29.6 C
Phnom Penh

គ្រួសារ​​របស់នគរ​បាល​​ដែល​ព្រួត​​​​​​​​​​​​​វាយជន​រងគ្រោះ​រហូតដល់​​​​​​​​​​​​​​ស្លាប់​​ ​ចរចា​សុំ​​​​​បង់សំណង​​​បញ្ចប់​រឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសាររបស់នគរបាលបីនាក់ដែលបានព្រួតវាយបុរសពីរនាក់នៅខេត្តកណ្ដាល បណ្ដាលឱ្យម្នាក់ស្លាប់ដោយសាររបួស បានព្យាយាមចរចាសុំបង់សំណងដល់ក្រុមគ្រួសារជនរងគ្រោះដើម្បីឱ្យពួកគាត់ដកពាក្យបណ្ដឹងនៅសប្ដាហ៍នេះ ប៉ុន្តែមិនបានជោគជ័យឡើយ  នេះបើយោងតាមសាច់ញាតិបុរសរងគ្រោះបានលើកឡើងកាលពីម្សិលមិញ។

អ្នកស្រី ឃួន ស្រីមុំ ប្រពន្ធរបស់ជនរង គ្រោះឈ្មោះ ចំរើន សីហា ដែលបានស្លាប់ក្រោយការវាយដំនិយាយថា ឪពុកម្ដាយ និងបងប្អូនរបស់នគរបាលស្រុកស្អាង ទាំងបីនាក់ដែលមានឈ្មោះ ឆាយ ស៊ីណា ភក្ដី វិទូ និង ឃាង សុងថេង បានជួបជាមួយគាត់ និងបងប្អូនរបស់គាត់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារដើម្បីចរចាដោះស្រាយ។

អ្នកស្រីនិយាយថា “ឪពុកម្ដាយ និងបងប្អូនរបស់ប៉ូលិសទាំងបីនាក់បានប្រាប់ខ្ញុំថា ពួកគេនឹងបង់សំណង២០.០០០ដុល្លារ ហើយសុំឱ្យខ្ញុំ និងប្អូនប្រុសខ្ញុំដកពាក្យបណ្ដឹងពីតុលាការ”។

អ្នកស្រីបានបន្តថា អ្នកស្រីបានបដិសេធសំណើរបស់សាច់ញាតិនគរបាលដោយសារតែការផ្ដល់ឱ្យនោះមិនគ្រប់គ្រាន់។ “បើពួកគេព្រមបង់ឱ្យខ្ញុំ និងប្អូនប្រុសខ្ញុំ៦៥.០០០ដុល្លារ យើងនឹងយល់ព្រមដកពាក្យបណ្ដឹងពីតុលាការ” ហើយមិនបានឈានដល់ការព្រមព្រៀងណាមួយឡើយ មុនពេលអ្នកស្រី និងសាច់ញាតិវិលត្រឡប់ទៅផ្ទះវិញនៅខេត្តកំពង់ស្ពឺវិញកាលពីថ្ងៃអង្គារ។

ដោយមានគ្រួសារត្រូវចិញ្ចឹម អ្នកស្រី ឃួន ស្រីមុំ និយាយថា គាត់មិនអាចរង់ចាំសំណងដែលតុលាការអាចនឹងបង្គាប់ឱ្យបង់ជូនគាត់ឡើយ។ ”ខ្ញុំយល់ព្រមចរចាជាមួយប៉ូលិសទាំងបីនាក់ព្រោះខ្ញុំគិតថា វាគ្រាន់តែពាក់ព័ន្ធសំណងរដ្ឋប្បវេណី” ហើយទោះជាយ៉ាងណា អ្នកស្រីសង្ឃឹមថា មន្ត្រីនគរបាលទាំងនេះនឹងត្រូវបាននាំខ្លួនមកផ្ដន្ទាទោស។

ប្ដីរបស់អ្នកស្រីបានស្លាប់នៅថ្ងៃទី២២ ខែតុលាជាថ្ងៃបន្ទាប់ពីគាត់ និងប្អូនប្រុសរបស់គាត់ឈ្មោះ ទិត លាភ ត្រូវបានដោះលែងពីអធិការដ្ឋាននគរបាលស្រុកស្អាង ដែលលោក ទិត លាភ និយាយថា ពួកគាត់ត្រូវបាននគរបាលវាយដំយ៉ាងដំណំខណៈកំពុងជាប់ឃុំ និងនៅតាមផ្លូវក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ជាមួយឈ្មោះ ឆាយ ស៊ីណា។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ដែលដោះស្រាយសំណុំរឿងនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ដំណោះស្រាយក្រៅប្រព័ន្ធតុលាការរវាងគ្រួសារមន្ត្រីនគរបាល និងជនរងគ្រោះដែលរងការវាយដំ នឹងមិនប៉ះពាល់ដល់ការបន្តស៊ើបអង្កេតរបស់តុលាការលើឈ្មោះ ឆាយ ស៊ីណា ភក្ដី វិទូ និង ឃាង សុងថេង ឡើយ។

លោក សម រិទ្ធីវាសនា ព្រះរាជអាជ្ញារងដែលដឹកនាំការស៊ើបអង្កេតសំណុំរឿងវាយដំ ដែលមន្ត្រីនគរបាលជាជនសង្ស័យនេះមានប្រសាសន៍ថា “ពួកគាត់អាចដកពាក្យបណ្ដឹងរដ្ឋប្បវេណីបានដែលពាក់ព័ន្ធសំណងរដ្ឋប្បវេណី ប៉ុន្តែបណ្ដឹងព្រហ្មទណ្ឌគឺនៅតែបន្ត”។

លោកបានបន្ថែមថា លោកនឹងចេញដីកាបង្គាប់ឱ្យនគរបាលទាំងនោះចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ ប្រសិនបើពួកគេមិនបានឆ្លើយតបដីកាមុនៗត្រឹមចុងសប្ដាហ៍នេះទេនោះ។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងបីនាក់នេះកំពុងរត់គេចខ្លួននៅឡើយ ដោយមិនបានទៅធ្វើការចាប់តាំងពីថ្ងៃទី២២ ខែតុលាមកម៉្លេះ។

លោកបានលើកឡើងអំពីជំនួបពិភាក្សាអំពីសំណងថា “ខ្ញុំឮអ្នកភូមិនិយាយថា គ្រួសាររបស់ប៉ូលិសទាំងបីនាក់បានទាក់ទងទៅគ្រួសារជនរងគ្រោះ” ហើយលោកមិនដឹងពីកន្លែងសម្ងំលាក់ខ្លួនរបស់ពួកគេទេ។

ក្នុងចំណោមសាច់ញាតិរបស់មន្ត្រីនគរបាលទាំងបី គ្មានអ្នកណាម្នាក់អាចទាក់ទងបានឡើយកាលពីម្សិលមិញ។ លោក ម៉ក់ ប៊ុណ្ណា មេធាវីតំណាងឱ្យនគរបាលទាំងបីនាក់បដិសេធមិននិយាយពីមូលហេតុដែលកូនក្ដីរបស់លោកស្វះស្វែងរកការដោះស្រាយនោះទេ បើទោះជាសំណុំរឿងព្រហ្មទណ្ឌនៅតែបន្តទៅមុខក៏ដោយ។

លោកបានមានប្រសាសន៍ថា ”ការចរចាអាស្រ័យលើកូនក្ដីខ្ញុំ និងគ្រួសាររបស់ពួកគាត់។ខ្ញុំគ្រាន់តែជាមេធាវីការពារសិទ្ធិរបស់ពួកគាត់ប៉ុណ្ណោះ។ពេលតុលាការអញ្ជើញខ្ញុំ ខ្ញុំនឹងទៅ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស