30.4 C
Phnom Penh

រដ្ឋាភិបាល​​​បន្ត​ធ្វើ​​​​​​វិសោធនកម្ម​​​ច្បាប់​​​ដើម្បី​​​ព្យួរ និងរម្លាយ​​​គណបក្ស​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានបន្តធ្វើវិសោធនកម្មច្បាប់ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលចាត់វិធានការរម្លាយគណបក្សនយោបាយណាដែលមេដឹកនាំរបស់ខ្លួនប្រព្រឹត្តបទល្មើស ឬប្រសិនបើគណបក្សនយោបាយនោះប្រព្រឹត្តកំហុសផ្លូវច្បាប់ “ធ្ងន់ធ្ងរ” ដោយលើកឡើងថា ការធ្វើវិសោធនកម្មនេះអាចត្រូវបានបោះឆ្នោតអនុម័តនៅប៉ុន្មានថ្ងៃខាងមុននេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីដើមខែនេះ ដោយវាបង្ហាញយ៉ាងច្បាស់ថា លោកកំពុងផ្តោតគោលដៅលើគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែឈ្នះគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ លោក សម រង្ស៊ី ដែលធ្វើជាប្រធានគណបក្សសង្គ្រោះជាតិរហូតដល់ថ្ងៃសៅរ៍ អំឡុងពេលរស់នៅក្នុងទីក្រុងប៉ារីសបន្ទាប់ពីនិរទេសខ្លួនទៅទីនោះដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍នោះបានលាលែងពីតំណែងនេះដោយសង្ឃឹមថា នឹងអាចសង្គ្រោះ គណបក្សនេះបាន។

WP-LastImage-36-800x533ទោះជាយ៉ាងណា ការលាលែងពីតំណែង ដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបានបន្ថយសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលបានបោះឆ្នោតបញ្ជូនសេចក្តីព្រាងវិសោធនកម្មទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដើម្បីពិនិត្យនោះឡើយ។ បន្ទាប់មក គណៈកម្មការនេះនឹងបញ្ជូនសេចក្តីព្រាងវិសោធនកម្មនេះអមដោយការកែប្រែដែលបានស្នើឡើងណាមួយត្រឡប់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ដែលបន្ទាប់មកអាចកំណត់ថ្ងៃសម្រាប់ការបោះឆ្នោតដោយសភាពេញអង្គ ដែលគណបក្សប្រជាជនកម្ពុជាក៏គ្រប់គ្រងដែរនោះ។

បន្ទាប់ពីសម័យប្រជុំកាលពីម្សិលមិញ លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា អាចនឹងមានការបោះឆ្នោតនៅប៉ុន្មាន ថ្ងៃខាងមុខនេះ។

លោកបានមានប្រសាសន៍ថា “អាហ្នឹងពឹងផ្អែកទាំងស្រុកលើការសិក្សារបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បើបានស្អែកយើងធ្វើភ្លាមតែម្តង”។

គណបក្សប្រជាជនកម្ពុជាបានស្នើឱ្យធ្វើវិសោធនកម្ម២៧មាត្រាក្នុងចំណោមច្បាប់ដែលមាន៤៥មាត្រា ហើយបន្ថែម៥មាត្រាទៀត។

មាត្រាមួយនឹងរារាំងអ្នកដែលមានទោសជាប់ពន្ធនាគារមិនឱ្យកាន់តួនាទីជាប្រធាន ឬអនុប្រធានគណបក្ស ឬតួនាទីនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍។ មាត្រាមួយទៀតនឹងអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ “ផ្អាកជាបណ្តោះអាសន្ន” នូវគណបក្សណាដែលរំលោភរដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងៗទៀត ហើយ “ដាក់ពាក្យបណ្តឹងទៅតុលាការកំពូលឱ្យរម្លាយគណបក្សនយោបាយនោះក្នុងករណីមានកំហុសធ្ងន់ធ្ងរ”។

មេដឹកនាំគណបក្សនយោបាយដែលត្រូវបានរម្លាយនោះ នឹងត្រូវរារាំងមិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ជារយៈពេលដូចគ្នាទៅនឹងអាណត្តិនយោបាយក្នុងប្រទេស។

លោក ឈាង វុន បានមានប្រសាសន៍ថា “យើងបញ្ចូលចំណុចសំខាន់ ខ្លឹមសារ ដើម្បីធានាលទ្ធិប្រជាធិបតេយ្យ  ធានារាជបល្ល័ង្ក ធានាឯកភាពជាតិ ធានាកុំឱ្យជាតិបែកបាក់”។

លោកបានបន្ថែមថា ”យើងត្រូវដឹងថានៅលើផ្លូវហ្នឹងមិនងាយស្រួលទេ ស្មៅដុះច្រើនណាស់ ចូលមកក្នុងផ្លូវលទ្ធិប្រជាធិបតេយ្យ យើងចង់ឱ្យប្រជាធិបតេយ្យល្អ នីតិរដ្ឋត្រឹមត្រូវ ស្មៅត្រូវជម្រះចេញ”។

លោក ហ៊ុន សែន ត្រូវមជ្ឈដ្ឋានទូទៅជឿថា បាននិយាយលើកចុងក្រោយពាក់ព័ន្ធរឿងក្តីតុលាការដែលទាក់ទងនឹងនយោបាយ។

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក និងតំណាងរាស្ត្របីរូបទៀតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ដែលបានចូលរួមសម័យប្រជុំនោះ បានបោះឆ្នោតជំទាស់ការបញ្ជូនសេចក្តីព្រាងនេះដើម្បីសុំការពិនិត្យដោយជឿថា វាចាំបាច់ត្រូវការការផ្តល់មតិត្រឡប់ពីគណបក្សទាំងអស់ជាមុនសិន។

លោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការលើកឡើងនេះគឺជាការរំលោភរដ្ឋធម្មនុញ្ញ។

លោកស្រីលើកឡើងថា “មាត្រាទាំងអស់គឺយើងគិតថាខុសនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីសិទ្ធិ សេរីភាពនយោបាយបើគណបក្សនយោបាយគឺជាអ្នកដែលបានចូលរួមនឹងនយោបាយ”៕ ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស