29.6 C
Phnom Penh

លោក កឹម សុខា ចេញទៅ​បរទេស​ជាលើក​ដំបូង​​ចាប់​តាំងពី​ទទួល​បាន​​ព្រះរាជទាន​លើក​លែង​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអ្នកនាំពាក្យគណបក្សបានឱ្យដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរតាមយន្តហោះទៅប្រទេសថៃកាលពីម្សិលមិញ ដើម្បីព្យាបាលធ្មេញ ជាលើកដំបូងដែលអនុប្រធានគណបក្សប្រឆាំងរូបនេះបានចាកចេញពីប្រទេសកម្ពុជា ចាប់តាំងពីលោកទទួលបានព្រះរាជទានលើកលែងទោសកាលពីថ្ងៃទី២ ខែធ្នូមក។

លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសដោយកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីខែកញ្ញា ពីបទខកខានក្នុងការចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរទាក់ទិនសំណុំរឿង ”សញ្ចរកម្ម” មួយដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជារឿងនយោបាយ។

បន្ទាប់ពីសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិជាច្រើនខែដើម្បីគេចពីការចាប់ខ្លួន លោកទទួលបានព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានចូលប្រជុំសភាវិញចាប់តាំងពីពេលនោះមក។

លោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក និងជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានឡើងជិះជើងយន្តហោះពេលព្រឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងស្ថិតនៅក្រៅប្រទេសជាង១សប្ដាហ៍។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ”គាត់ទៅប្រទេសថៃដើម្បីពិនិត្យសុខភាព។ គាត់ឈឺធ្មេញខ្លាំង”។ លោកបានបន្តថា លោក កឹម សុខា គ្មានគម្រោងជួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការបានចេញដីកាឃាត់ខ្លួនកាលពីចុងឆ្នាំមុន និងដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស