39.4 C
Phnom Penh

អាជ្ញាធរ​​​ផ្តល់​​​លិខិត​​បញ្ជាក់​កម្មសិទ្ធិ​​​​ផ្ទះ​ដល់​​​ពលរដ្ឋ​​​នៅ​​​អគារ​​​ប៊ូឌីងស តែ​​​មិន​​​ទាន់​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មានសប្ដាហ៍បន្ទាប់ពីមន្ត្រីមកពីក្រសួងរៀបចំដែនដីបានចុះទៅពិនិត្យមើលអគារប៊ូឌីងសក្នុងរាជធានីភ្នំពេញដើម្បីប្រមូលឯកសារ និងវាស់វែងផ្ទះល្វែងនោះ មន្ត្រីមួយចំនួនបានត្រឡប់មកវិញនៅសប្ដាហ៍នេះដើម្បីផ្តល់លិខិតបញ្ជាក់កម្មសិទ្ធិដល់អ្នកដែលប្រឈមនឹងការបណ្ដេញចេញ។

យោងតាមមន្ត្រីក្រសួងម្នាក់បានឱ្យដឹងថា ប៉ុន្តែប័ណ្ណកម្មសិទ្ធិផ្លូវការនឹងមិនទាន់ផ្ដល់ឱ្យទេ លុះណាតែអគារកម្ពស់២១ជាន់ដែលនឹងចំណាយពេលសាងសង់ដល់ទៅ៤ឆ្នាំនោះជំនួសឱ្យអគារលំនៅដ្ឋានដែលសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាបនោះរួចរាល់។

ដោយសំដៅដល់ក្រុមហ៊ុន Arakawa ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុនដែលគ្រប់គ្រងគម្រោងដែលមានទឹកប្រាក់៨០លានដុល្លារនោះ លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានមានប្រសាសន៍ថា ”យើងផ្ដល់លិខិតបញ្ជាក់កម្មសិទ្ធិដល់ពួកគាត់ដើម្បីឱ្យពួកគាត់ងាយស្រួលធ្វើការចរចាជាមួយក្រុមហ៊ុន”។

លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា ប័ណ្ណកម្មសិទ្ធិគួរផ្ដល់ឱ្យនៅពេលអគារថ្មីសាងសង់រួចរាល់”។

អ្នកស្រី ឌី សុផាន់ណារ៉ាម៉ានី តំណាងអ្នកភូមិបាននិយាយថា ម្ចាស់ផ្ទះល្វែងប្រហែល៦០ទៅ៧០ភាគរយទទួលបានលិខិតបញ្ជាក់កម្មសិទ្ធិកាលពីរសៀលម្សិលមិញ គឺរយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមមន្ត្រីបានចាប់ផ្ដើមដំណើរការចែកជូន។

cam-photo-white-buildingអ្នកស្រីបាននិយាយថា “គ្រប់គ្នាសប្បាយរីករាយណាស់។ វាមិនខុសពីទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។ អ្វីដែលសំខាន់នោះគឺថា វាជាភ័ស្តុតាងបង្ហាញថា នរណាជាម្ចាស់ផ្ទះ។ ប្រសិនបើយើងទទួលបានលិខិតបញ្ជាក់កម្មសិទ្ធិ នោះយើងអាចលក់ទៅឱ្យពួកគេបាន”។

ទោះយ៉ាងណា មានកង្វល់ក្នុងចំណោមពលរដ្ឋមួយចំនួនខណៈដែលពួកគេបានពិនិត្យក្រដាសស្នាម។ អ្នកស្រី អ៊ុន សុភាព អាយុ៥០ឆ្នាំ មិនសប្បាយចិត្តអំពីការចែកនេះទេ។

អ្នកស្រីបាននិយាយថា “ផ្ទះរបស់អ្នកផ្សេងដែលស្រដៀងគ្នានឹងផ្ទះរបស់ខ្ញុំដែរ គេទទួលបានទំហំដល់ទៅជាង២០ម៉ែត្រក្រឡា។ហេតុអ្វីបានជាខ្ញុំទទួលបានតែ១៨ម៉ែត្រក្រឡា? ខ្ញុំចង់ឱ្យគេវាស់វែងផ្ទះរបស់ខ្ញុំឡើងវិញ”។

អគារប៊ូឌីងស ដែលចាស់ទ្រុឌទ្រោមស្ថិតនៅកណ្ដាលរាជធានីភ្នំពេញនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៣ ហើយមានប្រជាជនរាប់រយគ្រួសាររស់នៅ និងមានកន្លែងប្រកបអាជីវកម្មតូចៗផងដែរ។ តម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីអគារនេះ ដោយសារតែបារម្ភអំពីសុវត្ថិភាពកាលពីខែកញ្ញា ឆ្នាំ២០១៤។

លោក កើត សារ៉េត បានបញ្ជាក់ជាថ្មីពីជំហររបស់ក្រសួងកាលពីម្សិលមិញថា ពលរដ្ឋដែលមិនចង់រង់ចាំអាផាតមិននៅអគារថ្មី ពួកគាត់អាចជ្រើសរើសទិញបានពីក្រុមហ៊ុន Arakawa។

ប៉ុន្តែលោក ខេង ងុន អនុប្រធានផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Arakawa បានប្រាប់អ្នកយកព័ត៌មានថាថ្មីថា ក្រុមហ៊ុនគ្មានបំណងទិញផ្ទះពីប្រជាពលរដ្ឋទេ។ លោកបាននិយាយកាលពីដើមខែនេះថា ”យើងចង់សាងសង់ផ្ទះសម្រាប់ពួកគាត់។ នេះជាបំណងតាំងពីដំបូងមកម៉្លេះ”។

លោកបានបន្ថែមថា “វាជាទីផ្សារសេរី ដូច្នេះពួកគាត់ចង់លក់ឱ្យនរណាក៏បាន។ អ្នកទិញថ្មីនឹងរង់ចាំទទួលអាផាតមិនថ្មី”។

នៅពេលទាក់ទងកាលពីម្សិលមិញ លោកបានថ្លែងថា លោកមិនមានព័ត៌មានបច្ចុប្បន្នភាពអំពីអគារប៊ូឌីងសនេះទេ ហើយក៏ “មិនជាប់ពាក់ព័ន្ធក្នុងគម្រោងនេះទៀតដែរ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ឬក៏ផ្ដល់ព័ត៌មានលម្អិតសម្រាប់ទាក់ទងតំណាងក្រុមហ៊ុនដែលបច្ចុប្បន្នកំពុងធ្វើការលើគម្រោងនេះឡើយ។

គេនៅតែមិនទាន់ច្បាស់ថា តើគេអាចប្រើលិខិតបញ្ជាក់កម្មសិទ្ធិជំនួសឱ្យប័ណ្ណកម្មសិទ្ធិដើម្បីលក់ផ្ទះល្វែងនៅក្នុងអគារនេះបានដោយរបៀបណានោះ។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីបានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬមិនអាចទាក់ទងបានឡើយ។

លោកស្រី Jessica Sercombe ទីប្រឹក្សាគម្រោងមកពីសមាគមធាងត្នោត ជាអង្គការសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា របាយការណ៍ខុសគ្នាដែលទទួលបានពីក្រសួង និងក្រុមហ៊ុន Akarawa អំពីការទិញនោះ គឺជាការបារម្ភ។

លោកស្រីបានថ្លែងថា “ដោយទទួលបានព័ត៌មានខុសគ្នា និងកង្វល់ពីសហគមន៍កាលពីមុននោះ មានមន្ទិលសង្ស័យថា បញ្ហាដូចនេះនឹងកើតឡើង”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស