39.4 C
Phnom Penh

លោក ឌូទើតេ ការ​ពារ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀនរបស់​លោក​ ពេលមក​ដល់​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន និងស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងរាជធានីនេះ កន្លែងដែលប្រធានាធិបតីរូបនេះបានថ្លែងសុន្ទរកថាទៅកាន់ជនជាតិហ្វីលីពីនរស់នៅកម្ពុជាឲ្យការពារសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។

ពេលថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើននៅក្នុងសាលមួយនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ា លោកបានមានប្រសាសន៍ទាក់ទិននឹងការបង្ក្រាបគ្រឿងញៀននៅហ្វីលីពីនថា “ប្រសិនបើអ្នកឯងបំផ្លាញប្រទេសរបស់យើង ហើយប្រសិនបើអ្នកឯងបំផ្លាញយុវជនជំនាន់ក្រោយរបស់យើងអ៊ីចឹងតើនរណានឹងជាអ្នកថែទាំការពារសង្គម?”។

លោកបានមានប្រសាសន៍ទាក់ទិននឹងប្រភេទថ្នាំមេតំហ្វេតាមីនដែលមានការប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីនថា “តើលោកអ្នកដឹងទេ ការប្រើប្រាស់ថ្នាំ shabu ជាប្រចាំ នឹងធ្វើឲ្យខួរក្បាលមនុស្សជាតិចុះអន់ថយ”។លោកបានបន្ថែមថា រដ្ឋាភិបាល បរទេសដែលរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ហាក់បីដូចជាមិនយល់ពីភាពធ្ងន់ធ្ងរនេះទេ។

លោកបានថ្លែងថា “ប្រទេសផ្សេងចាត់ទុកវាមិនសំខាន់ទេ ប៉ុន្តែ ខ្ញុំមានអ្នកញៀនថ្នាំ៤លាននាក់នៅទីនេះដែលត្រូវដោះស្រាយ។ វាគឺជាការលើកឡើងស្របច្បាប់ ពេលលោកអ្នកនិយាយថា លោកអ្នកនឹងសម្លាប់នរណាម្នាក់ដែលចង់សម្លាប់ប្រទេសរបស់លោក អ្នក។ តើការនិយាយដូច្នេះវាខុសតាំងពីពេលណាមក?”។

អ្នកដែលសង្ស័យថា ចែកចាយ ឬអ្នកប្រើប្រាស់ថ្នាំញៀនជាង៥.៩០០នាក់ត្រូវបាន សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន របស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខែកក្កដាមក នេះបើយោងតាមនគរបាលជាតិហ្វីលីពីន។ លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បាននិងកំពុងប្រឆាំងចំពោះការរិះគន់របស់បរទេសមកលើយុទ្ធនាការដ៏បង្ហូរឈាមនេះរាប់ខែមកហើយ។

Philippine President Rodrigo Duterte greets people before a meeting with the Filipino Community at a hotel in Phnom Penh, December 13, 2016. REUTERS/Samrang Pring

បន្ទាប់ពីអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យប្រធានាធិបតីរូបេនះបញ្ចប់ការសម្លាប់នៅខាងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងយុទ្ធនាការ នេះនោះ លោកបានលើកឡើងថា វាប្រហែល ជាដល់ពេលត្រូវផ្តាច់ខ្លួនចេញពីស្ថាប័នសាកលនេះហើយ។ លោកមានប្រសាសន៍នៅពេលនោះថា “ខ្ញុំនឹងបង្ហាញទៅកាន់ពិភពលោកថា អ្នកឯងគឺជាអ្នកជំនាញដ៏ឆ្កួតលីលា”។

ឥឡូវ ប្រធានាធិបតីរូបនេះមានកាលវិភាគដ៏រវល់ក្នុងរាជធានីភ្នំពេញ រួមមានដូចជាការជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ”វិមានសន្តិភាព” របស់លោក និងការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ជាដើម។ យោងតាមព្រឹត្តិបត្រក្រុងម៉ានីលបានឲ្យដឹងថា ប្រទេសទាំងពីររំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅវិញទៅមកស្តីពីវិស័យទេសចរណ៍ ការអភិវឌ្ឍកីឡា ការការពារពលករ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងបទល្មើសឆ្លងដែន។

លោក គ្រីស្តូហ្វឺ ម៉ុនតេរ៉ូ (Christopher Montero) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាត្រូវបានដកស្រង់សម្តីមកថា  កិច្ចព្រមព្រៀងស្នើឡើងស្តីពីបទល្មើសឆ្លងដែននេះ មានបំណងពង្រឹងទំនាក់ទំនងមិត្តភាពរវាងនគរបាលហ្វីលីពីននិងនគរបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំង “អំពើភេរវកម្ម និន្នាការជ្រុលនិយម បទល្មើសហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងការជួញដូរគ្រឿងញៀន”។

កម្មវិធីនៃដំណើរទស្សនកិច្ចរបស់ស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ មិនសូវជាមានភាពច្បាស់លាស់ទេកាលពីម្សិលមិញ បន្ទាប់ពីស្តេចប្រដាល់រូបនេះបានផ្អាកគម្រោងជួបជាមួយសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ទាំងលោក  រ៉ូឌ្រីហ្គោ ឌូទើតេ និងលោក មែន្នី ប៉ាកគីអាវ សុទ្ធតែជាបុគ្គលបង្កភាពចម្រូងចម្រាសលើឆាកអន្តរជាតិ ប៉ុន្តែ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់ខ្លួន។ លោក មែន្នី ប៉ាកគីអាវ បានបាត់បង់កិច្ចសន្យាឧបត្ថម្ភជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា Nike  កាលពីខែកុម្ភៈ បន្ទាប់ពីលោកបានលើកឡើងថា អ្នកស្រឡាញ់ភេទដូចគ្នា “អាក្រក់ជាងសត្វធាតុទៅទៀត” ។

លោក ហ៊ុន សែន បាន ក្លាយជាបុគ្គលដែលត្រូវចុះផ្សាយទូទាំងពិភពលោកកាលពីខែឧសភា ឆ្នាំ២០១៥ ពេលលោកបានរិះគន់សេចក្តីសម្រេចនៅក្នុងការដាក់ពិន្ទុទៅលើអ្វីដែលត្រូវបានចាត់ទុកថា ជា “ការប្រកួតប្រដាល់ប្រចាំសតវត្សរ៍” រវាង កីឡាករ មែន្នី ប៉ាកគីអាវ និងកីឡាករប្រដាល់អាមេរិក ផ្លយមេវេឌ័រ ដោយឲ្យ មេវេឌ័រ ជាអ្នកឈ្នះ។ លោកនាយករដ្ឋមន្ត្រីបានលើក ឡើងថា លោកបានភ្នាល់៥.០០០ដុល្លារ ប៉ុន្តែ លោកនិយាយថា លោកមិនឲ្យលុយឡើយដើម្បីជាការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស