33.2 C
Phnom Penh

រូប​​​ភាព​​​បែក​​​ធ្លាយ​​​បង្ហាញ​​​ពី​​​សកម្មភាពលោក  សុខ ពុទ្ធីវុធ បរបាញ់​​​សត្វ​​​ព្រៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូបភាពបែកធ្លាយតាមហ្វេសប៊ុកកាលពីដើមខែនេះបង្ហាញពីលោក សុខ ពុទ្ធីវុធ អ្នកជំនួញដ៏លេចធ្លោ និងជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរបរបាញ់សត្វ ដែលប្រហែលជារំលោភបំពានច្បាប់កម្ពុជា ប្រសិនបើវាកើតឡើងនៅទីនេះ និងដែលរួមមានទាំងការបរបាញ់នូវអ្វីដែលទំនងជាសត្វរញី ជាប្រភេទសត្វជិតផុតពូជផងដែរ។

រូបភាពទាំងនេះត្រូវបានធ្វើឲ្យបែកធ្លាយកាលពីថ្ងៃទី៤ខែមេសានេះដោយទំព័រហ្វេសប៊ុកអនាមិកឈ្មោះ “ធ្លាយហើយ” ដែលបានបង្ហោះឯកសារ និងរូបថតជាច្រើនពាក់ព័ន្ធបុគ្គលដែលមានទំនាក់ទំនងទៅនឹងគណបក្ស កាន់អំណាច ចាប់តាំងពីទំព័រនេះត្រូវបានបង្កើតឡើងកាលពីខែមីនាមក។

cam-photo-puthyvuth-800x600សារបង្ហោះនៅលើទំព័រនេះអះអាងថា រូបភាពទាំងនេះថតបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលត្រូវជាឪពុករបស់លោក សុខ ពុទ្ធីវុធ បានទទួលមរណភាពកាលពីខែមីនា។ សារនៅក្នុងទំព័រនេះមានខ្លឹមសារ ដូច្នេះថា ” សូមសមត្ថកិច្ចជួយចាប់ជនល្មើសច្បាប់ផង”។

លោក សុខ ពុទ្ធីវុធ បានកោរសក់បន្ទាប់ពីឪពុកលោកទទួលមរណភាព ប៉ុន្តែនៅក្នុងរូបភាពនោះគេឃើញលោកមានសក់ពេញក្បាល ជាការចង្អុលបង្ហាញឲ្យឃើញថា ការបរបាញ់នេះទំនងជាកើតឡើងមុនលោកកោរសក់ទៅទៀត។

រូបភាពមួយបង្ហាញឲ្យឃើញថា លោក សុខ ពុទ្ធីវុធ នាយកប្រតិបត្តិក្រុមហ៊ុនសោម៉ាគ្រុប និងជាស្វាមីរបស់កូនស្រីលោក ហ៊ុន សែន  គឺលោកស្រី ហ៊ុន ម៉ាលី បានញញឹមដាក់កាមេរ៉ា និងដៃឆ្វេងកាន់កាំភ្លើងវែងដែលមានតកាណុង ហើយមានជ្រូកព្រៃងាប់មួយក្បាលនៅក្បែរជើងរបស់លោក។

cam-photo-puthyvuth-loris_-800x533រូបភាពមួយទៀតបង្ហាញពីបុរសមួយក្រុមមានគ្នា១០នាក់ កំពុងពិនិត្យមើលស្ថានភាពពេលឈរនៅលើទីវាលមួយដែលមានព្រៃរហោលៗក្បែររថយន្តចតនៅស្ងៀមចំនួន២គ្រឿង។

រូបភាពផ្សេងៗមួយចំនួនទៀតបានបង្ហាញ អំពីសត្វដែលបរបាញ់បាន ក្នុងនោះរួមមានដូចជាឈ្លុសដែលគេចាប់យួរជើងសំយុ៉ងក្បាលចុះក្រោម ឆ្មាព្រៃមួយក្បាលដែលគេដាក់នៅផ្នែកខាងក្រោយរថយន្ត និងសត្វងាប់មួយក្បាលមានរោមពណ៌ទឹកក្រូចមើលទៅដូចសត្វស្វាដែលគេដាក់លើសំពត់តង់ពណ៌បៃតង ជាដើម។

លោក ថូម៉ាស ហ្គ្រេ (Thomas Gray) ប្រធានផ្នែកវិទ្យាសាស្ត្រនៅ អង្គការសម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) បានកំណត់សត្វចុងក្រោយគេថាជាសត្វរញី ដែលត្រូវបានចុះបញ្ជីជាប្រភេទសត្វ”កម្រ” នៅក្នុងប្រព័ន្ធដាក់ចំណាត់ថ្នាក់សត្វព្រៃកម្រិត៣នៅកម្ពុជា។

លោក អេង ម៉េងងី មន្ត្រីផ្នែកទំនាក់ទំនងនៅអង្គការសង្គមអភិរក្សសត្វព្រៃកម្ពុជា(Cambodia’s Wildlife Conservation Society) បានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា សត្វដែលមានរោមពណ៌ទឹកក្រូច”មើលទៅដូចជាសត្វរញី ដែលជិតផុតពូជទូទាំងពិភពលោក” ប៉ុន្តែ ថា លោកមិនច្បាស់ទេចំពោះការវាយតម្លៃនេះ។

ការសម្លាប់ពូជសត្វកម្រត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពី១ឆ្នាំទៅ៥ឆ្នាំ ហើយត្រូវតុលាការពិន័យជាប្រាក់១០០លានរៀលក្រោមច្បាប់ព្រៃឈើឆ្នាំ២០០២។

គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើការបរបាញ់នេះកើតឡើងនៅកម្ពុជា ឬប្រទេស ក្រៅ ហើយលោក សុខ ពុទ្ធីវុធ មិនបានឆ្លើយតបនឹងសំណើមួយចំនួនដើម្បីសុំការបំភ្លឺនោះឡើយ។

ប៉ុន្តែ លោក ថូម៉ាស ហ្គ្រេ បានលើកឡើងថា ប្រទេសទាំងអស់ដែលជាកន្លែងផ្តល់ជម្រកដល់សត្វរញីនោះ បានហាមឃាត់មិនឲ្យមានការបរបាញ់ពូជសត្វប្រភេទនេះឡើយ។ជម្រកនេះលាតសន្ធឹងក្នុងផ្ទៃដីយ៉ាងធំទូលាយនៅភាគខាងកើតទន្លេមេគង្គក្នុងប្រទេសកម្ពុជា វៀតណាម ចិនភាគខាងត្បូង និងប្រទេសឡាវ។

លោក ថូម៉ាស ហ្គ្រេ បានលើកឡើងបន្ថែមទៀតថា មិនមានកន្លែងឯកជនណាមួយក្នុងតំបន់នេះដែលអនុញ្ញាតឲ្យបុរសមួយក្រុមនេះអាចបង់ប្រាក់បានដើម្បីធ្វើការបរបាញ់សត្វបែបនេះនោះឡើយ។

សត្វរញី ត្រូវបាន “ការពារយា៉ាងខ្លាំង” នៅក្នុងប្រទេសចិន និងប្រទេសឡាវ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០០៦ ចេញពីអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទឈើព្រៃនិងសត្វព្រៃជិតផុតពូជ(Convention on International Trade in Endangered Species (CITES) of Wild Fauna and Flora) ដែលដាក់សត្វរញីនេះក្នុងបញ្ជីស្តីពីសត្វជិតផុតពូជរបស់ខ្លួន។ ច្បាប់ស្តីពីសត្វព្រៃ និងវារីវប្បកម្មរបស់ប្រទេសឡាវបានហាមឃាត់ទម្រង់ភាគច្រើននៃការបរបាញ់ប្រភេទសត្វជិតផុតពូជ ឬកម្រ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា លោកមិនបានឃើញរូបភាពស្តីការបរបាញ់នេះទេ ហើយក៏មិនបានដឹងអំពីករណីនេះដែរ។

លោកបានមានប្រសាសន៍ថា “ការបរបាញ់ សត្វព្រៃជិតផុតពូជត្រូវបានហាមឃាត់ដាច់ខាត”។

ទោះជាយ៉ាងណា លោកបានលើកឡើងថា លោកមិនទាន់ដឹងថា តើមានគម្រោងពិនិត្យលើសកម្មភាពនេះឬក៏អត់ឡើយ លុះត្រាតែមានការដាក់ពាក្យបណ្តឹងជាផ្លូវការ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានលើកឡើងថា លោកក៏មិនបានឃើញការបង្ហោះនេះដែរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំនិយាយក្នុងករណីទូទៅធម្មតា តែមានហេតុភេទអីអញ្ចឹងយើងត្រូវតែពិនិត្យមើលសិនថា តើពិត ឬមិនពិត”។

ពេលសួរថា តើការបរបាញ់របស់លោក សុខ ពុទ្ធីវុធ រំលោភច្បាប់ ឬអត់ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា លោកមិនបានដឹងអំពីចំណុចជាក់លាក់នៅក្នុងច្បាប់នេះឡើយ ហើយបានបង្វែរសំណួរទៅក្រសួងកសិកម្ម ដែលមន្ត្រីនៅទីនោះសុទ្ធតែមិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយ។

ច្បាប់របស់កម្ពុជាស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវហាមឃាត់ជនស៊ីវិលមិនឲ្យកាន់អាវុធនោះឡើយលើកលែងតែបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ និងប្រើប្រាស់ដើម្បីសកម្មភាពកីឡា។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា លោកមិនយល់សំណួរពាក់ព័ន្ធនឹងកាំភ្លើងដែលលោក សុខ ពុទ្ធីវុធ កាន់កាប់នោះឡើយ ហើយបានផ្តាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មាន។

ព្រៃនៅសេសសល់ស្ទើរតែទាំងអស់នៅកម្ពុជាឥឡូវនេះសុទ្ធតែជាព្រៃតំបន់ការពារនេះបើយោងតាមអ្នកអភិរក្សចាស់វស្សាម្នាក់ឈ្មោះ ម៉ាកាស់ ហាដ្តកេ (Marcus Hardtke) ពោលគឺមានន័យថា ការអនុញ្ញាតឲ្យបរបាញ់គឺអនុញ្ញាតតែសម្រាប់អ្នកភូមិដែលបរបាញ់ក្នុងគោលបំណងចិញ្ចឹមជីវិតប៉ុណ្ណោះ។

លោកបានសរសេរនៅក្នុងអីុម៉េលមួយបន្ទាប់ពីបានពិនិត្យមើលរូបភាពស្តីពីការបរបាញ់នេះថា ” ប៉ុន្តែ វាមិនអ៊ីចឹងទេនៅទីនេះ”។ លោកបានសរសេរបន្តថា”ចំពោះខ្ញុំមើលទៅហាក់ដូចជាពួកគេសម្លាប់អ្វីៗគ្រប់យ៉ាងទាំងធំទាំងតូចឲ្យតែឃើញ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស