28.5 C
Phnom Penh

អ្នក​​​ចម្រៀង​​​ក្នុង​​​ស្រុក​​​​​​សង្ឃឹមលើ​តន្ត្រី​​​ Jazz ​​​សម្រាប់ការ​បង្កើត​​​បទ​​​មិនចម្លង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈការសំដែងនៅសល់ពេលមិនដល់មួយសប្តាហ៍នោះ លោក Jimmy Kiss បានហាត់សមទាំងអារម្មណ៍ភិតភ័យ។ជាកូនប្រុសរបស់តន្ត្រីករខ្មែរដ៏ល្បីល្បាញម្នាក់នោះ លោកបាននិយថា លោកចេះច្រៀងដោយមិនដឹងខ្លួនពេលកំពុងដើរ។ លោកមិនចាំទេថា តើពេលណាដែលលោកចេះច្រៀង ឬក៏ថា តើលោកបានរៀនពីនរណានោះ។

នៅកន្លែងហាត់សមមួយកាលពីសប្តាហ៍មុនលោកបានបង្ហើរបទចម្រៀងដំបូងរបស់លោក ជាបទកែច្នៃថ្មីចេញពីបទសម័យដើមរបស់លោក សីុន សីុសាម៉ុត ដោយមានអមកាយវិការក្រវីដៃ និងធ្វើដៃជាសញ្ញាបង្ហាញក្តីស្រឡាញ់ទៅកាន់អ្នកទស្សនាដែលកំពុងញញឹម។ សំឡេងរបស់លោកអាចបត់បែនបានគ្រប់ទម្រង់នៃបទរបស់អ្នកចម្រៀងមនោសញ្ចេតនាដ៏ល្បីល្បាញរូបនេះ ប៉ុន្តែមានការកែច្នៃខ្លះៗ។

លោកបាននិយាយថា ទី២ តាមបែបអាមេរិកដោយមានប៉ារ៉ូលជាភាសាអង់គ្លេស គឺវាកាន់តែលំបាក។  “ខ្ញុំត្រូវតែគិតផងច្រៀងផង” ហើយផ្តោតលើការបញ្ចេញសំឡេងដែលធ្វើឲ្យលោកកាន់តែលំបាកនៅក្នុងធ្វើឲ្យបទចម្រៀងនេះមកក្លាយជារបស់លោកផ្ទាល់។

អ្វីដែលធ្វើឲ្យលោក Jimmy Kiss កាន់តែមានអារម្មណ៍ភិតភ័យបន្ថែមទៀតនោះ គឺការសំដែងបែបថ្មីសម្រាប់លោក។ ដូចអ្នកចម្រៀងខ្មែរភាគច្រើននៅក្នុងមហោស្រពតន្ត្រី Jazz អន្តរជាតិ (International Jazz Festival) ក្នុងរាជធានីភ្នំពេញដែរ តារាចម្រៀងនិងតន្ត្រីករមានវ័យ៣២ឆ្នាំរូបនេះ ដែលស្គាល់តាមរយៈបទចម្រៀងប៉ុប “Baby I’m Sorry” នោះ មិនដែលសំដែងបែប Jazz ទេពីមុនមក។

ដោយធ្វើកាយវិការភ័យញ័រនៅក្នុងស្ទូឌីយោក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនោះ លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មុនពេលហាត់សមថា “ខ្ញុំមានអារម្មណ៍អរផងភ័យផង”។ សម្រាប់លោក សូរសំឡេងគឺជារឿងដែលធ្វើឲ្យលោកភ្ញាក់ខ្លួនឡើង ច្រើនជាងបទកែច្នៃថ្មី។ លោកបាននិយាយទៀតថា “Jazz គឺជាសូរសំឡេងចាក់ចំបេះដូងរបស់ខ្ញុំ។ ខ្ញុំចូលចិត្តវា”។

លោក Jimmy Kiss ជាមួយនឹងអ្នកចម្រៀងបីនាក់ផ្សេងទៀតឈ្មោះ  កែវ សុភា Nikki Nikki និង ម៉ា ច័ន្ទបញ្ញា ត្រូវបានជ្រើសរើសឲ្យចូលមកសំដែងក្នុងមហោស្រពតន្ត្រីJazz អន្តរជាតិលើកដំបូងនេះ ដោយលោកSteve Gargadennec ជាអ្នកបង្កើតក្រុមតន្ត្រី Klap YaHandz ដែលជួបពួកគេនៅក្នុងមហោស្រពអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងកាលពីដើមឆ្នាំនេះ។

លោក Steve Gargadennec ដែលបានចំណាយពេល១០ឆ្នាំក្នុងការផ្សព្វផ្សាយតន្ត្រី Jazz នៅក្នុងប្រទេសចិន មានគម្រោងចង់ឲ្យ លោក Jimmy Kiss បញ្ចេញសំឡេងធម្មជាតិ ក៏ដូចជាចង់ឲ្យអ្នកចម្រៀងផ្សេងទៀតដែលនឹងសហការសំដែងជាមួយលោក Jimmy Kiss នៅរាត្រីថ្ងៃព្រហស្បតិ៍ បញ្ចេញទេពកោសល្យសំឡេងរបស់ខ្លួន។

រាត្រីនោះដែលលោកហៅថា “Khmer Jazz Experiment “គឺបង្កើតឡើងដើម្បីពិសោធមើលថា តើពលរដ្ឋវណ្ណៈកណ្តាលនៅកម្ពុជាត្រៀមខ្លួនរួចហើយ ឬនៅសម្រាប់អ្វីផ្សេងក្រៅពីចម្រៀងខ្មែរប៉ុប និងចម្រៀងជាភាសាខ្មែរដែលចម្លងតាមតារាកំពូលៗអន្តរជាតិ។

លោកបានមានប្រសាសន៍ថា “ពេលលោកអ្នកចង់បង្ហាញអំពីផលិតផលវប្បធម៌ ដែលគេមិនស្គាល់ទាល់តែសោះ អស់លោកអ្នកត្រូវតែមានអ្វីជាសំអាង”។លោកបានបន្ថែមថា “ជ្រើសរើសសិល្បករពិសេសៗ ជ្រើសរើសបទចម្រៀងដែលគ្រប់គ្នាស្គាល់ ហើយបន្ទាប់មករៀបចំវា”។

លោក Steve Gargadennec បានលើកឡើងទៀតថា លោកមានសង្ឃឹមខ្លាំង។ នៅក្នុងឆ្នាំ១៩៩៥គ្មានក្លឹបណាមួយមានតារាចម្រៀង Jazz នោះទេក្នុងទីក្រុងសៀងហៃ។ ពេលលោកចាកចេញពីប្រទេសចិននៅមួយទសវត្សរ៍ក្រោយមកសិស្សតូរ្យតន្ត្រីនាំគ្នាទិញស៊ីឌីនៅកន្លែងប្រគំតន្ត្រី Jazz  ហើយអ្នកល្បីៗឈ្មោះជាច្រើនបានធ្វើឲ្យមិត្តភក្តិរបស់ខ្លួនចាប់អារម្មណ៍តាមរយៈការចូលរួមសំដែងតន្ត្រី Jazz នេះ។

ដោយសំដៅដល់មហោស្រព Java Jazz Festival ដ៏ល្បីល្បាញទូទាំងពិភពលោករបស់ទីក្រុងហ្សាការតានោះ លោកមានប្រសាសន៍ ថា “ទីផ្សារតន្ត្រី Jazz នៅតំបន់អាស៊ី ប្រសើរជាងទីផ្សារតន្ត្រី Jazz នៅតំបន់អឺរ៉ុប។ នៅឥណ្ឌូណេស៊ីមាន៥០.០០០នាក់”។ លោកបានបន្ថែមទៀតថា “ខ្ញុំព្យាយាមបង្ហាញទៅកាន់តន្ត្រីករក្នុងស្រុក និងតន្ត្រីករដែលទើបតែចាប់ផ្តើមលេចពន្លកថា តន្ត្រី Jazz សម្រាប់ពិភពលោកទាំងមូល។ មិនមែនសម្រាប់អាមេរិក ហើយក៏មិនមែនសម្រាប់អឺរ៉ុបដែរ។ តំបន់នីមួយៗមានផ្ទាល់ខ្លួន”។

សម្រាប់ក្រុមដែលនឹងសំដែងក្នុងសប្តាហ៍នេះ លោកបានដាក់ពួកគេឲ្យច្រៀងបទលាយឡំគ្នា ដោយឲ្យអ្នកចម្រៀងនីមួយៗច្រៀងបែបបស្ចិមប្រទេស និងបទចម្រៀងខ្មែរសម័យដើមដែលយកមកកែច្នៃឡើងវិញឲ្យមានទម្រង់ជាតន្ត្រី Jazz ជាមួយនឹងបទចម្រៀងមួយចំនួនដែលពួកគេកែច្នៃដោយខ្លួនឯងផ្ទាល់។

សម្រាប់កញ្ញា កៅ សុភា ដែលជាអ្នកចម្រៀងក្មេងជាងគេ និងដែលជាអ្នកចម្រៀង Jazz តាមរដូវកាលតែមួយគត់របស់លោក  Steve Gargadennec ត្រូវច្រៀងបទបស្ចិមប្រទេសមិនមែនបែបខ្មែរទេពេលនាងចាប់ផ្តើមច្រៀង។ជាកូនស្រីរបស់ម្ចាស់ភោជនីយដ្ឋានចិនមួយកន្លែងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កញ្ញា កៅ សុភា បាននិយាយថា ឪពុកម្តាយរបស់នាងតែតែងតែលេង Frank Sinatra នៅផ្ទះ។

ដោយលែងចូលចិត្តបទចម្រៀងប៉ុប នាងបានចាប់ផ្តើមស្វែងរកវីដេអូតាមគេហទំព័រយូធ្យូបនៅក្នុងវិទ្យាល័យរបស់នាង។ ថ្ងៃមួយនាងបានជួបប្រទះតារាចម្រៀង Amy Wine-house ។ នាងបាននិយាយថា មិនយូរប៉ុន្មានក្រោយមក នាងបានចាប់ផ្តើមបង្កើតក្រុមមួយជាមួយមិត្តភក្តិរបស់នាងដោយសំដែងដំបូងតាមពិធីនៅក្នុងសាលារៀន។

ដូចលោក Jimmy Kiss ដែរ ការយល់ឃើញរបស់នាងចំពោះតន្ត្រី Jazz គឺថា វាមានភាពមិនចម្លងពីគេជាងបទចម្រៀងដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើន។ដោយឈរអៀនប្រៀននៅកៀនឆាក អ្នកចម្រៀងវ័យ១៨ឆ្នាំរូបនេះបាននិយាយថា ការច្រៀងរបស់នាងគឺជាវិធីដើម្បីភ្ជាប់ទំនាក់ទំនងនឹងអ្វីៗដែលនាងជាធម្មតាគ្មាន។

ចម្រៀង Original Song ដំបូងរបស់នាងគឺបទ “នរក (Hell)”។នាងបាននិយាយថា ខ្ញុំចូលចិត្តចម្រៀងដែលមិនចម្លងពីគេ។ សំឡេង និងឧបករណ៍ទាំងនេះបានចាក់ដោតបេះដូងប្រជាពលរដ្ឋ”។ ប៉ុន្តែ នាងបានលើកឡើងថា បទចម្រៀងមួយចំនួនដែលនាងគ្រោងយកមកច្រៀងនៅថ្ងៃព្រហស្បតិ៍ គឺមានការលំបាក សម្រាប់នាង ហើយនាងនៅមិនទាន់ច្បាស់នៅឡើយទេ ថា តើមនោសញ្ចេតនាដែលនាងព្យាយាមដាក់បញ្ចូលទៅក្នុងការច្រៀងរបស់នាងនឹងអាចទាក់ទាញចំណាប់អារម្មណ៍បាន ឬក៏អត់នោះ។

នាងបាននិយាយថា “ខ្ញុំពិតជាភ័យខ្លាំងណាស់។ វាគឺជាមហោស្រពតន្ត្រី Jazz កម្ពុជា។ វាជាជំហានដំបូងនៅក្នុងការធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តវា”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស