ផ្ទះអណ្ដែតទឹករាប់រយបាននិងកំពុងបណ្ដែតខ្លួនតាមខ្សែទឹកទន្លេសាបឆ្ពោះមកកណ្ដាលរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីគេចចេញពីទឹកលូសម្អុយដែលហូរចូលទន្លេយ៉ាងគំហុក បណ្ដាលឱ្យត្រីងាប់អស់ជាច្រើន នេះបើយោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះអណ្ដែតទឹកម្នាក់កាលពីម្សិលមិញ។
“ត្រីងាប់អស់ហើយ ហើយទឹកប្រែជាពណ៌ខ្មៅ និងធុំក្លិនស្អុយ” នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី ម៉ាន់ រាម អាយុ៦៥ឆ្នាំ ដែលបានប្រកបមុខរបរចិញ្ចឹមត្រីក្នុងបែក្រោមផ្ទះអណ្ដែតទឹករបស់គាត់ចាប់តាំងពីឆ្នាំ១៩៧៩ ជាពេលអ្នកស្រីផ្លាស់មករស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកស្រីនិយាយទៀតថា “វាធុំក្លិនដូចទឹកលូ”។ ផ្ទះឈើដែលសណ្ដោងដោយទូកទាំងនោះបានធ្វើដំណើរយឺតៗតាមបណ្ដោយដងទន្លេចាប់តាំងពីថ្ងៃអាទិត្យមក។

ខណៈពេលអ្នកស្រី ម៉ាន់ រាម និងអ្នកចិញ្ចឹមត្រីរាប់សិបនាក់ផ្សេងទៀតដែលរស់នៅពីលើបែចិញ្ចឹមត្រីបណ្ដែតផ្ទះរបស់ខ្លួនកាត់ក្រោមស្ពានជ្រោយចង្វារកាលពីម្សិលមិញអំឡុងពេលថ្ងៃត្រង់ ប្រជាពលរដ្ឋរាប់រយនាក់ផ្អើលនាំគ្នាឈរអឺតតាមបង្កាន់ដៃស្ពាន និងតាមមាត់ទន្លេដើម្បីមើល និងថតផ្ដិតយកទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើលនេះ។
សម្រាប់អ្នកស្រី ម៉ាន់ រាម ការធ្វើបម្លាស់ទីផ្ទះទឹកតាមទន្លេបែបនេះធ្វើឱ្យគាត់ជួបការលំបាកជាច្រើន។ នៅពេលត្រីរបស់គាត់ចាប់ផ្ដើមងាប់កាលពីថ្ងៃអាទិត្យ អ្នកស្រី ម៉ាន់ រាម អាចនឹងខាតបង់ប្រាក់រហូតដល់ទៅ៦លានរៀល ឬប្រហែល១.៥០០ដុល្លារ។ ទោះជាយ៉ាងណា គាត់ទទួលបានប្រាក់ចំណូលប៉ុន្មានរយដុល្លារមកដែរតាមរយៈការលក់ត្រីងាប់ក្នុងតម្លៃទាបជាងត្រីដែលនៅរស់ជិតពាក់កណ្ដាល។
កាលពីមុនទឹកលូសម្អុយក៏ធ្លាប់ធ្វើឱ្យត្រីចិញ្ចឹមក្នុងទន្លេងាប់បែបនេះដែរ ហើយប្រជាពលរដ្ឋរាប់រយគ្រួសារដែលចិញ្ចឹមត្រីនៅក្នុងទន្លេសាបក្នុងសង្កាត់គីឡូម៉ែត្រលេខ៧ តែងតែបណ្ដែតផ្ទះរបស់ខ្លួនតាមបណ្ដោយទឹករាល់ពីរបីឆ្នាំម្ដង នេះបើយោងតាមអ្នកស្រី ម៉ាន់ រាម ដែលបានប៉ាន់ស្មានថា ផ្ទះអណ្ដែតទឹកដែលបណ្ដែតមកជាមួយគ្នាលើកចុងក្រោយនេះមានចន្លោះពី២០០ទៅ៣០០ផ្ទះ។
ប៉ុន្តែបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះ ស្របពេលរាជធានីភ្នំពេញពង្រីកខ្លួនកាន់តែធំ ហើយប្រព័ន្ធធ្វើប្រព្រឹត្តិកម្មទឹកលូសម្អុយពង្រីកតាមមិនទាន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះម្ចាស់ផ្ទះអណ្ដែតទឹកត្រូវធ្វើបម្លាស់ទីពីរឬបីដងក្នុងមួយឆ្នាំដោយសារត្រីងាប់ ហើយពេលខ្លះត្រូវចំណាយពេលប៉ុន្មានថ្ងៃនៅក្នុងការធ្វើបម្លាស់ទីម្ដងៗ។

យោងតាមលោក ថេបឺ ហ៊ែន (Taber Hand) អ្នកស្រាវជ្រាវដែលបានសិក្សាអំពីជលផលនៅលើដងទន្លេសាប និងទន្លេមេគង្គរយៈពេលជាង២០ឆ្នាំមកហើយបានឱ្យដឹងថា ជាធម្មតាត្រីងាប់បែបនេះគឺបណ្ដាលមកពីទឹកលូសម្អុយដែលគេបូមបញ្ចូលក្នុងទន្លេដោយមិនបានធ្វើប្រព្រឹត្តិកម្ម ។
លោកបានពន្យល់ថា “ទឹកលូសម្អុយស្រូបយកអុកស៊ីសែន ដោយសារតែតម្រូវការអុកស៊ីសែនជីវៈខ្ពស់” នៃមីក្រុប ឬមេរោគដែលរស់ដោយសារស៊ីទឹកលូសម្អុយ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជន់លិចប្រព័ន្ធលូទឹកសម្អុយនៅក្នុងរាជធានី បណ្ដាលឱ្យទឹកលូសម្អុយហូរតាមផ្លូវទឹកពាសវាលពាសកាល។
នៅពេលទឹកលូសម្អុយចាប់ផ្ដើមជ្រាបចូលក្រោមផ្ទះរបស់គាត់កាលពីថ្ងៃអាទិត្យ អ្នកស្រី ម៉ាន់ រាម សង្ស័យថា ទឹកលូសម្អុយលើកចុងក្រោយនេះត្រូវគេបង្ហូរចេញពីចំណុចមួយស្ថិតនៅចម្ងាយ២គីឡូម៉ែត្រនាភាគខាងជើងពីកន្លែងដែលទូករបស់គាត់តែងតែឈប់សំចត ស្ថិតក្នុងសង្កាត់ស្វាយប៉ាក។
អ្នកយកព័ត៌មានដែលបានចុះទៅពិនិត្យមើលស្ថានភាពមាត់ទន្លេក្នុងស្កាត់ស្វាយប៉ាកកាលពីម្សិលមិញ បានឃើញផ្លូវទឹកមួយទំហំប្រហែល៥ម៉ែត្រ សម្រាប់បង្ហូរទឹកលូដែលមានក្លិនស្អុយអាក្រក់។ ទឹកលូហូរតាមចន្លោះផ្ទះឈើសសរខ្ពស់ចាក់ចូលទៅក្នុងទន្លេសាប ធ្វើឱ្យទឹកទន្លេនៅចំណុចទឹកលូសម្អុយហូរចាក់មានពណ៌ខ្មៅយ៉ាងកខ្វក់។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះនិយាយថា ផ្លូវបង្ហូរទឹកលូសម្អុយ និងក្លិនស្អុយបែបនេះមានជាយូរមកហើយនៅក្នុងតំបន់នេះ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ពៅ អាយុ៣០ឆ្នាំ ដែលអង្គុយលើបង់ស្ថិតចម្ងាយពីរបីរយម៉ែត្រពីលូទឹកសម្អុយនិយាយថា “ក្លិនកាន់តែស្អុយនៅពេលជន់លិចរាជធានីភ្នំពេញ។ វាកើតឡើងបីបួនឆ្នាំមកហើយ”។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មក៏បានបន្ទោសទៅលើទឹកលូសម្អុយដែលមិនបានធ្វើប្រព្រឹត្តិកម្មដែរ ហើយបានស្នើឱ្យសាលារាជធានីដោះស្រាយបញ្ហានេះ។
លោកមានប្រសាសន៍ថា ”មិនគួរមានទឹកស្អុយហូរចូលក្នុងទន្លេនោះទេ។ បងប្អូនរបស់យើងប្រើប្រាស់វាសម្រាប់ទទួលទាន និងចម្អិនអាហារ ដូច្នេះសាលារាជធានីគួរតែចាត់វិធានការដោះស្រាយរឿងនេះ”។
នៅពេលទាក់ទងបានកាលពីម្សិលមិញ អ្នកនាំពាក្យសាលារាជធានីបានសុំឱ្យអ្នកយកព័ត៌មានទូរស័ព្ទទៅម្ដងទៀតនៅពេលក្រោយ ប៉ុន្តែនៅពេលទូរស័ព្ទទៅម្ដងទៀត អ្នកនាំពាក្យរូបនោះមិនបានលើកទូរស័ព្ទទេ។
យោងតាមលោក ថេបឺ ហ៊ែន បានឱ្យដឹងថា ខណៈពេលប្រព័ន្ធលូទឹកសម្អុយនៅក្នុងរាជធានីភ្នំពេញរងសម្ពាធកាន់តែខ្លាំង ទំនងជាមានត្រីងាប់កាន់តែច្រើន ដែលនេះជាដំណឹងអាក្រក់សម្រាប់អ្នកចិញ្ចឹមត្រីដូចអ្នកស្រី ម៉ាន់ រាម ជាដើម។
អ្នកស្រី ម៉ាន់ រាម និយាយថា ជាបណ្ដោះអាសន្នគាត់នឹងបណ្ដែតទូករបស់គាត់ឆ្ពោះទៅភាគខាងត្បូងបន្តទៀតនៅជិតព្រះបរមរាជវាំង ប៉ុន្តែគាត់មិនដឹងថាគាត់អាចនៅទីនោះបានយូរប៉ុណ្ណាទេ មុនពេលវិលត្រឡប់ទៅកន្លែងដើមវិញ។ អ្នកស្រីនិយាយទៀតថា “យើងនឹងត្រឡប់ទៅវិញនៅពេលទឹកលែងពុល”៕ សុខុម