39.4 C
Phnom Penh

លោក ហ៊ុន សែន ​អំពាវនាវ​ឱ្យ​​​ព្រះ​​​សង្ឃ​​​ជួយ​​​​​​​​​​​​ទប់ស្កាត់​​​គ្រឿង​​​ញៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃជួយសហការក្នុងការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដោយប្ដេជ្ញាជាថ្មីម្ដងទៀតថានឹងមិនដើរតាមគន្លងរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលសង្គ្រាមបង្ហូរឈាមប្រឆាំងគ្រឿងញៀនរបស់លោកបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ក្នុងរយៈពេល៩ខែកន្លងមកនេះឡើយ។

ថ្លែងទាក់ទិននឹងចំណាត់ការកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន លោក ហ៊ុន សែន បានព្យាយាមដកខ្លួនមិនឱ្យជាប់ពាក់ព័ន្ធគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោក ឌូទើតេ ដែលលោកលើកឡើងថា  បានសម្លាប់មនុស្សចន្លោះពី៦.០០០ទៅ៧.០០០នាក់ នោះទេ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តព្រែកប្រា  ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថា “ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងនឹងមិនអនុញ្ញាតឱ្យមានវិធានការដូចនេះទេ”។

WP-LastImage-26-800x533ជំនួសវិញ លោក ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃអប់រំប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកបានថ្លែងទៅកាន់ព្រះសង្ឃដែលមានវត្តមាននៅពិធីនោះថា ”ព្រះតេជគុណព្រះសង្ឃគ្រប់អង្គ នៅពេលនិមន្តទៅសូត្រមន្តទេសនាតាមពិធីបុណ្យនានា សូមកុំភ្លេចផ្ញើសារ ‘កុំប្រើប្រាស់គ្រឿងញៀន’” ផង។ លោក ហ៊ុន សែន លើកឡើងថា ព្រះសង្ឃក៏មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែរ។ បទល្មើសក្នុងជួរព្រះសង្ឃហាក់មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយករណីព្រះសង្ឃត្រូវបានចាប់ខ្លួនពីបទចែកចាយ និងរក្សាទុកថ្នាំញៀនកើតមានជាញឹកញាប់។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ពេលខ្លះ បញ្ហាគ្រឿងញៀនត្រូវបានគេរកឃើញនៅក្នុងវត្តអារាម ហើយជួនកាលមានការជាប់ពាក់ព័ន្ធនឹងព្រះសង្ឃទៀតផង”។

អាជ្ញាធរមានវិធានការយ៉ាងតឹងរ៉ឹងទៅលើការជួញដូរគ្រឿងញៀន ដោយបានប្រកាសអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៦ខែ ដែលបានចាប់ផ្ដើមកាលពីខែមករា រួមមានការបង្កើនការអនុវត្តច្បាប់ ការបន្សាបគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននៅតាមព្រំដែន និងការអប់រំផងដែរ។

ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញបានមានសង្ឃដីកាថា ព្រះសង្ឃបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអប់រំយុវជនទាំងអស់ឱ្យចៀសឆ្ងាយពីគ្រឿងញៀនតាមរយៈការទេសនាអប់រំប្រៀនប្រដៅតាមវិទ្យុ និងទូរទស្សន៍  និងការនិមន្តចុះតាមសាលារៀននៅតាមបណ្ដាខេត្តដើម្បីផ្សព្វផ្សាយអំពីបញ្ហានេះ។

ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា កិច្ចប្រជុំសង្ឃដែលនឹងមានការនិមន្តចូលរួមពីព្រះចៅអធិការទាំង១៤៩វត្តក្នុងរាជធានីភ្នំពេញ គ្រោងធ្វើនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតអំពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

ព្រះតេជគុណ ឃឹម សន មានសង្ឃដីកាថា “តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ព្រះសង្ឃនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីរួមចំណែកចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ  តាមរយៈការសម្ដែងធម៌ប្រាប់ញាតិញោមពុទ្ធបរិស័ទឱ្យយកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួន”។

ព្រះតេជគុណមានសង្ឃដីកាថា “នៅអនុសំវច្ឆរមហាសន្និបាតសង្ឃ យើងក៏បានណែនាំដល់ព្រះចៅអធិការគ្រប់ស្រុកខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសតាមរយៈបញ្ជូនព្រះសង្ឃឱ្យនិមន្តចុះតាមសាលារៀនរបស់រដ្ឋដែលស្ថិតនៅជិតវត្តអារាម អប់រំសិស្ស-និស្សិតអំពីផលប៉ះពាល់ដល់សុខភាពរបស់ខ្លួននិងប៉ះពាល់ដល់សង្គមជាតិដោយការប្រើប្រាស់គ្រឿងញៀន”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស