29.6 C
Phnom Penh

​​លោកនាយក​​រដ្ឋ​មន្ត្រី​ថា លោក​​​គឺ​​​ជា​​​​​អ្នក​​លើក​បន្តុប​​លោក​ កឹម សុខា ឲ្យ​ធ្វើ​ជា​​ប្រធាន​គណ​​​បក្ស​​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារយ៉ាងពេញទំហឹងទៅលើគណបក្សប្រឆាំងកាលពីម្សិលមិញ ហើយអះអាងថា លោកជាអ្នកលើកបន្តុបលោក កឹម សុខា ឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដោយបញ្ចេញសេចក្តីលម្អិតបន្ថែមទៀតស្តីពីការទំនាក់ទំនងរបស់លោកជាមួយលោក កឹម សុខា ហើយរិះគន់លោក សម សារី ឪពុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថាជា “ជនក្បត់ជាតិ”។

ការវាយប្រហារដែលលោក សម រង្ស៊ី ចាត់ទុកថាជា “យុទ្ធនាការមួលបង្កាច់ និងផ្សាយព័ត៌មានមិនពិត” របស់គណបក្សកាន់អំណាចនេះកើតឡើងអមដោយការលាលែងពីតំណែងរបស់មេដឹកនាំគណបក្សប្រឆាំងថ្នាក់ខេត្តម្នាក់កាលពីម្សិលមិញ ដែលបានបន្ទរតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីថា លោក កឹម សុខា បានធ្វើតាមបង្គាប់របស់លោក ហ៊ុន សែន ។

នៅឯពិធីប្រគល់សញ្ញាបត្រកាលពីម្សិលមិញ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានទទួលខុសត្រូវចំពោះការឡើងកាន់តំណែងរបស់លោក កឹម សុខា ដោយលើកឡើងថា ” ខ្ញុំនិយាយជាមួយ កឹម សុខា និយាយមែន ហើយផែនការរៀបចំឲ្យ កឹម សុខា ឡើង កាន់បក្ស ខ្ញុំក៏រៀបចំ”។

WP-LastImage-71-800x533ការលើកឡើងបែបនេះធ្វើឡើងក្រោយពីបែកធ្លាយខ្សែអាត់សន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ដែលលោក ហ៊ុន សែន អះអាងទទួល ស្គាល់ ប៉ុន្តែដែលធ្វើឲ្យគណបក្សប្រឆាំងមានមន្ទិលដែលហាក់បង្ហាញថា លោក ហ៊ុន សែនណែនាំឲ្យលោក កឹម សុខា កាលពីខែកញ្ញាឆ្នាំមុនពីវិធីទាត់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចេញពីសង្វៀននៅពេលនោះ។ ការសន្ទនានេះកើតឡើង ខណៈលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីគេចវេះរឿងក្តីតុលាការប្រឆាំងរូបលោកដែលមជ្ឈដ្ឋានភាគច្រើនចាត់ទុកថាជារឿងនយោបាយ និងនៅមុនពេលទទួលបានព្រះរាជទានលើកលែងទោសតាមសំណើរបស់លោក ហ៊ុន សែន សម្រាប់ការផ្តន្ទាទោសមួយ ទាក់ទិនសំណុំរឿងនេះ។ នៅក្នុងខ្សែអាត់សំឡេងដែលបែកធ្លាយនោះលោក កឹម សុខា មិនបានឆ្លើយតបទេ ខណៈលោក ហ៊ុន សែន សុំឲ្យលោកធ្វើជាដៃគូ។

លោក កឹម សុខា បានទទួលតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍មុនបន្ទាប់ពីរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ដែល អនុញ្ញាតឲ្យរដ្ឋាភិបាលរម្លាយគណបក្សនយោបាយណាដឹកនាំដោយអ្នកដែលជាប់ទោសព្រហ្មទណ្ឌ ឬសូម្បីបទមជ្ឈិម។លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ ហើយបន្តរស់នៅក្នុងទីក្រុងប៉ារីស ប្រឈមនឹងរឿងក្តីជាច្រើន។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា “ច្បាប់ [ស្តីពីគណបក្សនយោបាយ] គេឲ្យតែ៩០ថ្ងៃរើស [ប្រធាន] អញ្ចឹងមិនរើសឲ្យលឿន។ ណែកុំចង់លេងជាមួយតេជោវើយ”។

កាលពីម្សិលមិញ លោក ហ៊ុន សែន មិនរអែងចិត្តឡើយក្នុងការអះអាងអំពីភាពស្របច្បាប់នៃការបែកធ្លាយចុងក្រោយនេះ។ សំដៅដល់លោក សម រង្ស៊ី ដែលបានចាត់ទុកការបែកធ្លាយកាលពីថ្ងៃអាទិត្យថា “ត្រូវបានប្រឌិតឡើង ឬកាត់ត ហើយចុះផ្សាយជាអក្សរ” លោក ហ៊ុន សែន បានមានប្រសាសន៍ថា”អាម្នាក់នៅក្រៅ [ប្រទេស] ធ្វើការចោទប្រកាន់ថាវាមិនពិត វាត្រូវគេកាត់ត”។

នៅមុននេះក្នុងថ្ងៃដដែលនៅឯពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងថ្មីមួយខ្សែក្នុងរាជធានីភ្នំពេញ លោកបានចម្អកដាក់លោក សម រង្ស៊ី ដោយសួរថា “លោកឯងសាកលមើល?”។លោកបន្តថា”បើលោកឯងសាក ខ្ញុំនឹងទម្លាយ WhatsApp និង SMS ទាំងអស់ ឯកសារទាំងអស់ដែលលោកឯងបានផ្ញើឲ្យខ្ញុំតាម WhatsApp តេឡេក្រាម និង Line”។

ក្រោយមកនៅក្នុងពិធីប្រគល់សញ្ញាបត្រ លោក ហ៊ុន សែន បានបន្តគំរាមកំហែងដោយ បញ្ជាឲ្យគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាល បញ្ចេញសារ WhatsApp ឆ្លើយឆ្លងគ្នារវាងលោកនិងលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

ការសន្ទនានោះត្រូវបានចុះផ្សាយតាម Fresh News ក្នុងរយៈពេលតែប៉ុន្មានម៉ោង ហើយនៅក្នុងនោះលោក ហ៊ុន សែន សួរថាហេតុអ្វីបានជាលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិមិនថ្កោលទោស ឬបណ្តេញ ចេញសកម្មជនដែលអះអាងថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់មន្ត្រីកុម្មុយនិស្តវៀតណាម។

លោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបថា “លោកពូ ខ្ញុំធ្លាប់ឮផ្ទាល់នឹងត្រចៀកពីលោក សម រង្ស៊ី និយាយរឿង ម៉ាណែត កូនរបស់មេដឹកនាំវៀតណាមនៅក្នុងអង្គប្រជុំតែម្តងចំណែកឯពួកនិយមលោក កឹម សុខា មិនដែលប៉ះពាល់គ្រួសារពូទេ”។

ការឆ្លើយតបដែលគេសន្មតថាចេញពីលោក ម៉ៅ មុនីវណ្ណ នេះលើកឡើងថា គណបក្សកំពុងព្យាយាមដកខ្លួនមិនពាក់ព័ន្ធនឹងទំព័រហ្វេសប៊ុកគាំទ្រគណបក្សសង្គ្រោះជាតិ គឺគណនី ឈ្មោះ Cham Chany និង Brady N Young ដែលបានផ្សាយការចោទប្រកាន់ទាំងនេះហើយអះអាងថា បុរសនៅពីក្រោយគណនីឈ្មោះ Brady N Young ត្រូវបានដកចេញពីតំណែងអនុប្រធានសាខាគាំទ្របក្សនៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រញ៉ា ហើយ។

លោក ម៉ៅ មុនីវណ្ណ បានឆ្លើយថា “លោកពូ ឥឡូវនេះខ្ញុំសង្កេតឥរិយាបថលោក សុខា ចង់ជួបពិភាក្សាជាមួយលោកពូខ្លាំងណាស់ បើលោកពូអនុញ្ញាត”។ លោក ហ៊ុន សែន បានឆ្លើយតបវិញថា លោកជិតធ្វើដំណើរទៅប្រទេសរុស្ស៊ី ហើយ។

ទោះជាយ៉ាងណា លោក ម៉ៅ មុនីវណ្ណ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានអះអាងតាមរយៈសារមួយដែលបានបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសុក្រថា ព័ត៌មានទម្លាយដោយ Fresh News “ជាការប្រឌិត”។

ការទម្លាយរបស់លោក ហ៊ុន សែន នូវការសន្ទនានេះគឺជាការបំពានមាត្រា៩៧នៃច្បាប់ទូរគមនាគមន៍ដែលហាមឃាត់ការចុះផ្សាយ “ខ្លឹមសារនៃការសន្ទនាដោយមិនទទួលបានសិទ្ធិស្របច្បាប់ពីភាគីសន្ទនា ឬសិទ្ធិស្របច្បាប់ ឬបទដ្ឋានគតិយុទ្ធជាធរមាន”។

យោងតាមលោក សុខ សំអឿន អ្នកជំនាញ ខាងច្បាប់បានឲ្យដឹងថា បើការសន្ទនានោះមានពីរភាគី វាតម្រូវឲ្យមានការអនុញ្ញាតពីគណបក្សទាំងពីរ។

ប៉ុន្តែ លោក ហ៊ុន សែន បានចំណាយ ពេល បន្តិចលើកឡើងពីក្រមច្បាប់នៅក្នុងសុន្ទរកថារបស់លោកកាលពីម្សិលមិញ ដោយងាកទៅស្តីបន្ទោសលោក កឹម សុខា ចំពោះការលើកឡើងកាលពីសប្តាហ៍មុនថា គណបក្សសង្គ្រោះជាតិនឹង“ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្លួនឯងមិនទាំងមានស្អីផង មកមើលងាយគេ”។

លោក ហ៊ុន សែន បានងាកមកថ្លែងដោយ ប្រើពាក្យសំដីធ្ងន់ៗដាក់លោក សម រង្ស៊ី វិញម្តង។

លោកបានមានប្រសាសន៍កាលពីម្សិលមិញអំឡុងពិធីប្រគល់សញ្ញាបត្រថា “សុំផ្តាំ កុំថារង្ស៊ី មួយ មួយរយរង្ស៊ី ហើយហៅទាំងខ្មោច សម សារី ដែលជាឪលោកឯងក្បត់ជាតិមកទៀត ក៏ ហ៊ុន សែន អត់ខ្លាចដែរ។ ខ្ញុំមិនដែលចេះខ្លាចនរណាទេ”។

លោក សម សារី គឺជាសហការីដ៏ជិតស្និទ្ធនឹងព្រះអង្គម្ចាស់ នរោត្តម សីហនុ អំឡុងពេលនោះ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ប៉ុន្តែ បាននិរទេសខ្លួន ហើយបានបាត់ដំណឹងនៅក្នុងឆ្នាំ១៩៦២ បន្ទាប់ពីត្រូវបានបង្ហាញថាមានជាប់ពាក់ព័ន្ធនៅក្នុងការរៀបផែនការផ្តួលរំលំព្រះអង្គម្ចាស់អង្គនេះ។ គេបានសន្មតថា លោក បានស្លាប់ហើយ។

ខណៈ លោក ហ៊ុន សែន កំពុងថ្លែងសុន្ទរថា នៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រលោក សួង សុភ័ណ្ឌ អតីតប្រធានក្រុមការងារនិងជាអតីតបេក្ខជនតំណាងរាស្ត្រខេត្តប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងជាសកម្មជនតំណាងអ្នកភូមិរងការបណ្តេញចេញពីតំបន់បឹងកក់ ដែលធ្លាប់ប្តឹងលោកនាយករដ្ឋមន្ត្រីនោះ បាននិយាយចេញ ពីស្តូបមួយនៅក្បែរនោះ ដោយប្រកាសពីការលាលែងរបស់លោកពីគណបក្សនេះ និងចោទថា លោក កឹម សុខា មានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្ត្រី។

លោកបានថ្លែងថា “យើងមិនអាចបន្តឲ្យមនុស្សដែលយើងយល់ថា ជាមនុស្សឈ្នាន់របស់គណបក្សកាន់អំណាច ហើយកដឹកនាំ។

លោក សួង សុភ័ណ្ឌ បានលើកឡើងទៀតថា លោក មានការសង្ស័យលោក កឹម សុខា

តាំងពីគណបក្សសិទ្ធិមនុស្ស ចូលរួមជាមួយគណបក្ស សម រង្ស៊ី នៅក្នុងឆ្នាំ២០១២ ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិមកម្លេ៉ះ ប៉ុន្តែលោករង់ចាំរហូតដល់មានការបែកធ្លាយសារសំឡេងសន្ទនាជាមួយលោក ហ៊ុន សែន ទើបលោកអាចបញ្ជាក់ពីការសង្ស័យនេះបានហើយលោកក៏លាលែងពីគណបក្សសង្គ្រោះ ជាតិភ្លាមៗតែម្តង។

លោកបានមានប្រសាសន៍ថា “បើសិនលោក កឹម សុខា នៅតែបន្តក្នុងការដឹកនាំ ឥស្សរជនផ្សេងៗនឹងលាលែងជាបណ្តើរៗហើយ ” ។ លោក បានបន្ថែមថា លោកគ្មានគម្រោងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ ពេលទាក់ទងកាលពីម្សិលមិញ លោក សម រង្ស៊ី បាននិយាយសម្រាលសារៈសំខាន់នៃការលាលែងនះ និងសារសំឡេងដែលបែកធ្លាយ។

លោកបានសរសេរនៅក្នុងអុីម៉េលមួយថា “នេះគ្រាន់តែជាការប្រឌិត បំប៉ោង ឬបំភ្លៃ ព័ត៌មានដែលជាផ្នែកនៃយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះនិងផ្សព្វផ្សាយព័ត៌មានមិនពិតដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា និងជាសង្គ្រាមចិត្តសាស្ត្រមានគោលដៅបំបែកបំបាក់ និងធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយប៉ុណ្ណោះ”។ លោកបានសរសេរ បន្តថា “យើងមិនឆ្កួតដល់ថ្នាក់ទៅចាត់ទុកបញ្ហាហ្នឹងជារឿងធ្ងន់ធ្ងរ ហើយបណ្តោយឲ្យធ្លាក់ចូលក្នុងអន្ទាក់គេនោះឡើយ”។

ពេលនិយាយទាក់ទិននឹងការរិះគន់របស់លោក ហ៊ុន សែន លើឪពុករបស់លោកនោះ លោក សម រង្ស៊ី បានលើកឡើងដោយសំដៅ ដល់សម្រង់សំដីមួយដែលលោកសន្មតថា ជារបស់ព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៨៩ ពេលព្រះអង្គត្រូវបានគេទូលសួរថា ហេតុអ្វី ព្រះអង្គ មានទំនាក់ទំនងជាមួយ ខៀវ សំផន ប្រមុខរដ្ឋនៃរបបខ្មែរក្រហាម។ សម្រង់សំដីនេះមានខ្លឹមថា ដូច្នេះថា”ខៀវ សំផន គឺជាឧក្រិដ្ឋជន ប៉ុន្តែមិនមែនជាជនក្បត់ជាតិទេ ខុសពី ហ៊ុន សែន ដែលជាឧក្រិដ្ឋជនផង និង ជនក្បត់ជាតិផង”៕សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស