29.6 C
Phnom Penh

លោក​​​ គឹម សុខ​​ រកបាន​​​មេធាវី ហើយគ្រោង​​​​ដាក់សំណើ​​​នៅ​​​ក្រៅឃុំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយជាប់ពន្ធនាគារទទួលបានមេធាវីមួយរូបដែលធ្លាប់តំណាងឱ្យអ្នកនយោបាយបក្សប្រឆាំង ដែលក្នុងរឿងក្តីភាគច្រើនតែងតែចាញ់នោះ មានគម្រោងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃនេះ នេះបើតាមការលើកឡើងរបស់មេធាវីរូបនេះ។

លោក ជូង ជូងី ជាមេធាវីមានប្រសាសន៍ថា លោកបានយល់ព្រមតំណាងឱ្យលោក គឹម សុខ កាលពីសប្ដាហ៍មុន បន្ទាប់ពីអ្នកអត្ថាធិប្បាយរូបនេះទទួលរងបណ្ដឹងដាច់ដោយឡែកពីគ្នាចំនួនពីរដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដឹងទាមទារសំណងជំងឺចិត្តក្នុងទឹកប្រាក់ជាង៥០០.០០០ដុល្លារ។

អ្នកអត្ថាធិប្បាយរូបនេះជាប់ពន្ធនាគារតាមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់កាលពីថ្ងៃសុក្រចំពោះការភ្ជាប់គណបក្សកាន់អំណាចទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ នៅក្នុងបទសម្ភាសន៍តាមវិទ្យុ។

លោក ជូង ជូងី បានមានប្រសាសន៍កាលពីម្សិលមិញ បន្ទាប់ពីទៅសួរសុខទុក្ខកូនក្ដីរបស់លោកនៅក្នុងពន្ធនាគារព្រៃសថា “សុខភាពរបស់លោក គឹម សុខ នៅធម្មតា ហើយស្មារតីរបស់គាត់នៅរឹងមាំ”។

លោក ជូង ជូងី បានថ្លែងថា លោកមានគម្រោងដាក់សំណើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ព្រមទាំងប្ដឹងទាស់ជំទាស់នឹងនីតិវិធីចាប់ខ្លួនរបស់តុលាការនៅថ្ងៃនេះ។ លោកបានថ្លែងថា “យើងមានគម្រោងប្ដឹងទាស់នៅថ្ងៃស្អែកប្រសិនបើខ្ញុំអាចរៀបចំឯកសារទាន់ពេល”។

cam-photo-lawyerបើទោះជាលោក គឹម សុខ ដំបូងឡើយបានស្នើសុំឱ្យតុលាការពន្យារពេលសាកសួររូបលោកដោយសារលោកមិនអាចរកមេធាវីឥតគិតថ្លៃបានក៏ដោយ ក៏លោក ជូង ជូងី បានមានប្រសាសន៍ថា លោកបានយល់ព្រមតំណាងឱ្យអ្នកអត្ថាធិប្បាយរូបនេះហើយដែរ ប៉ុន្តែលោកជាប់រវល់បំពេញកាតព្វកិច្ចផ្សេងទៀតនៅតាមបណ្ដាខេត្តកាលពីថ្ងៃសុក្រ។

លោកបានមានប្រសាសន៍ថា “គាត់បានសុំឱ្យខ្ញុំការពារក្ដីគាត់ ដូច្នេះហើយខ្ញុំបានយល់ព្រមការពារក្ដីឱ្យគាត់ដោយឥតគិតថ្លៃ”។

ដោយមិនមានមេធាវី លោក គឹម សុខ ត្រូវបានសាកសួរតែម្នាក់ឯងរយៈពេលប្រហែល៥ម៉ោងកាលពីថ្ងៃសុក្រ ដែលការសាកសួរលើកដំបូងដោយព្រះរាជអាជ្ញាមួយរូប ហើយបន្ទាប់មកដោយចៅក្រមស៊ើបសួរមុនពេលតុលាការប្រកាសថា  លោកត្រូវបានចោទប្រកាន់ហើយបញ្ជូនទៅពន្ធនាគារ។

លោក ជូង ជូងី បានតំណាងឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិច្រើនរូបមកហើយប្រឆាំងរដ្ឋាភិបាលក្នុងរឿងក្ដីកន្លងមក ដែលពាក់ព័ន្ធនឹងការវាយដំតំណាងរាស្ត្រ ការអះអាងកាន់កាប់ព្រំដែនពីសំណាក់វៀតណាម និងការចោទប្រកាន់ពីបទកុបកម្មជាដើម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនជាព្រះសង្ឃដែលបានគាំទ្របុព្វហេតុរបស់លោក គឹម សុខ នោះមានសង្ឃដីកាថា ពីដំបូងលោក ជូង ជូងី និយាយថាលោកមានពាក្យបណ្ដឹងច្រើនណាស់មិនអាចតំណាងឱ្យលោក គឹម សុខ បានឡើយ ប៉ុន្តែទីបំផុតលោកបានប្ដូរចិត្ត។

ព្រះតេជគុណអង្គនេះបន្តថា “អាត្មាគិតថា គាត់បានសុំឱ្យលោក ជូង ជូងី ការពារក្ដីគាត់ ពីព្រោះគាត់ជឿថា លោក ជូង ជូងី ចូលរួមនៅក្នុងបញ្ហានយោបាយជាច្រើន ហើយលោក ជូង ជូងី បានការពារក្ដីឱ្យអ្នកនយោបាយជាច្រើនក្នុងពេលកន្លងមក”។

លោក គឹម សុខ សកម្មណាស់នៅក្នុងគណបក្សរាជានិយមរហូតដល់ឆ្នាំ២០០៨ នៅពេលនោះលោកបានបម្រើការងាររយៈពេល៥ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានៅក្រសួងព័ត៌មានមុនពេលទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចនៅប្រទេសចិន។ អ្នកអត្ថាធិប្បាយមួយចំនួននិយាយថា លោក គឹម សុខ ទើបតែសកម្មក្នុងនាមជាបណ្ឌិតមួយរូបដែលប្រឆាំងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ការធ្វើឃាតលោក កែម ឡី កាលពីខែកក្កដា បានបញ្ឆេះកំហឹងអ្នកអត្ថាធិប្បាយរូបនេះ។ ព្រះអង្គមានសង្ឃដីកាថា “លោក គឹម សុខ បានប្ដូរជំហរ៩០ដឺក្រេបន្ទាប់ពីលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ ហើយមានមនុស្សច្រើនណាស់ដែលគាំទ្រការអត្ថាធិប្បាយរបស់គាត់៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស