33.2 C
Phnom Penh

វិហារដឹង​​​​​​ថា ​​​​​បព្វ​​​ជិត​​​​​​គ្រិស្ត​​​​​​​​​​​​​​​​​​​​​​ដែល​ជាប់​​​​​​ចោទបំពាន​​​​​​​​កុមារ​​​ ”​​​ចូលចិត្ត​​​​​​រួមភេទ​​​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងវិហារកាតូលិកបាននិយាយកាលពីម្សិលមិញថា បព្វជិតជនជាតិហូឡង់ មួយរូបដែលត្រូវបានចាប់ខ្លួនក្នុងក្រុងសៀមរាប ពីបទថតរូបអាក្រាតក្មេងប្រុសរាប់ពាន់សន្លឹកនោះ បានប្រាប់ព្រឹទ្ធបូជាចារ្យ (bishop) មួយរូបក្នុងប្រទេសកំណើតរបស់ខ្លួនថាខ្លួន “ចូលចិត្តរួមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ”។

បព្វជិត អេវរ៉ាដ នីកូឡាស សារ៉ូត (Evrard-Nicolas Sarot) អាយុ៥៣ឆ្នាំត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ ពីបទរក្សាទុក និងផលិតរូបអាសអាភាសកុមារ ហើយជាប់ចោទថាបានផ្ដល់ប្រាក់ពីរបីដុល្លារក្នុងម្នាក់ៗដល់ក្មេងប្រុស១៩នាក់ដែលសុទ្ធតែស្ថិតក្នុងអាយុក្រោម១៥ឆ្នាំឱ្យឈរថតរូបអាក្រាត។

លោក ឆាយ ហាក់ឡុង អនុប្រធានអង្គភាពប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា ក្មេងប្រុសរងគ្រោះ១៩នាក់ដែលទំនងជាស្ថិតក្នុងចំណោមរូបថតប្រហែល១.៣០០សន្លឹកនៅក្នុងកាមេរ៉ារបស់បព្វជិត សារ៉ូត នៅពេលចាប់ខ្លួន ត្រូវបាននគរបាលសាកសួរ។ លោកបានបន្តថា ជនរងគ្រោះដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទាំងនេះក៏ទំនងក៏បានលេចមុខក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យរូបនេះផងដែរ។

ឥឡូវនេះមានការលេចឮថា បព្វជិត សារ៉ូត បានសារភាពប្រាប់សមាជិកជាន់ខ្ពស់ម្នាក់នៃវិហារកាតូលិកនេះថា ខ្លួនស្រឡាញ់ចូលចិត្តក្មេងប្រុសៗយ៉ាងខ្លាំង ខណៈពេលគាត់កំពុងហាត់រៀនដើម្បីបួសជាបព្វជិត។

យោងតាមវិហារកាតូលិកនេះបានឱ្យដឹងថា ទោះបីជាយ៉ាងនេះក្ដី ក៏គាត់នៅតែត្រូវបានបំបួសជាបព្វជិតនៅវិហារកាតូលិក Old Catholic Church of the Netherlands ក្នុងទីក្រុងគូឡេមបឺក (Culemborg) ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៣ មុនពេលធ្វើជាបព្វជិតប្រចាំនៅអាកាសយានដ្ឋានAmsterdam Airport Schiphol ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំនៃប្រទេសហូឡង់។

យោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់វិហារនេះចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា បូជាចារ្យ ដឺក ជែន ស្គូន (Dirk Jan Schoon) ប្រចាំទីក្រុងហាឡេម (Haarlem) ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើបព្វជិត សារ៉ូត “បានព្យួរតួនាទីរបស់គាត់ជាគ្រូគង្វាលប្រចាំនៅអាកាសយានដ្ឋាន Amsterdam Airport Schiphol និងជាបព្វជិតមានអាជ្ញាប័ណ្ណគ្រប់គ្រងតំបន់មួយក្នុងទីក្រុងហាឡេម រង់ចាំការវិវឌ្ឍបន្ថែមទៀត”។

សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា “កាលពីមុនមិនមានសញ្ញាគួរឲ្យសង្ស័យទេទាក់ទិនការរំលោភបំពានផ្លូវភេទរបស់បព្វជិត សារ៉ូត” ប៉ុន្តែនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ក្រុមព្រឹទ្ធបូជាចារ្យទទួលស្គាល់ថា បព្វជិត សារ៉ូត បានប្រាប់ព្រឹទ្ធបូជាចារ្យមួយរូបថា ខ្លួន “ចូលចិត្តរួមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ” អំឡុងពេលគាត់ហាត់រៀនដើម្បីបួសជាបព្វជិតកាលពី១៨ឆ្នាំមុន។

លោកស្រី មីរ៉ានដា កូនីងស៍ រូបូល (Miranda Konings-Roobol)  អ្នកនាំពាក្យព្រឹទ្ធបូជាចារ្យប្រចាំទីក្រុងហាឡេម បានឲ្យដឹងកាលពីម្សិលមិញ អ្នកដែលបព្វជិត សារ៉ូត សារភាពប្រាប់គឺបូជាចារ្យ ចូរីស វើកាម៉េន (Joris Vercammen) ដែលបច្ចុប្បន្នជាមេគណប្រចាំទីក្រុងយូត្រិច (Utrecht)។

បព្វជិត ហ្វ្រែង ឌួយវ៉េនវូដេ (Frank Duivenvoorde) ប្រធានវិហារកាតូលិកប្រចាំទីក្រុងគូឡេមបឺក ក៏បានអះអាងកាលពីម្សិលមិញផងដែរថា សមាជិកវិហារទាំងអស់សុទ្ធតែបានដឹងពី “ចំណង់ផ្លូវភេទ” របស់បព្វជិត សារ៉ូត។

លោកបានលើកឡើងក្នុងអីុម៉េលថា “បព្វជិត សារ៉ូត ពិតជាបានប្រាប់ព្រឹទ្ធបូជាចារ្យរូបនេះអំពីចំណង់ផ្លូវភេទរបស់ខ្លួនតាំងពីមុនពេលបួសម្លេ៉ះ”។ លោកបានបន្ថែមថា មិនមានភ័ស្តុតាងណាមួយបង្ហាញថា បព្វជិតវ័យក្មេងរូបនេះប្រព្រឹត្តតាមចំណង់របស់ខ្លួនឡើយ។

លោកបានថ្លែងថា “បព្វជិត សារ៉ូត ទទួលបានការណែនាំឱ្យស្វែងរកជំនួយផ្លូវចិត្តដើម្បីដោះស្រាយបញ្ហារបស់ខ្លួន ហើយបានស្ថិតក្រោមការឃ្លាំមើលពីសំណាក់បព្វជិតចាស់វស្សាជាងចំនួនពីរអង្គនៅវិហារនេះជាពិសេស”។

ជាញឹកញាប់ លោក ឌួយវ៉េនវូដេ ថ្លែងថា បព្វជិត សារ៉ូត ធ្វើការជាមួយកុមារអំឡុងពេលគាត់នៅវិហារនេះ ហើយមិនដែលមានករណីរាយការណ៍អំពីការរំលោភកុមារឡើយ។

លោកបានថ្លែងថា “បព្វជិត សារ៉ូត ពូកែណាស់ខាងការងារយុវជន ដូច្នេះហើយគាត់ត្រូវបានស្នើសុំជាច្រើនលើកឲ្យធ្វើការងារនេះ”។

លោកបានបន្ថែមថា “បរិស័ទសុទ្ធតែស្រឡាញ់ចូលចិត្តគាត់ ហើយគាត់ជាបព្វជិតដ៏ល្អដែលបានធ្វើរឿងល្អៗជាច្រើនអំឡុងពេលគាត់នៅសហគមន៍បរិស័ទនេះ”។

លោកស្រី កូនីងស៍ រូបូល ថ្លែងថា “Old Catholic Church បានចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់បព្វជិត សារ៉ូត កុំឱ្យធ្វើការជាមួយកុមារតែម្នាក់ឯង។ ក្នុងស្ថានភាពដែលគាត់ទំនាក់ទំនងដោយផ្ទាល់ជាមួយកុមារ គឺតែងតែមានវត្តមានមនុស្សពេញវ័យផ្សេងទៀត”។

លោក ឌួយវ៉េនវូដេ បានលើកឡើងថា បព្វជិត សារ៉ូត មិនបានរំលោភបំពានកុមារទេ រហូតដល់ពេលគាត់ចេញពីប្រទេសរបស់ខ្លួនទើបរឿងនេះកើតឡើង។

លោកថ្លែងថា “ប្រហែលជា… គាត់ធ្វើឲ្យមានការខុសគ្នាក្នុងការងាររបស់គាត់ជាគ្រូបង្រៀននៅសាលាបឋមសិក្សា និងជាបព្វជិត និងអ្វីដែលគាត់បានធ្វើក្នុងនាមជាបុគ្គលឯកជនក្នុងប្រទេសមួយដែលនៅឆ្ងាយ”។

នៅពេលសុំការបញ្ជាក់ពីតួនាទីរបស់បព្វជិត សារ៉ូត ពេលបង្រៀននៅសាលាបឋមសិក្សា លោក ឌួយវ៉េនវូដេ ឈប់ឆ្លើយតបចំពោះអុីម៉េលត្រង់ចំណុចនេះ។

លោកស្រី លីសវ៉ាន វេលហ្សេន (Liz van Velzen) អ្នកនាំពាក្យអង្គការ Terre des Hommes ជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់ ប្រឆាំងការកេងប្រវ័ញ្ចលើកុមារបាននិយាយកាលពីម្សិលមិញថា ការស៊ើបអង្កេតករណីបព្វជិតសារ៉ូត ក្នុងប្រទេសហូឡង់ កំពុងតែបន្ត ហើយអង្គការរបស់លោកស្រីកំពុងរង់ចាំរដ្ឋអាជ្ញាផ្ដល់ព័ត៌មាន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស