32.5 C
Phnom Penh

បក្ស​​​នយោបាយ​​​មិន​​​​​​ធ្វើ​​​តាមការ​​​សន្យា​​​ក្នុងការ​​​ជ្រើស​​​រើស​​​តំណាង​​​ជា​​​ស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយដែលចេញកាលពីម្សិលមិញលើកឡើងថា តំណាងជាស្ត្រីក្នុងចំណោមបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខបានកើនឡើងតែបន្តិចបន្តួច ពោលគឺបានកើនឡើងតែ១,៦ ភាគរយប៉ុណ្ណោះ ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២មក ហើយមានស្ត្រីតិចតួចណាស់ដែលត្រូវបានជ្រើសតាំងដោយគណបក្សរបស់ខ្លួនជាបេក្ខជនសំខាន់។

ការដែលនៅតែមានចំនួនតិចនេះចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់លើកមុនមកបានបង្ហាញឲ្យឃើញពីភាពមិនស៊ីគ្នារវាងការសន្យានយោបាយ និងភាពពិតជាក់ស្តែងនេះបើយោងតាមកញ្ញា សេង រាសី  អ្នកសម្រប សម្រួលគម្រោងនៅអង្គការសីលកា ជាអង្គការមិនមែនរដ្ឋាភិបាលការពារសិទ្ធិស្ត្រី ដែលសរសេររបាយការណ៍នេះជាមួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ។

កញ្ញា សេង រាសី បានថ្លែងថា “គណបក្សនយោបាយ និងរដ្ឋាភិបាលព្យាយាមនិយាយថា ខ្លួនលើកកម្ពស់សមភាពយេនឌ័រ ប៉ុន្តែជាក់ស្តែងមិនអ៊ីចឹងទេ”។

WP-LastImage-26-800x533រដ្ឋាភិបាល ដែលអនុវត្តតាមគោលដៅពិភពលោករបស់អង្គការសហប្រជាជាតិបានលើកឡើងថា តំណែងក្នុងជួររដ្ឋាភិបាលនឹងត្រូវបែងចែកឲ្យស្មើភាពគ្នារវាងស្ត្រី និងបុរសនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែ ក្នុងចំណោមបេក្ខជនចំនួន៩៤.៥៩៥រូបនៅក្នុងឃុំសង្កាត់ទូទាំងប្រទេសចំនួន១.៦៤៦ក្នុងការបោះឆ្នោតឆ្នាំនេះ មានតែប្រហែល២៧ភាគរយប៉ុណ្ណោះដែលជាស្ត្រី នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ។ ស្ត្រីតិចជាង៨ភាគរយស្ថិតក្នុង “លេខរៀងទី១” ឬក៏ជាបេក្ខជនឃុំសង្កាត់សំខាន់នៅក្នុងបក្ស។

របាយការណ៍នេះបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាបានជ្រើសតាំងបេក្ខជន១៣១រូបឲ្យឈរឈ្មោះសម្រាប់លេខរៀងទី១នេះ បើធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់លើកមុន ដែលមានតែ៩៣រូប។ រីឯគណបក្សសង្គ្រោះជាតិបានជ្រើសតាំង១០៣រូបកើនឡើង១៥រូបពីចំនួនសរុបដែលរួមបញ្ជូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលច្របាច់បញ្ចូលគ្នា បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ចុងក្រោយ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានបេក្ខជនជាស្ត្រីកើនឡើងច្រើនជាងគេបំផុតគួរឲ្យកត់សម្គាល់ ពីបេក្ខជនជាស្ត្រីចំនួន៥រូប រហូតដល់៥៧រូប។

ប៉ុន្តែ ចំនួនស្ត្រីយ៉ាងច្រើនដែលចង់ប្រឡូកក្នុងឆាកនយោបាយនេះ គឺស្ថិតក្នុងលេខរៀងដែលមិនទំនងជាទទួលបានជ័យជម្នះនោះឡើយ ទោះបីជាពួកគាត់មានប្រជាប្រិយភាពខ្ពស់នៅក្នុងការស្ទាបស្ទង់មតិក៏ដោយ នេះបើយោងតាមការលើកឡើងបន្ថែមរបស់កញ្ញា សេង រាសី។

លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកាបានមានប្រសាសន៍ថា “វាជារឿងគួរឲ្យសោកស្តាយណាស់ ព្រោះគណបក្សនយោបាយធំៗទាំងពីរមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួននោះទេ”។លោកស្រីបានបន្ថែមថា “យើងត្រូវបង្កើន[តំណាងជាស្ត្រី] ឲ្យឡើងដល់៣០ភាគរយ ដើម្បីធ្វើឲ្យវត្តមានរបស់ស្ត្រីកាន់តែមានន័យ ហេតុដូច្នេះពួកគាត់អាចពិភាក្សាដេញដោល និងមានវត្តមាននៅក្នុងសហគមន៍របស់ពួកគាត់”។

លោកស្រីបានបន្ថែមទៀតថា “បើបង្កើនត្រឹមតែ១ឬ២ភាគរយនៅក្នុង [ការបោះឆ្នោតនីមួយៗ] បែបនេះ នឹងមិនឈានដល់៥០ភាគរយទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយការពារជំហររបស់គណបក្សកាន់អំណាចដែលដើរឆ្ពោះទៅកាន់គោលដៅខាងលើ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្វីដែលគេអះអាងមិនត្រឹមត្រូវទេសម្រាប់គណបក្សប្រជាជនកម្ពុជា ព្រោះដូចដែលយើងបានឃើញហើយថា ២៣ភាគរយគឺជាស្ត្រីច្រើនជាងគណបក្សផ្សេងៗទៀត”។

លោកបានបន្ថែមទៀតថា “រដ្ឋាភិបាលមានគោលនយោបាយឈានដល់គោលដៅនោះ ប៉ុន្តែ យើងត្រូវធ្វើម្តងមួយជំហានៗ។ ឧទាហរណ៍ប្រសិនបើអ្នកដាំដើមស្វាយ អ្នកមិនអាចទទួលបានផ្លែក្នុងរយៈពេលពីរ ឬបីខែបានទេ។អ្នកត្រូវរង់ចាំយ៉ាងតិច១០ឆ្នាំ”។

លោកស្រី មូរ សុខហួរ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រឆាំងបានគូសបញ្ជាក់ថា ជាង១ភាគ៤នៃបេក្ខជនជាស្ត្រីចំនួន៤.០៦៣ រូបនៅក្នុងគណបក្សរបស់លោកស្រី ត្រូវបានដាក់ឲ្យកាន់លេខរៀងលើគេទាំងប្រាំនៅក្នុងឃុំ សង្កាត់មួយ ប៉ុន្តែបានលើកឡើងថា វាត្រូវការពេលវេលាដើម្បីបង្កើនចំនួននេះ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលឲ្យបានគ្រប់គ្រាន់។

លោកស្រីបានមានប្រសាសន៍ថា “យើងត្រូវគិតពីសមត្ថភាព”។ លោកស្រីបានបន្ថែមទៀតថា “យើងអាចបង្កើនឲ្យដល់៥០ភាគរយក៏បានដែរ ប្រសិនបើចង់បង្កើននោះ ប៉ុន្តែថា ការធ្វើដូច្នោះនឹងជារឿងបោកប្រាស់ប្រជាពលរដ្ឋ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស