32.5 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ចង់​ឱ្យ​​លោក ទៀ បាញ់ មក​បំភ្លឺ​ទាក់ទិន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​​អង្គរក្ស​បី​រូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានសម្រេចបន្តផែនការកោះហៅលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិមកបំភ្លឺជុំវិញការដំឡើងឋានន្តរស័ក្ដិដល់សមាជិកបីនាក់នៃអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបកាលពីខែតុលា ឆ្នាំ២០១៥។

សុត វណ្ណនី អាយុ៤៥ឆ្នាំ ចាយ សារិទ្ធ និង ម៉ៅ ហឿន ទាំងពីរនាក់អាយុ៣៤ឆ្នាំដូចគ្នា ត្រូវបានដោះលែងឱ្យមានសេរីភាពកាលពីខែវិច្ឆិកា បន្ទាប់ពីបានជាប់ពន្ធនាគារមិនដល់មួយឆ្នាំផងពីបទវាយដំយ៉ាងសាហាវលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក ញ៉យ ចំរើន និងលោក គង់ សភា។

cam-photo-tea-banh-800x533លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំឡើងឋានន្តរស័ក្ដិឈ្មោះ ស៊ុត វណ្ណនី និង ម៉ៅ ហឿន ពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯកនៅពេលប្រហែលពីរសប្ដាហ៍ក្រោយមក រីឯឈ្មោះ ចាយ សារិទ្ធ ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សបានសម្រេចកាលពីម្សិលមិញថានឹងកោះហៅនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឱ្យចូលខ្លួនបំភ្លឺនៅចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយ ដែលមានលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សប្រឆាំងជាប្រធាន។

លោកបានមានប្រសាសន៍ថា “យើងត្រូវការការឆ្លើយបំភ្លឺជាផ្លូវការពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីមូលហេតុដំឡើងឋានន្តរស័ក្ដិពួកគេ”។ លោកបានបង្វែរសំណួរជាក់លាក់ទៅលោក ហូរ វ៉ាន់ ដែលបានមានប្រសាសន៍ថា លោកមិនប្រាកដថាពេលណាផែនការនេះនឹងបន្តទេ។

នាយឧត្ដមសេនីយ៍ ទៀ បាញ់ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា ការដំឡើងឋានន្តរស័ក្ដិគឺជារឿងធម្មតា។ លោកបានមានប្រសាសន៍ថា ”ពេលពួកគេជាប់ពន្ធនាគាររួច វាដល់ពេលឡើងឋានន្តរស័ក្ដិហើយ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស