30.4 C
Phnom Penh

បក្ស​ប្រឆាំង​គ្រោង​ជួប​មន្ត្រី​​សាលា​រាជធានី​ ដើម្បី​ពិភាក្សា​អំពី​គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិនិយាយថា ការព្យាយាមរបស់ខ្លួនដើម្បីចាប់ផ្ដើមដំណើរការស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួននៅក្នុងប្រទេស នឹងបន្តនៅថ្ងៃស្អែក ដោយត្រូវជួបជាមួយមន្ត្រីសាលារាជធានីភ្នំពេញ  ដើម្បីពិភាក្សាអំពីគម្រោងដំឡើងអង់តែននៅក្នុងរាជធានី។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សរបស់លោកដែលមានបំណងដំឡើងអង់តែននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែក្រោយមកបោះបង់ចោលវិញដោយសារក្ដីបារម្ភអំពីការប៉ះពាល់ដល់សុខភាពរបស់សាធារណជននោះ ទទួលបានដីថ្មីមួយកន្លែងនៅរាជធានីភ្នំពេញ  ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាស្ថិតនៅទីណាឡើយ។

លោកបានមានប្រសាសន៍កាលពីម្សិលមិញបន្ទាប់ពីជំនួបជាមួយលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានៅរដ្ឋសភាថា “យើងបានត្រៀមឯកសាររួចរាល់ហើយ ហើយយើងនឹងទៅជួបជាមួយសាលារាជធានីនៅថ្ងៃស្អែក។ បើអាជ្ញាធរអនុញ្ញាត ខ្ញុំគិតថាយើងនឹងចាប់ផ្ដើមដំឡើងអង់តែនកាន់តែឆាប់រហ័ស”។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលបានវិភាគទានចំនួន៧០០.០០០ដុល្លារហើយសម្រាប់បង្កើតទូរទស្សរន៍ព្រះអាទិត្យ ដែលនឹងក្លាយជាស្ថានីយទូរទស្សន៍ផ្សាយពីលើដីដំបូងដែលគាំទ្រគណបក្សប្រឆាំង ប៉ុន្តែខ្លួនត្រូវការថវិកាប្រហែល១លានដុល្លារដើម្បីចាប់ផ្ដើមដំណើរការ។

លោកបានបដិសេធមិនបញ្ជាក់ថា ស្ថានីយនេះនឹងចាប់ផ្ដើមនៅពេលណានោះទេ ក្នុងករណីអាជ្ញាធរផ្ដល់ភ្លើងខៀវដល់ទីតាំងថ្មី៕ សុុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស