32.5 C
Phnom Penh

មណ្ឌល​ស្នាក់នៅ​បណ្តោះ​អាសន្នត្រូវបាន​បើក​សម្រាប់​​​ពល​ករ​ខ្មែរ​​​នៅ​​​​ប្រទេស​​​កូរ៉េ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីកម្ពុជាបានបើកមណ្ឌលស្នាក់ នៅចំនួន៣ក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ពលករចំណាកស្រុកដែលមានវិវាទនៅកន្លែងធ្វើការ ឬអ្នកដែលប្រឈមការរំលោភបំពានពីសំណាក់និយោជករបស់ខ្លួន។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា ពលកររហូតដល់៦០នាក់ត្រូវបានផ្តល់ឲ្យស្នាក់នៅក្នុងមណ្ឌលទាំងនោះដែលត្រូវបានបើកឆ្លើយតបទៅនឹងពលករដែលស្នើសុំឲ្យស្ថានទូតផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន។

លោកបានលើកឡើងនៅក្នុងសារតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា “បងប្អូនទាំងអស់ដែលជាពលករចំណាកស្រុកស្នាក់នៅមណ្ឌលទាំងនោះភាគច្រើនមានបញ្ហាពាក់ព័ន្ធការផ្លាស់ប្តូរការងារ ឬគ្រោះថ្នាក់ទាក់ទងការងារ ឬការរំលោភបំពានក្នុងការងារ” ។

លោកបានបន្ថែមថា “អំឡុងរយៈពេលស្វែងរកការងារថ្មី បងប្អូនរបស់យើងប្រឈម បញ្ហាជាច្រើនដូចជាការបង់ថ្លៃឈ្នួលផ្ទះ ខណៈពេលពួកគាត់រកលុយមិនបាន”។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា មណ្ឌលស្នាក់នៅក្នុងតំបន់ Gimhae តំបន់ Asan និងតំបន់Suwon ត្រូវបានបើកដោយមាន ការសហការជាមួយក្រសួងការងារ និងសមាគមតេជោសម្រាប់ពលករខ្មែរចំណាកស្រុក និងនិយោជិត។ មណ្ឌលទាំងនោះមួយផ្នែកត្រូវបានផ្តល់មូលនិធិដោយម្ចាស់អាជីវកម្មកូរ៉េខាងត្បូង។

លោកបានបន្ថែមថា មណ្ឌលស្នាក់នៅទី៤គ្រោងបើកនៅក្នុងក្រុងUijeongbuនៅសប្តាហ៍ក្រោយ ហើយមណ្ឌលពីរទៀត នឹងបើកនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ Suwonនៅខែមករា។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា មិនមានការកំណត់រយៈពេលស្នាក់នៅទេ

ហើយពលករទាំងប្រុស ទាំងស្រី អាចស្នាក់នៅក្នុងមណ្ឌលទាំងនោះដោយឥតគិតថ្លៃខណៈពេលពួកគាត់កំពុងស្វែងរកការងារធ្វើ។

លោកស្រី ម៉ែន ចិន្តា អាយុ៣១ឆ្នាំជនជាតិខ្មែរសញ្ជាតិកូរ៉េខាងត្បូងដែលមើលការខុសត្រូវមណ្ឌលស្នាក់នៅក្នុងតំបន់ Suwon បានមានប្រសាសន៍ថា ពលករ១៣នាក់រួមមានស្ត្រី៤នាក់បច្ចុប្បន្នកំពុងស្នាក់នៅទីនោះ។

លោកស្រីបានមានប្រសាសន៍ថា “យើងរ៉ាប់រងការចំណាយថ្លៃទឹកភ្លើង ដូច្នេះពលករចំណាកស្រុកគ្រាន់តែរួមចំណែកជាលុយកាក់ខ្លះក្នុងចំណោមពួកគេដើម្បីទិញម្ហូបមកចម្អិនក្នុងផ្ទះបាយរបស់មណ្ឌលទៅបានហើយ។

គឹម សៀ អាយុ២៤ឆ្នាំជាពលករចំណាកស្រុកដែលបានស្នាក់នៅក្នុងវិហារសាសនាគ្រិស្តបន្ទាប់ពីឈប់ធ្វើការងារនៅកសិដ្ឋានមួយបាននិយាយថា មណ្ឌលស្នាក់នៅនេះបានផ្តល់លំនឹងខ្លះដល់គាត់ខណៈពេលគាត់ស្វែងរកកន្លែងការងារផ្សេង។

គាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាព និងរីករាយក្នុងការស្នាក់នៅក្នុងមណ្ឌលនោះដែលខ្ញុំមិនចាំបាច់បង់ប្រាក់។ មណ្ឌលនេះស្ថិតក្នុងតំបន់ទីប្រជុំជនដ៏មមាញឹក ដោយមានសេវាកម្មរថភ្លើងនៅក្បែរនោះ ដូច្នេះវាងាយស្រួលក្នុងការធ្វើដំណើរផងដែរ”។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ស្ថានទូតក៏មានគម្រោងបើកមណ្ឌលស្នាក់នៅច្រើនទៀតផងដែរសម្រាប់ស្ត្រីខ្មែរដែលលែងលះប្តីរបស់ខ្លួន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស