39.4 C
Phnom Penh

កម្ពុជា​​​មិនយល់ស្រប​​​លើការ​​​ធ្វើ​​​អន្តរជាតូបនីយកម្ម​​​​​​នៃវិ​​​បត្តិ​​​រ៉ូហ៊ីងយ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញពីជំនួបពិភាក្សាការងារជាមួយលោក ធិន ច (Htin Kyaw) ប្រធានាធិបតីមីយ៉ាន់ម៉ាដែលមកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍ដោយបានប្រកាសថា លោកមិនបានគាំទ្រ “ការធ្វើអន្តរជាតូបនីយកម្ម”វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយប្រឆាំងនឹងពិភពលោកដែលកំពុងភ័យខ្លាចកាន់តែខ្លាំងឡើងថា នឹងអាចកើតមានអំពើប្រល័យពូជសាសន៍ក្នុងពេលឆាប់ៗ។

ប្រសាសន៍របស់លោក ហ៊ុន សែន ត្រូវបានដកស្រង់ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានតាមទំព័រហ្វេសប៊ុកថា ”កម្ពុជាមិនយល់ស្របលើការប៉ុនប៉ងធ្វើអន្តរជាតូបនីយកម្មបញ្ហារ៉ូហ៊ីងយ៉ាទេ ហើយចាត់ទុកបញ្ហានេះថា ជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដែលធម្មនុញ្ញអាស៊ានហាមឃាត់ការលូកដៃពីសមាជិកអាស៊ានផងគ្នា”។

លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ាគោរពវិញ្ញាណក្ខន្ធព្រះបរមរូបព្រះបរមរតនកោដ្ឋ សម្ដេចឪ នរោត្តម សីហនុ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ ហ្វេសប៊ុក
លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ាគោរពវិញ្ញាណក្ខន្ធព្រះបរមរូបព្រះបរមរតនកោដ្ឋ សម្ដេចឪ នរោត្តម សីហនុ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ ហ្វេសប៊ុក

ជនជាតិរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចមូស្លីមមកពីរដ្ឋរ៉ាក់ឃីនភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកន្លែងដែលពួកគេទទួលរងការធ្វើទុកបុកម្នេញដ៏រាលដាលពីសំណាក់ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសនេះ។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីសប្តាហ៍មុនបានឱ្យដឹងថា ចាប់តាំងពីខែតុលាមក ប្រតិបត្តិការយោធាបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានធ្វើឱ្យប្រជាជនប្រហែល២២.០០០នាក់នាក់ផ្លាស់ទីលំនៅក្នុងប្រទេស។ គេជឿថា ប្រជាជន៦៦.០០០នាក់ទៀតបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។

របាយការណ៍ដដែលនេះបានលើកឡើងថា ”ការវាយប្រហារមកលើជនជាតិរ៉ូហ៊ីងយ៉ា…ហាក់ដូចជាមានការរាលដាលព្រមទាំងមានលក្ខណៈជាប្រព័ន្ធផងដែរ ដោយបង្ហាញថាទំនងជាមានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ឡើងវិញថា ប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចងភ្ជាប់ដោយគោលនយោបាយមិនជ្រៀតជ្រែករបស់អាស៊ាន។

លោកមានប្រសាសន៍ថា “បញ្ហារ៉ូហ៊ីងយ៉ាគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា…។ យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ានឡើយ”។

លោក សុខ ឥសាន បានមានប្រសាសន៍ថា ស្ថានការណ៍នេះវាខុសគ្នាពីសំណើរបស់កម្ពុជាកាលពីឆ្នាំ២០១៣សុំការអន្តរាគមន៍ពីអន្តរជាតិជុំវិញជម្លោះប្រាសាទជាមួយប្រទេសថៃនៅក្នុងខេត្តព្រះវិហារ។

លោកមានប្រសាសន៍ថា ”គ្មានប្រទេសណាមួយជំរុញឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាអន្តរជាតិទេ គឺកម្ពុជាខ្លួនឯងយកបណ្តឹងនេះទៅកាន់តុលាការអន្តរជាតិ ហើយប្រទេសជាសមាជិកអាសា៊នផ្សេងទៀតនៅស្ងៀម”។

លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ រ៉យទ័រ
លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ រ៉យទ័រ

លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការប្រឆាំងរបស់រដ្ឋាភិបាលទៅនឹងការធ្វើអន្តរជាតូបនីយកម្មគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ។

លោក មាស នី បានមានប្រសាសន៍បន្ថែមថា ហើយដោយសារផលិតផលក្នុងស្រុកសរុប (GDP) ទាបរបស់ប្រទេសកម្ពុជាក្នុងតំបន់រដ្ឋាភិបាលត្រូវប្រញាប់អែបអបប្រទេសណាដែលមានឥទ្ធិពលជាង។

លោកបានថ្លែងថា “មីយ៉ាន់ម៉ាដើរមុខកម្ពុជារួចទៅហើយ…។ យើងត្រូវពឹងផ្អែកលើប្រទេសជិតខាង”។

លោក សឺវីន សាប៊ីរ៉ាម៉ាត់ (Soewin Sabiramad) ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាបាននិយាយថា ទន្្ទឹងនឹងសហគមន៍អន្តរជាតិមិនមានចំណាត់ការនេះហើយ ទើបក្រុមគ្រួសាររបស់លោកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទទួលរងគ្រោះ។

លោក សឺវីន និយាយថា “ខ្ញុំបានទូរស័ព្ទទៅម្តាយរបស់ខ្ញុំកាលពីមួយសប្តាហ៍មុន គាត់មិនអាចធ្វើអ្វីបានទេ។ លោកមិនអាចចេញក្រៅបានទេ។”។ គាត់បានបន្ថែមថា បងប្អូនប្រុសម្នាក់និងបងប្អូនស្រីពីរនាក់របស់់គាត់ក៏កំពុងជួបភាពក្រីក្រ ហើយរស់នៅដោយការភ័យខ្លាចដែរ។

លោកនិយាយថា “ប្រជាជនមិនអាចធ្វើអ្វីបានទេ។ ពួកគាត់មិនអាចធ្វើការបានឡើយ។ តើពួកគាត់បានអ្វីទទួលទានទៅ?”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស