28.5 C
Phnom Penh

ស្ត្រី​​​រក​​​ស៊ី​​​ផ្លូវ​ភេទ​​​ម្នាក់​​​បាត់ខ្លួន​​​បន្ទាប់ពី​​​រត់​​​គេចពី​​​ការ​​​ឆ្មក់​​​ចាប់របស់​​​សន្តិសុខ​​​ខណ្ឌ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាក្សីបាននិយាយកាលពីម្សិលមិញថា ស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានបាត់ខ្លួនតាំងពីយប់ថ្ងៃអាទិត្យមក បានបោកត្រូវក្បាលពេលធ្លាក់ចូលក្នុងទន្លេសាបក្រោយពីរត់គេចពីសន្តិសុខរាជធានីភ្នំពេញ ហើយលោតចូលទៅក្នុងទូក។

អ្នកស្រី ឈាង លក្ខណ៍ ម្ចាស់ទូកទេសចរណ៍នៅកន្លែងនោះបាននិយាយថា អ្នកស្រីបានឃើញស្ត្រីប្រហែល៥នាក់រត់តាមមាត់ទន្លេក្បែរវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យ។អ្នកស្រីបានរៀបរាប់ថា “ខ្ញុំបានឃើញក្រុមសន្តិសុខដេញតាមពួកគេពីតំបន់ដីគោកទៅដល់ទូក”។

អ្នកស្រីបាននិយាយថា “ម្នាក់ក្នុងចំណោមពួកគេជាស្ត្រីរកស៊ីផ្លូវភេទក្នុងតំបន់នោះដែលអ្នកស្រីស្គាល់ត្រឹមតែឈ្មោះថា គន្ធា បានរអិលជើងនៅពេលនាងព្យាយាមលោតពីទូកមួយទៅទូកមួយ ដោយបោកក្បាលធ្លាក់ចូលក្នុងទឹក។ អ្នកស្រីបាននិយាយថា ស្ត្រីរូបនេះគ្មានកម្រើកសោះនៅក្នុងទឹកទន្លេនោះ។

អ្នកស្រី ឈាង លក្ខណ៍ បាននិយាយថា អ្នកស្រីបានព្យាយាមជួយស្ត្រីរូបនេះ តែត្រូវក្រុមសន្តិសុខគំរាម។ អ្នកស្រីបាននិយាយថា “ខ្ញុំបានឱ្យបុគ្គលិករបស់ខ្ញុំជួួយ ប៉ុន្តែពួកគេបានព្រមានយើងថា បើយើងជួយនាង ពួកគេនឹងវាយពួកយើង”។

លោក ហួង ធីម ម្ចាស់ទូកទេសចរណ៍ម្នាក់ទៀតបាននិយាយថា លោកក៏បានឃើញការដេញតាមនេះដែរ ហើយលោកបានបន្ទោស ក្រុមសន្តិសុខចំពោះការធ្លាក់របស់ស្ត្រីរូបនេះ។

លោកបាននិយាយថា “នាងបាត់ខ្លួននៅក្នុងទន្លេ បន្ទាប់ពីសន្តិសុខទាំងនោះបានដេញតាមនាង។វានឹងគ្មានរឿងអ្វីកើតឡើងឡើយបើពួកគេមិនដេញតាមនាងដល់ទូកទេនោះ”។

ប៉ុន្តែ លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញបានបដិសេធថា កម្លាំងរបស់ លោកមិនបានដេញតាមស្ត្រីរូបនេះទេ។

លោក គឹម វុត្ថា បានថ្លែងថា អំឡុងការឆ្មក់ចាប់នោះ ស្ត្រីរកស៊ីផ្លូវភេទមួយក្រុមបានរត់ពីកន្លែងនៅម្តុំអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្បែរវត្តភ្នំ រត់សំដៅទៅទូកទេសចរណ៍នៅក្នុងទន្លេ។

លោកបានមានប្រសាសន៍ថា ប៉ុន្តែសន្តិសុខរបស់យើងមានគ្នាតិចពេកមិនអាចដេញតាមពួកគេបានឡើយ។ លោក គឹម វុត្ថា បានថ្លែងថា “វាងងឹតណាស់នៅពេលនោះ។ បើយើងមានសន្តិសុខ២០ទៅ៣០នាក់ នោះ យើងនឹងដេញតាមនាងមិនខានឡើយ”។

លោកគឹម វុត្ថា បានថ្លែងថា សន្តិសុខបានធ្វើការឆ្មក់ចាប់ស្ត្រីរកស៊ីផ្លូវភេទជាច្រើនលើកនៅយប់នោះ ដោយចាប់ពីសួនមុខវត្តបទុម ដើម្បីត្រៀមសម្រាប់ការអញ្ជើញមកកាន់វត្តនេះរបស់លោកនាយករដ្ឋមន្ត្រីនៅព្រឹកបន្ទាប់។ លោកបានបន្ថែមថា ការឆ្មក់ចាប់នេះបន្តរហូតដល់តំបន់វត្តភ្នំកន្លែងដែលយើងចាប់ស្ត្រីរកស៊ីផ្លូវភេទបានបួននាក់។

ស្ត្រីរូបនេះនៅបាត់ខ្លួននៅឡើយកាលពីម្សិលមិញ ប៉ុន្តែលោក គឹម វុត្ថា បានថ្លែងថា វារហ័សពេកហើយក្នុងការនិយាយពីអ្វីដែលបានកើតឡើងចំពោះនាង។

លោក គឹម វុត្ថា បានមានប្រសាសន៍ថា “ស្ត្រីដែលបាត់ខ្លួននេះ យើងមិនអាចសន្និដ្ឋានបានថា នាងស្លាប់នោះឡើយ។ ជួនកាល នាងចេញពីផ្ទះទៅលេងបៀរនៅផ្សារចាស់ក៏មិនដឹង”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស