39.4 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​រៀន​រស់​ ​​​ដោយសារខ្លាច​​​​​​គណបក្ស​​​កាន់​​​អំណាច​​​​​​រម្លាយ​​​ចោល​​​ក្រោម​​​ច្បាប់​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីដើមសប្តាហ៍នេះ គណបក្សសង្គ្រោះជាតិបានចុះឈ្មោះបេក្ខជនចំនួន១១.៥៧២រូបសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា នៅក្នុងអ្វីដែលទំនងជាបង្ហាញពីសូចនាករសម្រាប់ការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយ។

ប៉ុន្មានថ្ងៃក្រោយមក លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីដ៏ស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែនោះបានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដែលផ្តល់អំណាចថ្មីដ៏ទូលំទូលាយដល់រដ្ឋាភិបាលក្នុងការកម្ចាត់គណបក្សនយោបាយណាមួយពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនានាដែលមិនបានចែងច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រឈមនឹងការសាកល្បងដ៏តឹងតែងបំផុតនៅក្នុងរយៈពេល២៥ឆ្នាំមកនេះ បានវាយប្រហារឥតអៀនខ្មាសលើគណបក្សសង្គ្រោះជាតិ នៅពេលលោកបានចេញបទបញ្ជាឲ្យគណបក្សរបស់លោករៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីខែមុន។

ថ្នាក់ដឹកនាំថ្មីគណបក្សប្រឆាំងឈរមុនការបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ។  (ពីឆ្វេងទៅស្តាំ) លោក កឹម សុខា លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេង ឆៃ អ៊ាង។ រូបថតៈ Emil Kastrup/ Cambodia Daily
ថ្នាក់ដឹកនាំថ្មីគណបក្សប្រឆាំងឈរមុនការបោះឆ្នោតអនុម័តជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ។  (ពីឆ្វេងទៅស្តាំ) លោក កឹម សុខា លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេង ឆៃ អ៊ាង។ រូបថតៈ Emil Kastrup/ Cambodia Daily

វាបានធ្វើឲ្យអ្នកសង្កេតការណ៍នៅមានចម្ងល់ថាតើគណបក្សសង្គ្រោះជាតិនឹងតស៊ូរស់រហូតដល់ការបោះឆ្នោតឃុំសង្កាត់បានឬមិនបាន កុំថាឡើយដល់ទៅការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រសិនបើបាន ក្រុមអ្នកសង្កេតការណ៍នេះបានលើកឡើងថា គណបក្សប្រឆាំងនេះត្រូវបន្ទន់ជំហររបស់ខ្លួនដែលធ្លាប់តែប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗក្នុងការឃោសនា ជួនកាលនិយាយពាក់ព័ន្ធដល់ ាតិសាសន៍ទៀតផងនោះ ។ ប៉ុន្តែ គណបក្សនេះអាចបាត់បង់សំឡេងឆ្នោតសម្រេចជោគវាសនាមួយចំនួន។

គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមមានការប្រុងប្រយ័ត្នរួចហើយក្នុងការប្រើពាក្យពេចន៍របស់ខ្លួន។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបាននិងកំពុងប្រាប់សមាជិករបស់ខ្លួនឲ្យមានការអត់ធ្មត់កុំធ្វើការវាយប្រហារដោយផ្ទាល់ខ្លួនលើរដ្ឋាភិបាល និងឥស្សរជនគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃអង្គារនៅឯកិច្ចប្រជុំមួយធ្វើឡើងទុកសម្រាប់ការបោះឆ្នោតឃុំសង្កាត់នោះ លោកបានណែនាំបេក្ខជនក្នុងគណបក្សរបស់លោកកុំឲ្យនិយាយពាក់ព័ន្ធនឹងថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនមានការបកស្រាយខុសៗគ្នាថា ជាថ្ងៃដែលវៀតណាមបានរំដោះប្រទេសពីកណ្តាប់ដៃខ្មែរក្រហម ឬជាថ្ងៃដែលវៀតណាមចូលត្រួតត្រាកម្ពុជារយៈពេល១០ឆ្នាំ ដែលអំឡុងពេលនោះប្រទេសនេះបានលើកបន្តុបគណបក្សប្រជាជនកម្ពុជាឲ្យកាន់អំណាច។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា គណបក្សប្រឆាំងត្រូវតែតស៊ូទៅមុខទៀត។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្មអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជានោះផ្អាកសកម្មភាព ឬរម្លាយគណបក្សណាមួយចោលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់ ក្នុងនោះមានដូចជា “ការធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស”និង”ការញុះញង់ដែលអាចនំាឲ្យមានការបែកបាក់ជាតិ”។ គណបក្សប្រជាជនកម្ពុជាបានគំរាមប្តឹងគណបក្សសង្គ្រោះជាតិរួចហើយ ពីបទញុះញង់ពាក់ព័ន្ធពាក្យស្លោកឃោសនាដែលជំរុញឲ្យអ្នកបោះឆ្នោតប្តូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ។

រហូតមកទល់ពេលនេះគណបក្សសង្គ្រោះ ជាតិនៅតែរក្សាជំហរដដែលដោយបដិសេធមិនបោះបង់ចោលពាក្យស្លោកនេះឡើយ។ ប៉ុន្តែ លោក មាស នី បានលើកឡើងថា គណបក្សនេះទំនងជាអត់ធ្មត់មិននិយាយអ្វីដែលពាក់ព័ន្ធនឹងថ្ងៃ៧មករានោះឡើយ។

លោកបានមានប្រសាសន៍ថា “ពីមុនពាក្យស្លោកប្រឆាំងវៀតណាមអាចត្រូវបានចោទប្រកាន់ដោយគណបក្សកាន់អំណាចថា ជាការរើសអើង ប៉ុន្តែ លើកនេះពួកគេអាចចោទប្រកាន់ថាជាការបង្កើត…ឲ្យមានការញុះញង់”។

នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣   គណ បក្សសង្គ្រោះជាតិកៀងគរបានការគាំទ្រមួយចំនួនតាមរយៈការលើកឡើងអំពីការសង្ស័យដដែលៗថា រដ្ឋាភិបាលមានបំណងកាត់ទឹកដីនៅក្នុងការកំណត់ព្រំដែនជាយូរមកហើយរវាងប្រទេសកម្ពុជានិងវៀតណាម។

បញ្ហានេះជាបញ្ហាដែលគណបក្សប្រជាជនកម្ពុជាមិនចង់ឲ្យមានការលើកឡើងនោះឡើយ។ គណបក្សនេះទំនងជាទទួលស្គាល់ថា ទំនាក់ទំនងជាយូរមកហើយរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងហាណូយគឺជាហានិភ័យផ្នែកនយោបាយពិតប្រាកដ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដឹកនាំអ្នកគាំទ្រពោរពេញទៅដោយកំហឹងជាច្រើនចុះទៅតំបន់ព្រំដែន ហើយបានបញ្ចូលពាក្យពេចន៍រិះគន់ប្រឆាំង “យួន” ឈ្លានពាននិងអន្តោប្រវេសន៍ទៅក្នុងយុទ្ធនាការឃោសនារបស់ខ្លួន។ មជ្ឈដ្ឋានជាច្រើនចាត់ទុកថាពាក្យនេះជាពាក្យប្រើជំនួសឲ្យវៀតណាម ប៉ុន្តែ ­គណបក្សសង្គ្រោះជាតិមិនយល់អ៊ីចឹងទេ។

លោក មាស នី បានថ្លែងថា “គណបក្សសង្គ្រោះជាតិប្រហែលជាត្រូវប្តូរយុទ្ធសាស្ត្រ របស់ខ្លួនដោយមិនត្រូវលើកឡើងពីពាក្យ’វៀតណាម’ចំៗនោះឡើយ ហើយត្រូវពន្យល់ ពីគោលនយោបាយដែលអាចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ទូទៅ”។ លោកបានបន្ថែមថា ” គ្រាន់តែនិយាយសំដៅដល់ជនអន្តោប្រវេសន៍ទូទៅវាអាច…ធ្វើឲ្យប្រជាពលរដ្ឋដឹងទៅហើយថា នរណាដែលពួកគាត់ចង់សំដៅដល់នោះ។ វិធីនេះជាវិធីដែលគណបក្សប្រជាជនកម្ពុជាពិបាករកហេតុផលមកចោទប្រកាន់ [គណបក្សប្រឆាំង] ពីបទឃោសនាញុះញង់”។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វែល)បានលើកឡើងថា គណបក្សប្រឆាំងបានបន្ទន់ជំហរក្នុងការនិយាយស្តីរបស់ខ្លួនរួចហើយពាក់ព័ន្ធបញ្ហាព្រំដែនចាប់តាំងពីតំណាងរាស្ត្ររបស់ខ្លួនចំនួនពីររូបត្រូវបានចាប់ខ្លួន និងកាត់ឲ្យជាប់ទោសពីបទចោទប្រកាន់ដូចគ្នាកាលពីពីរឆ្នាំកន្លងមកនេះ ។

ដោយច្បាប់ស្តីពីគណបក្សនយោបាយថ្មីឥឡូវនេះបានចូលជាធរមានហើយនោះ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ការប្រើប្រាស់ពាក្យពេចន៍នឹងកាន់តែខ្សោយជាងមុនទៀត”។

លោក គល់ បញ្ញា បានលើកឡើងទៀតថា វាទំនងជាមិនអាចបិទមាត់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើនបាននោះឡើយ ប៉ុន្តែ វាអាចធ្វើឲ្យគណបក្សនេះបាត់បង់សំឡេងឆ្នោតពីអ្នកមិនទាន់អាចសម្រេចចិត្តបាន ដែលនឹងប្រហែលជាងាកទៅ បោះឆ្នោត ឲ្យគណបក្សផ្សេងជំនួសវិញ ឬក៏មិនបោះឆ្នោតឲ្យគណបក្សណាទាល់តែសោះ។ សំឡេងឆ្នោតទាំងនោះ ពិតជាមានសារៈសំខាន់នៅតាមបណ្តាខេត្តដែលមានការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញ ហើយរាស់អាសនៈនៅក្នុងសភាដែលមាន១២៣អាសនៈសុទ្ធតែមានតម្លៃ។ បើគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ៧អាសនៈទៀតនៅក្នុងឆ្នាំ២០១៣ ម្លេ៉ះឈ្នះគណបក្សប្រជាជនកម្ពុជាបាត់ទៅហើយ។

លោក គល់ បញ្ញា បានមានប្រសាសន៍ថា”ប្រហែលជាអ្នកបោះឆ្នោតដែលមិនទាន់អាចសម្រេចចិត្តបានមួយចំនួន ពួកគាត់ត្រូវការការយល់ដឹងឲ្យបានកាន់តែស៊ីជម្រៅ”។ លោកបានបន្ថែមថា “ពួកគេ [គណបក្សសង្គ្រោះជាតិ] ចាំបាច់ត្រូវតែចាក់ឲ្យចំបេះដូងរបស់ពួកគាត់ ហេតុដូច្នេះពាក្យពេចន៍សំខាន់ៗ គឺវាមានសារៈសំខាន់ណាស់”។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាលោក កឹម សុខា នោះ យល់ស្របថា គណបក្សសង្គ្រោះជាតិអាចបាត់បង់សំឡេងឆ្នោតដែលសម្រេចជោគវាសនាមួយចំនួន។

លោកបានមានប្រសាសន៍ថា “វាអាចទៅរួច” ។ លោកបានបន្ថែមថា “ប្រជាពលរដ្ឋចង់បានអ្វីដែលជាក់លាក់ និងចំៗចំណុច”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សេនះចាំបាច់ត្រូវតែណែនាំសមាជិក និងបេក្ខជនរបស់ខ្លួនកុំឲ្យធ្វើការវាយប្រហារដោយផ្ទាស់ខ្លួនដើម្បីអាចបន្តរស់រានទៅមុខទៀត ប៉ុន្តែ ព្រះអង្គជឿជាក់ថា អ្នកគាំទ្រនឹងនៅតែស្មោះត្រង់ ហើយចូលរួមដដែល”ព្រោះប្រជាពលរដ្ឋចង់បានការផ្លាស់ប្តូរ”។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា ទោះបីជាគណបក្សរបស់លោក ស្រីនិយាយ ឬមិននិយាយក៏ដោយ វាក៏មិនអីដែរ ដោយសារឥឡូវបណ្តាញទំនាក់ទំនងសង្គមបានជួយប្រជាពលរដ្ឋឲ្យយល់ដឹងលែងជឿការឃោសនារបស់រដ្ឋាភិបាល។

ទើបតែប៉ុន្មានថ្ងៃកន្លងមកនេះប៉ុណ្ណោះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការតែងតាំងលោក កឹម សុខា ជាប្រធានបក្សនៅដើមខែនេះប្រហែលជារំលោភបំពានបទបញ្ជាផ្ទៃក្នុងរបស់គណបក្សនេះ និងធ្វើឲ្យប៉ះពាល់ដល់ឱកាសរបស់គណបក្សសង្គ្រោះជាតិក្នុងការដាក់បេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅខែមិថុនា។

វាក៏មានការគំរាមពីគណបក្សប្រជាជនកម្ពុជាដាក់ពាក្យបណ្តឹងពីបទញុះញង់ជុំវិញពាក្យស្លោកឃោសនារបស់គណបក្សសង្គ្រោះ ជាតិ ការបើកការសើុបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយលើលោក កឹម សុខា ទាក់ទិននឹងការមានស្នេហាលួចលាក់ជាមួយអ្នកធ្វើសក់ម្នាក់ និងការចោទប្រកាន់ការធ្វើកុបកម្មលើមន្ត្រីគណបក្សផ្សេងៗទៀតរបស់គណបក្សនេះពាក់ព័ន្ធការប៉ះទង្គិចគ្នានៅឆ្នាំ២០១៤នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញផងដែរ។

រដ្ឋាភិបាលអាចចាត់វិធានការទាំងនេះបាននៅពេលណាដែលខ្លួនចង់ ហើយប្រើប្រាស់អំណាចថ្មីរបស់ខ្លួនក្រោមច្បាប់ស្តីពីគណបក្សនយោបាយដើម្បីផ្អាកសកម្មភាពរបស់គណបក្សណាមួយ។ ដោយគណបក្សប្រជាជនកម្ពុជាកាន់តែលែងខ្វាយខ្វល់នឹងការរិះគន់ពីលោកខាងលិចដោយសារមានជំនួយហិរញ្ញវត្ថុកាន់តែច្រើនឡើងៗពីប្រទេស ចិននោះ វាជារឿងមួយនឹកស្មានមិនដល់។

ទីបំផុត លោកស្រី មូរ សុខហួរ បានលើកឡើងថា គ្មានអ្វីអាចជួយសង្គ្រោះគណបក្សសង្គ្រោះជាតិពីបំណងយាយីរបស់រដ្ឋាភិបាលដែលមានអំណាចកែប្រែច្បាប់តាមអំពើចិត្តរបស់ខ្លួនបាននោះឡើយ ហើយវាឥតប្រយោជន៍ ទេ ទោះជាខិតខំខ្លាំងយ៉ាងណាក៏ដោយ។

លោកស្រីបានមានប្រសាសន៍ថា “ពួកគេអាចបកស្រាយទៅបែបម៉េចក៏បានដែរ។ ប្រសិនបើពួកគេរកវិធីមិនបាននៅថ្ងៃេនះ ក៏ពួកគេអាចរកបានដែរនៅថ្ងៃស្អែក”។ លោកស្រីបានបន្តថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ”៕ ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស