39.4 C
Phnom Penh

ក្រុមហ៊ុន​​​​​​លោក​ គិត​​​ ម៉េង​​​ ​ស្នើ​​​​​​​​​​ឱ្យ​​​ដក​​​អត្ថបទ​​​ចេញ​​​​​ជា​ថ្នូរ​នឹង​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម្នាក់ដែលរថយន្តពីរគ្រឿងរបស់ក្រុមហ៊ុននេះត្រូវបានអាជ្ញាធរឃាត់ទុកកាលពីសប្ដាហ៍មុន ចំពោះការព្យាយាមដឹកឈើទៅប្រទេសវៀតណាមនោះ  បដិសេធថាមិនមានកំហុសទេ ហើយនឹងជូនលុយកាក់ខ្លះដល់អ្នកយកព័ត៌មានឱ្យដកអត្ថបទចុះផ្សាយដំបូងចេញពីគេហទំព័រ។

កាលពីថ្ងៃអាទិត្យ  មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា អាជ្ញាធរក្នុងខេត្តត្បូងឃ្មុំបានឃាត់រថយន្តពីរគ្រឿងដឹកឈើពេញកាលពីពីរថ្ងៃមុន ដែលបម្រុងបើកឆ្លងចូលប្រទេសវៀតណាម ជាការរំលោភបំពានទៅនឹងបម្រាម ខែមករា ឆ្នាំ២០១៦ មិនឱ្យមានការនាំឈើ ចេញទៅកាន់ប្រទេសនោះ។

ក្រុមហ៊ុន Ang and Associates Lawyers ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញលិខិតអនុញ្ញាតចេញដោយរដ្ឋាភិបាលដល់អាជ្ញាធរនៅថ្ងៃបន្ទាប់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកឈើចេញពីខេត្តស្ទឹងត្រែង កន្លែងដែលក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប រានព្រៃសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។

cam-photo-jetty-channa-800x533លោក ចាន់ តារា ជំនួយការលោក ហ៊ាង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តាមពិតអ្នកបើកបររថយន្តត្រូវដឹកឈើទាំងនោះឆ្ពោះទៅទិសខាងលិចទៅកាន់ខេត្តកណ្ដាល និងខេត្តព្រៃវែង ប៉ុន្តែពួកគេបែរជាប្រាប់មន្ត្រីគយថា ខ្លួនដឹកឆ្ពោះទៅប្រទេសវៀតណាម ទៅវិញ។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទាំងលោក គិត ម៉េង និងលោក រ៉េមី ឃិន ប្រធានក្រុមហ៊ុន Ang and Associates មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេកាលពីម្សិលមិញ។

ទោះជាយ៉ាងណា លោក គឹម សេង ដែលប្រាប់ថាខ្លួនជាតំណាងក្រុមហ៊ុន Ang and Associates ក្នុងខេត្តស្ទឹងត្រែង បានទូរស័ព្ទទៅអ្នកយកព័ត៌មានដោយបដិសេធថា ក្រុមហ៊ុនមិនបានធ្វើអ្វីខុសច្បាប់ឡើយ។ លោកបានលើកឡើងថា ឈើទាំងនេះត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយអះអាងថា អ្នកបើកបរគ្រាន់តែឈប់ដេកមួយស្រឡេតនៅចិញ្ចើមផ្លូវប៉ុណ្ណោះ មុនពេលបន្តដំណើរទៅមុខ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាពួកគេឆ្ពោះដំណើរទៅទីណាឲ្យពិតប្រាកដឡើយ។

លោក គឹម សេង ថ្លែងថា “តាមពិត អ្នកបើកបររថយន្តបានចងអង្រឹងដេកក្រោមរថយន្តដែលចតស្ងៀមនៅតាមផ្លូវលំតែប៉ុណ្ណោះ ប៉ុន្តែមន្ត្រីគយបានឃាត់ពួកគេតែម្ដង។ ឈើទាំងនេះជារបស់ក្រុមហ៊ុន Ang and Associates Lawyers។ វាត្រូវបានដឹកចេញពីកន្លែងស្តុកក្នុងខេត្តស្ទឹងត្រែង ដើម្បីយកទៅលក់ក្នុងស្រុកតែប៉ុណ្ណោះ ហើយយើងមានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនត្រឹមត្រូវ”។

លោក ព្រំ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការលើកឡើងខាងលើមិនទំនងទាល់តែសោះ ពីព្រោះរថយន្តទាំងពីរគ្រឿងនេះបានចតចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីព្រំដែនវៀតណាម លើផ្លូវដាច់ស្រយាលមួយដែលគ្មានទៅណាផ្សេងក្រៅពីទៅប្រទេសវៀតណាម ឡើយ។

លោកបានថ្លែងថា ”រថយន្តមួយគ្រឿងបានឈប់ចម្ងាយប្រហែល២០ម៉ែត្រប៉ុណ្ណោះពីច្រកព្រំដែនជាំក្រវៀន ហើយរថយន្តមួយគ្រឿងទៀតឈប់ចម្ងាយប្រហែល៦០ម៉ែត្រពីច្រកព្រំដែនខ្លាឃ្មុំ។ ប្រាកដណាស់ រថយន្តទាំងពីរគ្រឿងនេះព្យាយាមបើកឆ្លងព្រំដែនទៅវៀតណាម ពីព្រោះនៅកន្លែងនេះគ្មានផ្លូវទៅទីណាក្រៅពីទៅប្រទេសវៀតណាមទេ”។

ច្រកព្រំដែនទាំងពីរនេះស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីផ្លូវជាតិលេខ៧ ជាផ្លូវជិតបំផុតកាត់ខេត្តត្បូងឃ្មុំ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ទាំងរថយន្តនិងឈើត្រូវបានរក្សាទុកនៅការិយាល័យគយក្នុងខេត្តត្បូងឃ្មុំ។ លោកបានថ្លែងថា លោករង់ចាំរបាយការណ៍ពេញលេញពីបុគ្គលិករបស់លោកប្រចាំខេត្តនេះ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីរឿងនេះឡើយ។

លោក គឹម សេង តំណាងក្រុមហ៊ុន  Ang and Associates មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកកំពុងពិភាក្សាជាមួយមន្ត្រីគយដើម្បីយករថយន្ត និងឈើវិញ ហើយនឹងជូនលុយកាក់ខ្លះដល់ ខេមបូឌា ដេលី ឱ្យដកព័ត៌មានចុះផ្សាយកាលពីថ្ងៃច័ន្ទក្នុងគេហទំព័ររបស់ខ្លួនចេញ។

លោក គឹម សេង បានថ្លែងថា “ខ្ញុំចង់ឱ្យដកព័ត៌មាននេះចេញពីវិបសាយទៅ ហើយខ្ញុំនឹងជូនលុយកាក់ខ្លះ។សូមជួយនិយាយទៅនិពន្ធនាយកមើលថាតើត្រូវការលុយកាក់ប៉ុន្មាន ខ្ញុំនឹងជូនតាមចំនួនដែលគាត់ចង់បានដើម្បីឈប់ចុះផ្សាយព័ត៌មាននេះ”។

លោកបាននិយាយថា ”ខ្ញុំសំណូមពរឱ្យលុបព័ត៌មានហ្នឹងចេញពីវិបសាយទៅ ព្រោះក្រុមហ៊ុនមិនចង់ឱ្យមានរឿងហ្នឹងវែងឆ្ងាយទៅមុខទៀត”។

រដ្ឋាភិបាលអះអាងថា បម្រាមមិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមតាំងពីឆ្នាំមុន នៅមានប្រសិទ្ធភាពនៅឡើយ។ ប៉ុន្តែបើតាមទិន្នន័យគយវៀតណាមដែលទទួលបានដោយអង្គការ Forest Trends ជាអង្គការមិនមែនរដ្ឋាភិបាលអាមេរិកបង្ហាញថា ឈើនិងឈើអាររួចនៅតែបន្តហូរចូលដដែល ភាគច្រើនតាមខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក៏បានរងការចោទប្រកាន់ជាច្រើនឆ្នាំមកហើយដែរថា  វាត្រូវបានប្រើប្រាស់សម្រាប់លាងឈើដែលកាប់ដោយខុសច្បាប់ហួសពីព្រំប្រទល់កំណត់របស់អាងស្តុកទឹកនេះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស