30.4 C
Phnom Penh

​សហរដ្ឋអាមេរិក​គ្មាន​ហេតុ​ផល​​​សីលធម៌​​ច្បាស់​លាស់​ជុំវិញ​​​ការ​ទារ​បំណុល​​ពី​​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីជំនឿរបស់លោកថា សហរដ្ឋអាមេរិកគ្មានហេតុផលអ្វីដែលត្រូវរិះគន់កម្ពុជារឿងបំណុលសម័យសង្គ្រាម ដែលបានកើនឡើងរហូតដល់ទៅ៥០០លានដុល្លារនោះឡើយ ហើយថា លុយនោះប្រឡាក់ទៅដោយឈាមហូរដាបអំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ព្រៃផ្សៃរបស់សហរដ្ឋអាមេរិកនៅតាមតំបន់ព្រំដែន។

ប៉ុន្តែនោះមិនបានរារាំងលោក វីលៀម ហេដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីការបញ្ចេញទស្សនៈ និងវោហារខ្លាំងៗឡើយ នៅពេលគេសាកសួរលោកអំពីបំណុលនេះអំឡុងសន្និសីទកាសែតតុមូលកាលពីសប្ដាហ៍មុន ដោយលោកគូសបញ្ជាក់ថា លោកជាអ្នកជួយធ្វើសេចក្ដីព្រាងកិច្ចព្រមព្រៀងមួយដែលមិនទាន់បានចុះហត្ថលេខានៅឡើយ កាលពីលោកជាមន្ត្រីនៅស្ថានទូតនេះកាលពីពីរទសវត្សរ៍មុន។

ទិដ្ឋភាពយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ រូបថតៈ U.S. Marine Corps
ទិដ្ឋភាពយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ រូបថតៈ U.S. Marine Corps

លោកមានប្រសាសន៍ថា “ខ្ញុំត្រឡប់មកវិញហើយ បញ្ហានៅតែមិនទាន់ដោះស្រាយ ហើយចំនួននោះ [បំណុល] បានកើនដល់ប្រមាណ៥០០លានដុល្លារហើយ។ សម្រាប់ខ្ញុំយល់ថា វាមិនមែនជារឿងល្អទេ ខ្ញុំគិតថាវាមិនចំណេញទេសម្រាប់កម្ពុជាទុកឱ្យបំណុលចេះតែកើនឡើងរហូត” ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសតែបួនគត់ដែលជំពាក់បំណុលសហរដ្ឋអាមេរិក ក្នុងនោះរួមមានប្រទេសស៊ូដង់ ប្រទេសសូម៉ាលី និងប្រទេសស៊ីមបាវ៉េ។

ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងបន្ថែមទៀតថា “ខ្ញុំហា៊ននិយាយថា វាមិនចំណេញទេដែលកម្ពុជាក្រឡេកមើលទៅអតីតកាល ប៉ុន្តែគួរតែសម្លឹងរកវិធីដោះស្រាយបញ្ហានេះវិញ ពីព្រោះវាមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា”។

រយៈពេលប៉ុន្មានថ្ងៃក្រោយមក លោក ហ៊ុន សែន បានលើកឡើងពីបញ្ហាបំណុលនេះម្ដងទៀតអំឡុងសុន្ទរកថារបស់លោក។ លោកបានថ្លែងថា “ឱ! អាមេរិកនិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើបែបនេះម៉េចកើត? អ្នកឯងវាយប្រហារយើង ហើយមកទារលុយពីយើងទៀត។ ដូច្នេះ ខ្ញុំមិនយល់ទេចំណុចនេះ”។

ទោះបីជាញឹកញាប់លោកច្រើនតែប្រឆាំងនឹងការរិះគន់របស់បរទេសចំពោះការរំលោភសិទ្ធិមនុស្ស ការដាក់គុកនយោបាយ និងអំពើពុករលួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងជារឿយៗត្រូវបានគេច្រានចោលក្ដី ក៏លើកនេះលោក ហ៊ុន សែន ប្រហែលជានិយាយត្រូវ។

បើទោះបីជាសហរដ្ឋអាមេរិកមិនព្រមពិចារណាគំនិតរបស់លោក ហ៊ុន សែន ដែលចង់ឱ្យលុបបំណុលនេះក្ដី ក៏មជ្ឈដ្ឋានផ្សេងៗបានគូសបញ្ជាក់ពីការលាក់ពុតនៃការទារបំណុលរបស់សហរដ្ឋអាមេរិក ពីព្រោះថា អាមេរិកជាអ្នកទម្លាក់គ្រាប់បែកដើម្បីបណ្ដេញកងកម្លាំងវៀតកុងឱ្យចេញពីភូមិភាគបូពា៌នៃប្រទេសកម្ពុជាអំឡុងសង្គ្រាមឥណ្ឌូចិនលើកទី២ ដែលបានធ្វើឱ្យត្រូវការប្រាក់កម្ចីតាំងពីដំបូង។

លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្គ្រាមនេះ រួមទាំងយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៧៣ផង បានមានប្រសាសន៍ថា ”រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការខូចខាតដ៏ធំធេងដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្គ្រាមនោះទេ”។

លោកស្រីថ្លែងថា “បើតាមការប៉ាន់ស្មាន នេះប្រហែលជាដោយសារការព្រួយបារម្ភថា សហរដ្ឋអាមេរិកប្រហែលជាត្រូវសងសំណងសង្គ្រាមសម្រាប់ការបំផ្លិចបំផ្លាញ  និងខ្លាចអតីតមន្ត្រីអាមេរិកត្រូវគេប្ដឹង” ហើយថា ការទម្លាក់គ្រាប់បែកជាច្រើនបានធ្វើឡើងដោយគ្មានអ្នកដឹង ហើយភាគតិចណាស់ដែលថា អាចមានការព្រមព្រៀងពីអាជ្ញាធរកម្ពុជា។

លោកស្រីបានបន្តថា “ការបន្តចាប់ឱ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ក្នុងសម័យសង្គ្រាម គឺជាការលាក់ពុតត្បុត និងអសីលធម៌”។

ប្រសិនបើមានការសងបំណុលមែន លោកស្រី អេលីហ្សាបេត បេឃើ បានស្នើឱ្យសហរដ្ឋអាមេរិកយកប្រាក់ទាំងនោះទៅចែកចាយដល់សហគមន៍នានានៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅរបស់ពួកគាត់បានរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានមានប្រសាសន៍ថា ”សហរដ្ឋអាមេរិកជំពាក់កម្ពុជាច្រើនជាងបំណុលសង្គ្រាមឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាន”។

សម្រាប់រយៈពេល៨ឆ្នាំចាប់ពីឆ្នាំ១៩៦៥មក គេជឿថា សហរដ្ឋអាមេរិកបានទម្លាក់អាវុធយុទ្ធភណ្ឌរហូតដល់ទៅ២,៧៥លានតោនមកលើជាង១១៣.០០០ទីតាំងនៅក្នុងប្រទេសកម្ពុជា។ តាមការបា៉ាន់ប្រមាណ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលបានបាត់បង់អាយុជីវិតមានចន្លោះពី៥.០០០នាក់រហូតដល់ជាងកន្លះលាននាក់។

ចន្លោះពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៤ ក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិកបានផ្ដល់ជំនួយហិរញ្ញវត្ថុ២៧៤លានដុល្លារសម្រាប់ការទិញកប្បាស អង្ករ ម្សៅមី របស់សហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ដល់របប លន់ នល់ ដែលពេលនោះជាសម្ពន្ធមិត្តនៅក្នុងសង្គ្រាមទប់ស្កាត់ការរាលដាលនៃលទ្ធិកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍។ បំណុលនេះបានកើនឡើងស្ទើរតែពីរដងដោយសារតែការប្រាក់បង្គរ (ការប្រាក់ត្រួតដែលមិនបានសង) រយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីពេលនោះមក។

លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រោមរបប លន់ នល់ ដែលពេលនេះកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបង្ហោះសារហ្វេសប៊ុកមួយកាលពីពេលថ្មីៗនេះរំឭកពីមូលហេតុដែលយុទ្ធនាការនេះធ្វើឱ្យរបបលោក លន់ នល់ ត្រូវការជំនួយហិរញ្ញវត្ថុយ៉ាងខ្លាំង។

លោកបានសរសេរថា ”វាលស្រែរបស់កម្ពុជាត្រូវបានអាមេរិកទម្លាក់គ្រាប់បែកយ៉ាងច្រើន ខណៈខ្មែរក្រហមកុម្មុយនីស្ត និងពួកវៀតណាមដើរចច្រប់នៅតំបន់ជនបទដើម្បីជ្រើសរើសទាហាន និងសម្លាប់មន្ត្រីរដ្ឋាភិបាល ព្រមទាំងទាហាន។ កត្តានេះជាអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មស្បៀងភាគច្រើននៅក្នុងប្រទេស។ ប្រជាពលរដ្ឋជាង២លាននាក់បានចាកចេញពីភូមិឋានរបស់ខ្លួន និងតំបន់ផលិតស្បៀងនានា ហើយមកជ្រកកោននៅរដ្ឋធានីភ្នំពេញ ដោយសារហេតុផលសន្តិសុខ ជាហេតុផលមួយទៀតដែលធ្វើឱ្យរដ្ឋាភិបាលលោក លន់ នល់ ត្រូវការស្បៀងអាហារចាំបាច់ខ្លាំង ខណៈទាហានរបស់ខ្លួនកំពុងប្រយុទ្ធ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅឯសណ្ឋាគារសុខា ក្នុងក្រុងភ្នំពេញ កាលពីឆ្នាំ២០១៥។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅឯសណ្ឋាគារសុខា ក្នុងក្រុងភ្នំពេញ កាលពីឆ្នាំ២០១៥។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ខេនថុន ខ្លាយម័រ (Kenton Clymer) ជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “សហរដ្ឋអាមេរិក និងកម្ពុជា១៩៦៩-២០០០ ៖ ទំនាក់ទំនងដ៏មានបញ្ ហា” The United States and Cambodia, 1969-2000:  A Troubled Relationship” បានមានប្រសាសន៍ថា ការលើកឡើងរបស់លោក វីលៀម ហេដ ថា កម្ពុជាគួរតែឈប់គិតឬនិយាយពីអតីតកាលនោះគឺ ”មិនសមេហតុផលនោះទេ” ប៉ុន្តែការនិយាយខ្លាំងៗជុំវិញបញ្ហាបំណុលនេះ គឺស្របគ្នាយ៉ាងខ្លាំងទៅនឹងសាររបស់លោក ដូណាល់ ត្រាំ បញ្ជូនទៅពិភពលោក។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ការទាមទារជាថ្មីរបស់អាមេរិកឱ្យសងបំណុលនេះ គឺស្របគ្នាខ្លាំងមែនទែនទៅនឹងការអះអាងមិនពិតរបស់ប្រធានាធិបតី ត្រាំ ដែលលើកឡើងថា សហរដ្ឋអាមេរិកកំពុងត្រូវបានបណ្ដាប្រទេសជុំវិញពិភពលោកកេងចំណេញ”។

លោក វីលៀម ហេដ បានគូសបញ្ជាក់ថា “ផលវិបាកមួយនៃការមិនព្រមសងបំណុល គឺថាវាអាចនាំឱ្យមានបញ្ហាលំបាកនៅក្នុងការខ្ចីឥណទានពីបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងទីផ្សារពាណិជ្ជកម្មនានា”។

លោក មីហ្គែល ឆេនកូ (Miguel Chanco) អ្នកវិភាគជាន់ខ្ពស់នៅតំបន់អាស៊ានឱ្យក្រុមហ៊ុនផ្ដល់សេវាព្យាករណ៍ និងប្រឹក្សាយោបល់តាមរយៈការស្រាវជ្រាវ និងការវិភាគដែលមានឈ្មោះថា Economist Intelligence Unit បានយល់ស្របថា ការបដិសេធរបស់កម្ពុជាមិនសងបំណុលដែលហួសពេលកំណត់ដល់សហរដ្ឋអាមេរិក អាច “រារាំងសមត្ថភាពរបស់ខ្លួននៅក្នុងការខ្ចីការប្រាក់ទាបពីបណ្ដាទីផ្សារមូលធនពិភពលោក”។

លោកបានមានប្រសាសន៍ថា ខណៈសហរដ្ឋអាមេរិកមិនអាចបង្ខំឱ្យកម្ពុជាចាប់ផ្ដើមសងសំណងបាន រដ្ឋាភិបាលរបស់លោក ត្រាំ “ពិតជាអាចដាក់សម្ពាធលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ” ប៉ុន្តែបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រុងប្រយ័ត្នចំពោះការរុញច្រានលោក ហ៊ុន សែន ឱ្យងាកទៅរកចិនកាន់តែខ្លាំង។

លោកបានបន្ថែមថា “ត្រង់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងប្រើប្រាស់សម្ពាធបែបនេះតាមរយៈការទូតឬក៏អត់នោះ គឺជារឿងមួយទៀត។ ខ្ញុំយល់ថា សហរដ្ឋអាមេរិកនឹងមានការស្ទាក់ស្ទើរខ្លាំងនៅក្នុងការដាក់សម្ពាធឱ្យកម្ពុជាសងបំណុល ពីព្រោះការធ្វើបែបនេះអាចរុញច្រានប្រទេសនេះឱ្យងាកទៅរកប្រទេសចិនកាន់តែខ្លាំង”។

នៅក្នុងសុន្ទរកថារបស់លោកនៅសប្ដាហ៍នេះ លោក ហ៊ុន សែន ក៏បានប្រើប្រាស់បញ្ហាបំណុលនេះដើម្បីលាបពណ៌គណបក្សសង្គ្រោះជាតិថា ជាអាយ៉ងរបស់សហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា “ខ្ញុំសង្ឃឹមថា គណបក្សនយោបាយនៅកម្ពុជានឹងគាំទ្រការលុបចោលបំណុលនេះ ប៉ុន្តែខ្ញុំជឿថា គណបក្សប្រឆាំងនឹងមិនគាំទ្រទេព្រោះវាខ្លាច ព្រោះវាស្ដាប់បង្គាប់អាមេរិក”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានលើកឡើងថា ចុងក្រោយវាស្ថិតនៅលើសហរដ្ឋអាមេរិកប្រកាន់ជំហរផ្ទាល់ខ្លួនទាក់ទិនបំណុលនេះ ប៉ុន្តែបានបញ្ជាក់ថា ឥរិយាបថរបស់រដ្ឋាភិបាលកម្ពុជាមិនអាចជួយដល់បុព្វហេតុរបស់ខ្លួនបានឡើយ។

កញ្ញាបានបន្តថា “វាពិបាកនឹងស្រមៃណាស់ថា សហរដ្ឋអាមេរិកនឹងជួយរដ្ឋាភិបាលដែលរិះគន់អាមេរិក ពុករលួយ និងគាបសង្កត់កាន់តែខ្លាំង”។

ពេលសួរថាតើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងដោះស្រាយបញ្ហានេះបែបណា កញ្ញាឆ្លើយថា រដ្ឋាភិបាលនេះនឹងស្វែងរកជំនួយតាមរយៈ “ការបង្ហាញថាជំនួយនោះនឹងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាបែបណា ឧទាហរណ៍យើងនឹងប្រើប្រាស់លុយដែលជំពាក់នោះទៅវិនិយោគលើវិស័យអប់រំរបស់យើង ប្រសិនបើយើងមិនចាំបាច់សងបំណុលសហរដ្ឋអាមេរិកវិញ។

ថ្វីបើសហរដ្ឋអាមេរិកបានបញ្ចេញវោហារសាស្ត្រយ៉ាងណាក្ដី ក៏លោក ដេវិឌ ឆាណ្ឌល័រ អ្នកប្រវត្តិសាស្ត្រកម្ពុជាដ៏លេចធ្លោបានមានប្រសាសន៍ថា វាមិនសមហេតុផលទេដែលគិតថាលោក ហ៊ុន សែន ដែលបានរួមដៃជាមួយខ្មែរក្រហមប្រយុទ្ធនឹងរបប លន់ នល់ នៅពេលកម្ពុជាទទួលបានប្រាក់កម្ចីនេះ នឹងសងបំណុលអាមេរិកវិញ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ” លោក ហេដ ត្រូវតែដាក់សម្ពាធនៅពេលលោកទទួលបញ្ជាឱ្យធ្វើបែបនេះ។ ប៉ុន្តែខ្ញុំយល់ថា វាជាការយល់សប្តិសម្រាប់អ្នកនៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិកដែលគិតថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងរកលុយបាន៥០០លានដុល្លារមកសងបំណុល ទាំងលោក ហ៊ុន សែន ខ្លួនឯងធ្វើសង្គ្រាមច្បាំងជាមួយអ្នកដែលចុះកិច្ចសន្យាបំណុលនេះ”៕ សុខុម (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស