិទ្ធិមនុស្សលីកាដូបានស៊ើបអង្កេតកាលពីឆ្នាំមុនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយសារមានចន្លោះប្រហោងជាប្រព័ន្ធក្នុងការផ្តន្ទាទោសពីករណីរំលោភទាំងនេះ។

របាយការណ៍របស់អង្គការលីកាដូដែលបានចេញផ្សាយកាលពីម្សិលមិញបង្ហាញថា កត្តាដែលរួមចំណែកចំពោះការធ្លាក់ចុះនៃការផ្តន្ទាទោសនេះ មួយផ្នែកធំត្រូវបានរដ្ឋាភិបាលធ្វើមិនដឹងមិនឮចាប់តាំងពីករណីនេះត្រូវបានលើកឡើងនៅក្នុងការវិភាគស្រដៀងគ្នានេះកាលពីឆ្នាំមុន។

របាយការណ៍នេះបន្តថា ”រដ្ឋាភិបាលកម្ពុជាត្រូវចាត់វិធានការដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ  និងការផ្លាស់ប្តូរក្នុងលក្ខណៈវិជ្ជមានដែលចាំបាច់ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះ”។ របាយការណ៍ដដែលនេះបន្ថែមទៀតថា ការផ្តល់អនុសាសន៍ហាក់ដូចជាមិនត្រូវបានយកចិត្តទុកដាក់ឡើយបន្ទាប់ពីត្រូវបានលើកឡើងកាលពីឆ្នាំមុន។

“បើនៅតែដូច្នេះ វប្បធម៌និទណ្ឌភាពចំពោះជនល្មើសនៃការរំលោភនឹងមិនចប់ឡើយ ហើយគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះទេ”។

នៅក្នុងករណីដ៏អាក្រកបំផុតនោះ របាយការណ៍នេះបានលើកឡើងពីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលត្រូវបានរំលោភចំនួនបីដងដោយបុរសអាយុ២០ឆ្នាំ។

របាយការណ៍នេះបន្តថា ”ក្រុមគ្រួសាររបស់នាងបានរាយការណ៍ពីករណីនេះទៅនគរបាលឃុំ ដែលបានរៀបចំឱ្យមានការចរចាជាមួយក្រុមគ្រួសារជនសង្ស័យ។ ក្រុមគ្រួសារក្មេងស្រីយល់ព្រមឱ្យនាងរៀបការជាមួយបុរសនេះនៅពេលនាងមានអាយុ១៦ឆ្នាំ”។

របាយការណ៍ដដែលនេះបន្ថែមថា “ក្រុមគ្រួសារក្មេងស្រីបានដកពាក្យបណ្តឹង ហើយវាទំនងជាថា នគរបាលទទួលបានប្រាក់ចំពោះការសម្របសម្រួលការចរចានេះ។

ដោយករណីមួយចំនួនក្នុងចំណោម២៨២ករណីដែលជាប់ពាក់ព័ន្ធជាមួយជនរងគ្រោះលើសពីម្នាក់នោះ អង្គការលីកាដូបានអះអាងថា ជនរងគ្រោះសរុប២៩២នាក់ ដែល២១៧ នាក់ក្នុងចំណោមពួកគេអាយុក្រោម១៨ឆ្នាំ ជាតួលេខដែលអ្នកសរសេររបាយការណ៍សន្មតថា មួយផ្នែកដោយសារការរាយការណ៍មិនគ្រប់ជ្រុងជ្រោយដោយជនរងគ្រោះពេញវ័យ។

របាយការណ៍បន្ថែមទៀតថា ក្នុងចំណោម១២៥ករណីដែលបានឈានដល់ការសន្និដ្ឋាននោះ ១ភាគ៤បានបញ្ចប់មុនការជំនុំជម្រះ។ ករណីមួយភាគធំត្រូវបានដោះស្រាយនៅពេលមន្ត្រីនគរបាល និងមន្ត្រីតុលាការបានធ្វើការចរចាពីសំណងសម្រាប់ជនរងគ្រោះ ហើយក្នុងករណីមួយចំនួនបានយកប្រាក់ពីពួកគេ និងពីជនចាប់រំលោភ ជាការអនុវត្តដែលត្រូវបានហាមឃាត់ដោយច្បាប់កម្ពុជា។

របាយការណ៍ដដែលនេះលើកឡើងថា ៣២ភាគរយក្នុងចំណោមករណីដែលត្រូវបានបិទការស៊ើបអង្កេត បានបញ្ចប់ដោយការសម្រេចឱ្យរួចផុតពីការចោទប្រកាន់ ឬការបន្ធូរបន្ថយទោស ដោយសារតែអំពើពុករលួយ ឬការបកស្រាយច្បាប់នៅមានចន្លោះប្រហោង។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិរបស់អង្គការលីកាដូមានប្រសាសន៍ថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការចំពោះករណីរំលោភបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់។

លោកស្រីបានលើកឡើងនៅក្នុងអីុម៉េលថា ”មានការលើកឡើងថា ករណីរំលោភមិនមែនជាទោសព្រហ្មទណ្ឌទេ ហើយមិនមែនជាបញ្ហាធ្ងន់ធ្ងរដែលត្រូវដោះស្រាយដោយតុលាការឡើយ។ វាក៏ធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលនៃច្បាប់ព្រហ្មទណ្ឌផងដែរ។ ប្រសិនបើពលរដ្ឋដឹងថា ពួកគាត់អាចបង់ប្រាក់ដើម្បីបានរួចផុតពីការផ្តន្ទាទោសព្រហ្មទណ្ឌនោះ វាធ្វើឱ្យមានការខ្លាចរអាតិចតួចបំផុតក្នុងការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដូចជាករណីរំលោភនេះ”។

លោក ផុន ពុទ្ធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីមានប្រសាសន៍ថា ក្រសួងបាន “ជំរុញទឹកចិត្តយ៉ាងខ្លាំង” ឱ្យមន្ត្រីរដ្ឋាភិបាលប្រយុទ្ធប្រឆាំងការយកប្រាក់ពីជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងឆ្នាំ២០១៣បានឱ្យដឹងថា បុរសលើសពីម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានអាយុចាប់ពី១៨ឆ្នាំដល់៤៩ឆ្នាំសារភាពថា បានរំលោភស្ត្រី ហើយជាងពាក់កណ្តាលក្នុងចំណោមពួកគេនិយាយថា ពួកគេបានប្រព្រឹត្តករណីរំលោភលើកដំបូងមុនពេលឈានចូលអាយុ២០ឆ្នាំ៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស