30.4 C
Phnom Penh

លោក កឹម សុខា វិល​ត្រឡប់ទៅ​ផ្ទះវិញក្រោយការ​​​លើក​លែងទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានឱកាសបានសម្រាកនៅផ្ទះយប់ដំបូងចាប់តាំងពីខែឧសភាមក ក្រោយពីលោកទទួលបានព្រះរាជទានលើកលែងទោសកាលពីថ្ងៃសុក្រ សម្រាប់ការគេចវេះមិនចូលខ្លួនឱ្យតុលាការសាកសួរ ប៉ុន្តែបទឈប់បាញ់នយោបាយដែលផុយស្រួយ និងការស៊ើបអង្កេតបើកចំហពាក់ព័ន្ធអំពើពុករលួយមានន័យថា លោកប្រហែលជាមិនទាន់រួចផុតពីពិរុទ្ធភាពនៅឡើយទេ។

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានតុលាការចោទប្រកាន់កាលពីខែកញ្ញា ពីបទមិនគោរពដីកាតុលាការជាច្រើនលើកដែលកោះហៅលោកឱ្យចូលខ្លួនដើម្បីឆ្លើយបំភ្លឺក្នុងនាមសាក្សីក្នុងសំណុំរឿងបទសញ្ចរកម្មរបស់ស្រីកំណាន់លោក ហើយទីបំផុតលោកត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែទោះបីជាលោកមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រក្ដី។

cam-photo-frontលោកបានប្ដឹងទាស់សាលក្រមនេះខណៈជាប់នៅក្នុងទីស្នាក់ការគណបក្សដែលលោកបានសម្ងំលាក់ខ្លួនចាប់តាំងពីនគរបាលប៉ុនប៉ងចាប់ខ្លួនលោកនៅទីនោះកាលពីខែឧសភាមក។ បន្ទាប់ពីសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យលោករៀបចំព្រះរាជទានលើកលែងទោស លោកក៏សម្រេចដូចបំណងនៅថ្ងៃបន្ទាប់។

លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានអង្គរក្សសម្រាប់គណបក្សនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា បានសម្រាកនៅផ្ទះយប់ដំបូងរបស់លោកកាលពីថ្ងៃសៅរ៍។

ប៉ុន្តែប្រធានស្ដីទីនៃគណបក្សប្រឆាំងរូបនេះបានត្រឡប់ទៅទីស្នាក់ការគណបក្សវិញកាលពីព្រឹកម្សិលមិញ ដើម្បីជួបជាមួយសកម្មជនយុវជនមួយក្រុមនៃគណបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ លោកបានច្រានចោលការប៉ាន់ស្មានថា ការលើកលែងទោសរបស់លោកទទួលបានពីគណបក្សកាន់អំណាចដោយសារមានថ្នូរដោះដូរ។ លោកបានបន្តថា “អ្នកខ្លះសង្ស័យថា វាដោយសារតែផែនទី ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថា គ្មានលក្ខខណ្ឌទេ”។

លោក កឹម សុខា បានចេញមុខលើកឡើងពីផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ដើម្បីកំណត់ព្រំដែនមានវិវាទជាមួយវៀតណាម។ រដ្ឋាភិបាលទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់ផែនទីផ្សេងក្រៅពីផែនទីដែលមានចែងទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលកន្លងមកតែងតែវាយប្រហារឥតប្រណីទៅលើរដ្ឋាភិបាលសូម្បីកំហុសតូចតាចបំផុតទាក់ទិនបញ្ហានេះ បែរជាគាំទ្រការប្រើប្រាស់ផែនទីផ្សេងដោយមិនអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៅវិញ។

លោកបានមានប្រសាសន៍អំពីការឆ្លើយឆ្លងរបស់លោកជាមួយលោក ហ៊ុន សែន ថា “យើងបានព្រមព្រៀងគ្នា ហេតុអ្វី? ដោយសារតែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងខ្ញុំមានគោលដៅដូចគ្នានៅក្នុងការស្វែងរកទស្សនវិស័យរួម និងការបង្កើតឯកភាពជាតិសម្រាប់ពេលអនាគត”។

ដោយពេលនេះគេចផុតពីការចាប់ខ្លួនដែលជិតកើតមានឡើង លោក កឹម សុខា ថ្លែងថា លោកមានគម្រោងចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងជួបជាមួយសមាជិកគណបក្សប្រឆាំង ព្រមទាំងសកម្មជនសិទ្ធិមនុស្សដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។

អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូនិយាយថា បច្ចុប្បន្នមាន “អ្នកទោសនយោបាយ” បែបនេះចំនួន២៧រូបដែលកំពុងជាប់ពន្ធនាគារពីបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សរបស់លោកសង្ឃឹមថា អ្នកទោសទាំងនោះនឹងទទួលបានព្រះរាជទានលើកលែងទោសដែរ ប៉ុន្តែមិនបានបញ្ជាក់លំអិតទេ។

ទោះជាយ៉ាងណា ការលើកលែងទោសរបស់លោកប្រហែលមិនមែនជាការធានាសេរីភាពដូចដែលលោកចង់បានឡើយ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានស៊ើបអង្កេតស្រីកំណាន់របស់លោកពីបទសញ្ចរកម្ម និងលោក កឹម សុខា ខ្លួនឯងទាក់ទិនការចោទប្រកាន់ថា លោកបានយកប្រាក់មួយចំនួនរបស់មូលនិធិគណបក្សទៅឱ្យនាង មិនបានលើកឡើងអំពីការដកការស៊ើបអង្កេតរបស់ខ្លួននោះទេ។ អង្គភាពនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

ប៉ុន្តែលោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា រដ្ឋាភិបាលអាចធ្វើឱ្យការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយចាប់ផ្ដើមឡើងវិញយ៉ាងងាយស្រួលដើម្បីដាក់សម្ពាធលើលោក កឹម សុខា ប្រសិនបើស្ថានភាពធូរស្រាលផ្នែកនយោបាយនាពេលបច្ចុប្បន្នប្រែទៅជាតានតឹងវិញ។ “វាជារឿងនយោបាយ ដូច្នេះវាអាស្រ័យលើនយោបាយ។ បើកម្ដៅនយោបាយកើនឡើងម្ដងទៀត បណ្ដឹងផ្លូវច្បាប់នឹងចេញមកទៀត។ សាររបស់ខ្ញុំគឺថា ‘បើអ្នកឯងប្រឆាំង ខ្ញុំនឹងនាំអ្នកឯងទៅតុលាការវិញ'”។

អ្នកវិភាគរូបនេះបានបន្តថា រដ្ឋាភិបាលប្រហែលជាលើកលែងទោសលោក កឹម សុខា ដូចដែលលោកបានអះអាង ដោយគ្មានទទួលបានសម្បទានណាមួយជាថ្នូរមកវិញ ហើយរដ្ឋាភិបាលពេញចិត្តដែលគណបក្សសង្គ្រោះជាតិងាយស្រួលគ្រប់គ្រងនៅពេលនេះ។ ប៉ុន្តែលោកគិតថា វាទំនងជាមិនដូច្នោះឡើយ។

លោកមានប្រសាសន៍ទៀតថា “ជានយោបាយ លោក កឹម សុខា ត្រូវតែនិយាយរឿងនោះ ប៉ុន្តែខ្ញុំគិតថាមានកិច្ចព្រមព្រៀងនៅពីក្រោយនោះ។ ក្នុងរយៈពេល២០ឆ្នាំមកនេះ គ្មានកិច្ចព្រមព្រៀងណាដែលថាគណបក្សប្រជាជនមិនទទួលបានអត្ថប្រយោជន៍ខ្លះនោះទេ។ បទពិសោធន៍បង្ហាញបែបនោះ”៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស