39.4 C
Phnom Penh

សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​​​ផ្ដន្ទាទោស​​សកម្មជនតំបន់​បឹងកក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ បានធ្វើការតវ៉ាស្រដៀងគ្នាមួយនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ ខណៈសាលក្រមផ្ដន្ទាទោសត្រូវបានតម្កល់ប្រឆាំងសកម្មជនបួននាក់ រួមទាំងអ្នកស្រី ទេព វន្នី ផងចំពោះការចូលរួមក្នុងការតវ៉ាកាលពីឆ្នាំ២០១១។

អ្នកទាំងបួនត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែកាលពីខែកញ្ញា ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈអំឡុងការតវ៉ាពាក់ព័ន្ធការទាមទារសិទ្ធិកាន់កាប់ដីធ្លីកាលពីខែវិច្ឆិកាឆ្នាំ២០១១ ដែលក្នុងការតវ៉ានោះ ក្រុមសកម្មជនបានគប់ដុំថ្ម ស្បែកជើងកែងចោត និងវត្ថុផ្សេងៗទៀតដាក់ក្រុមសន្តិសុខដែលមកបំបែកពួកគេដែលប្រដាប់ដោយដំបងឆក់ និងខែលប្រឆាំងកុបកម្ម។

លោកយាយ ង៉ែត ឃុន សកម្មជនតំបន់បឹងកក់បន់ស្រន់នៅខាងក្រៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ មុនពេលសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនទាំងបួននាក់។ រូបថតៈ Emil Kastrup/ Cambodia Daily
លោកយាយ ង៉ែត ឃុន សកម្មជនតំបន់បឹងកក់បន់ស្រន់នៅខាងក្រៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ មុនពេលសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនទាំងបួននាក់។ រូបថតៈ Emil Kastrup/ Cambodia Daily

រឿងក្ដីនេះមិនត្រូវបានយកមកចាត់ការទេរហូតដល់ខែសីហា ដោយអូសបន្លាយរហូតដល់មានការវាយប្រហារផ្លូវច្បាប់បន្តលើអ្នករិះគន់រដ្ឋាភិបាលជាច្រើនទៀត។ បើទោះជាអ្នកស្រីទេព វន្នី ត្រូវបានជាប់ពន្ធនាគារតាំងពីពេលនោះមកក៏ដោយ ក៏សកម្មជនបីនាក់ទៀតបានបន្តសកម្មភាពរបស់ខ្លួនដែរ ខណៈដែលរង់ចាំបណ្ដឹងឧទ្ធរណ៍។

ពេលមកដល់តុលាការនៅមុនម៉ោង៩ព្រឹកបន្តិច អ្នកស្រី ទេព វន្នី ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣០ខែកាលពីសប្ដាហ៍មុន ចំពោះការចូលរួមក្នុងការតវ៉ាមួយកាលពីឆ្នាំ២០១៣នោះ  ត្រូវបានបណ្តើរកាត់អ្នកយកព័ត៌មានជាច្រើន ហើយបានស្រែកទៅកាន់អ្នកគាំទ្រឱ្យចូលរួមជាមួយសកម្មជន គឺអ្នកស្រី គង់ ចន្ថា បូ ឆវី និង ហេង មុំ ដែលកំពុងត្រូវតុលាការវិនិច្ឆ័យទោស។

ក្រុមអ្នកគាំទ្រត្រូវបាននគរបាលរារាំងមិនចូលទៅក្នុងសាលសវនាការទេ ហើយនគរបាលបានប្រាប់ពួកគាត់ឱ្យឈប់ស្រែក ប៉ុន្តែទីបំផុតពួកគាត់មួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលទៅអង្គុយនៅខាងក្នុងដើម្បីស្ដាប់សាលដីកា។

បន្ទាប់មក លោក ញូង ថុល ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា សាលក្រមនេះត្រូវបានតម្កល់។លោកថ្លែងថា ”យើងយល់ឃើញថា ចុងចោទពិតជាបានប្រព្រឹត្តបទល្មើសដូចសាលាដំបូងរាជធានីភ្នំពេញបានសម្រេចមែន”។

ប៉ូលិសបណ្តើរអ្នកស្រី ទេព វន្នី ចូលក្នុងសាលាឧទ្ធរណ៍នៅទីក្រុងភ្នំពេញ កាលពីម្សិលមិញ។  រូបថតៈ Emil Kastrup/ Cambodia Daily

ត្រង់ចំណុចនោះហើយ អ្នកស្រី ទេព វន្នី បានផ្ទុះកំហឹងហើយបានស្រែកដាក់ចៅក្រមរូបនោះ។ អ្នកស្រី ទេព វន្នី បាននិយាយថា សេចក្ដីសម្រេចរបស់អ្នកឯងនឹងបំផ្លាញជីវិតរបស់អ្នកឯងមិនខាន ពីព្រោះព្រះនឹងដាក់បណ្ដាសាអ្នក! អ្នកឯងធ្វើឱ្យយើងរស់ទាំងលំបាក”។

អ្នកស្រី ហេង មុំ ដែលត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈដែលដីនៅតំបន់បឹងកក់នេះត្រូវបានជួលទៅឱ្យក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងឆ្នាំ២០០៧ ហើយបឹងនេះត្រូវបានចាក់ដីបំពេញនោះ ក៏បានរិះគន់ប្រព័ន្ធតុលាការផងដែរ។

អ្នកស្រីបានប្រាប់តុលាការថា ”អាជ្ញាធរបានបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំ។ ច្រើនឆ្នាំមកហើយដែលខ្ញុំរងគ្រោះដោយសារការអភិវឌ្ឍនេះ។ហេតុអ្វីបានជាមិនឱ្យយើងរស់នៅបានសុខផង?”។

អ្នកស្រី ទេព វន្នី ដែលកំពុងស្រែកនេះត្រូវបានរុញចូលក្នុងរថយន្តវ៉ែនរបស់នគរបាលដែលរង់ចាំជាស្រេច ខណៈដែលសកម្មជនបីនាក់ទៀតបានចូលរួមជាមួយមនុស្សជាច្រើនទៀតធ្វើការតវ៉ានៅខាងក្រៅតុលាការ។

អ្នកទាំងបួនមានពេល៣០ថ្ងៃដើម្បីប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលសេចក្តីសម្រេចនេះ នឹងត្រូវបានបញ្ជូនទៅតុលាការកំពូលដើម្បីសម្រេចចុងក្រោយ៕សារុន (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស