Opinion

លោក សម រង្ស៊ី​​ ត្រូវបាន​កាត់​ទោស​​ឲ្យជាប់ពន្ធនាគារ​បន្ថែម​ពីលើទោសចាស់​ដែល​មានស្រាប់​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីម្សិលមិញ ដោយបន្ថែមពីលើទោសចាស់ពីរឆ្នាំ ដែលលោកបានគេចដោយការនិរទេសខ្លួន។ លោកត្រូវបានផ្តន្ទាទោសជាមួយអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោកពីរនាក់ទៀត ពាក់ព័ន្ធវីដេអូដែលបង្ហោះនៅលើអុីនធឺណិតកាលពីឆ្នាំមុន។

ដីកាបង្គាប់មួយទៀតឲ្យចាប់ខ្លួន លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងត្រូវបានរារាំងមិនឲ្យចូលក្នុងប្រទេសវិញនោះ ក៏ត្រូវបានចេញដែរអំឡុងពេលកាត់ទោស។

ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ព្រមទាំងជំនួយការពីរនាក់ទៀតដែលធ្វើការលើទំព័រហ្វេសប៊ុករបស់លោក ត្រូវបានផ្តន្ទាទោសកំបាំងមុខដោយចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត ពីបទសមគំនិតទាក់ទិនបទល្មើសប្រព្រឹត្តដោយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ដែលលើកឡើងពីសន្ធិសញ្ញាព្រំដែនក្លែងក្លាយនៅក្នុងវីដេអូរិះគន់រដ្ឋាភិបាល ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីខែសីហា ឆ្នាំ២០១៥។

cam-photo-rainsy-jump-channaជំនួយការទាំងពីរនាក់នេះ ឈ្មោះ សម្បត្តិ សត្យា ដែលត្រូវបានចោទប្រកាន់ពីបទបង្កើតវីដេអូ និងឈ្មោះ អុឹង ជុងលាង ដែលជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នោះ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលប្រាំឆ្នាំដែរ ប៉ុន្តែចៅក្រម លាង សំណាត បានលើកឡើងថា ពួកគេនឹងអនុវត្តទោសតែបីឆ្នាំប៉ុណ្ណោះ ដោយគ្មានការពន្យល់ពីការសម្រេចរបស់លោក។ ជំនួយការទាំងពីររូបនេះ ក៏ត្រូវបានគេជឿថា កំពុងរស់នៅក្នុងប្រទេសបារាំងដែរ ហើយឥឡូវជាបុគ្គលដែលគេតាមចាប់ខ្លួននៅកម្ពុជា។

នៅក្នុងវីដេអូ លោក ហុង សុខហួរ បានបង្ហាញពីឯកសារ ដែលមានការបកប្រែខុសមួយពាក្យនៅក្នុងសន្ធិសញ្ញាឆ្នាំ១៩៧៩ ដែលអះអាងថា រដ្ឋាភិបាលបានកាត់ដីមួយផ្នែកធំទៅឲ្យវៀតណាម។

សមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ កាលពីខែមុន ពីបទក្លែងឯកសារសាធារណៈ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះនេះ។

លោក សមរង្ស៊ី បានសរសេរសារតាមហ្វេសប៊ុកកាលពីម្សិលមិញរិះគន់”តុលាការអាយ៉ង” របស់រដ្ឋាភិបាល ទាក់ទិនសំណុំរឿងនេះ ដោយលើកឡើងថា “ឯកសារក្លែង” ដែលគេចោទមកលើ លោក ហុង សុខហួរ គឺជាឯកសារមានស្រាប់ពីមុនមកដែលត្រូវបានទាញយកពីអុីនធឺណិត។

លោក សម រង្ស៊ី បានលើកឡើងថា ឯកសារនេះត្រូវបានគេ”ផ្សព្វផ្សាុយតាមអីុនធឺណិតតាំងពីឆ្នាំ២០១៣មកម្លេ៉ះ។ វាមានការបកប្រែខុសមួយពាក្យពីភាសាខ្មែរ ទៅភាសាអង់គ្លេស ហើយពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ។ ពាក្យនោះ គឺពាក្យ ‘កំណត់ឡើងវិញ’ ឬ ‘Redefine’ ដែលគេបានបកប្រែត្រឡប់ត្រឡិន ទៅជាពាក្យ ‘រំលាយ’ ឬ ‘Dissolve’ “។

ចាប់តាំងពីមានការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀតពាក់ព័ន្ធការអះអាងរបស់លោកដែលថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋប្រព្រឹត្តនៅពន្ធនាគារមួយរបស់ខ្មែរក្រហមនោះ លោក សម រង្ស៊ី នៅមិនទាន់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ។

រដ្ឋាភិបាលបានរារាំងលោក សម រង្ស៊ី មិនឲ្យចូលក្នុងប្រទេសជាផ្លូវការនៅក្នុងសារាចរណែនាំដែលត្រូវបានផ្សព្វផ្សាយកាលពីខែតុលា ដោយលើកឡើងពីគ្រោះថ្នាក់ដល់សន្តិសុខជាតិ ប្រសិនបើលោក សម រង្ស៊ី ត្រឡប់មកវិញ។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានទទួលតួនាទីជាប្រធានស្តីទីគណបក្សប្រឆាំង ហើយកាលពីដើមខែនេះ បានក្លាយជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងសភាជាផ្លូវការ ដោយផ្តល់ឲ្យលោកនូវឋានៈស្មើគ្នាក្នុងការពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី លើកឡើងមុនពេលមានការផ្លាស់ប្តូរថា លោកនៅតែជាប្រធានក្រុមសំឡេងភាគតិចនិងជាដៃគូពិភាក្សាជាមួយលោក ហ៊ុន សែន ហើយនៅមិនទាន់បានពន្យល់ថា តើហេតុអ្វីបានជាមានការផ្លាស់ប្ដូរយ៉ាងដូច្នេះនៅឡើយទេ ដោយនាំឲ្យមានការសន្និដ្ឋានពីការបែកបាក់គ្នានៅក្នុងចំណោមថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។

លោក កឹម សុខា ទទួលបានការព្រះរាជទានលើកលែងទោសកាលពីដើមខែនេះ តាមសំណើរបស់លោក ហ៊ុន សែន សម្រាប់បញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់លោក ដែលធ្វើឲ្យលោកប្រឈមទោសជាប់ពន្ធនាគាររយៈពេលប្រាំខែ។

អ្នកនាំពាក្យគណបក្សប្រឆាំង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក សំ សុគង់ មេធាវីរបស់លោក សមរង្ស៊ី បានលើកឡើងថា លោកនឹងប្តឹងទាស់សាលក្រមនេះនៅខែមករា។ លោកបានលើកឡើងថា តុលាការគួរតែទទួលយកសក្ខីកម្មរបស់លោក ហុង សុខហួរ ដែលថា លោក សម រង្ស៊ី មិនជាប់ពាក់ព័ន្ធនៅក្នុងវីដេអូ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកនោះឡើយ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងពិនិត្យមើលភ័ស្តុតាង ឯកឧត្តម សម រង្ស៊ីមិនជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ទាំងនេះទេ”។

លោក អឹុង ជុងលាង បានលើកឡើងនៅក្នុងសារតាមហ្វេសប៊ុកថា សាលក្រមដែលដាក់បន្ទុកមកលើរូបលោកគឺគួរឲ្យអស់សំណើច។

លោកនិយាយថា “វាគួរឲ្យអស់សំណើច។ ខ្ញុំមិនភ្ញាក់ផ្អើលទេ”។

ទាំងលោកចៅក្រម លាង សំណាត និងព្រះរាជអាជ្ញារង សៀង សុខ ដែលទទួលបន្ទុកដោះស្រាយសំណុំរឿងនេះ សុទ្ធតែមិនអាចទាក់ទងសំុការធ្វើអត្ថាធិប្បាយបានឡើយបន្ទាប់ពីការប្រកាសសាលក្រម៕ស៊ុយឈាង

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.