30.4 C
Phnom Penh

សាកសពកង​រក្សា​សន្តិភាព​​កម្ពុជា​​​​កំពុង​បញ្ជូន​មក​​​កាន់​កម្ពុជា​​​វិញ​​ក្រោយ​ពី​ស្លាប់​នៅ​អាហ្វ្រិក​កណ្ដាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជានឹងបញ្ជូនមន្ត្រីមួយក្រុមពីក្រសួងការពារជាតិដើម្បីស៊ើបអង្កេតករណីវាយប្រហារមួយដែលបានសម្លាប់ទាហានកម្ពុជាបួននាក់ស្ថិតក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបំពេញបេសកកម្មនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR)។

សាកសពកងរក្សាសន្តិភាពទាំងបួននាក់ដែលបានស្លាប់ក្នុងហេតុការណ៍ពួនស្ទាក់បាញ់ប្រហារមួយកាលពីថ្ងៃច័ន្ទ នឹងមកដល់មាតុប្រទេសវិញក្នុងរយៈពេលពីរសប្ដាហ៍ នេះបើយោងតាមគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានដកស្រង់ប្រសាសន៍របស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា ”សាកសពទាំងនោះត្រូវបានយកចេញពីកន្លែងកើតហេតុទៅកាន់មូលដ្ឋានកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីទទួលការគោរព មុនពេលបញ្ជូនមកកម្ពុជា”។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកមិនបន្ទោសអង្គការសហប្រជាជាតិទេចំពោះការស្លាប់របស់ទាហានកងរក្សាសន្តិភាពទាំងនេះ ហើយបានប្ដេជ្ញាបន្តបញ្ជូនទាហានទៅកាន់តំបន់គ្រោះថ្នាក់នានាក្នុងពិភាពលោក។

លោកបានថ្លែងទៅកាន់អ្នកចូលរួមពិធីអបអរសាទរខួប១០ឆ្នាំនៃទិវាអតីតយុទ្ធជនធ្វើនៅកោះពេជ្រ  រាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញថា ”ខ្ញុំយកឱកាសនេះបញ្ជាក់ជូនទៅអង្គការសហប្រជាជាតិថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួនដើម្បីបញ្ជូនកម្លាំងបន្តទៅជួយបណ្ដាប្រទេសជាមិត្ត”។

លោកបានលើកឡើងទៀតថា ”យើងមិនចុះចាញ់ចំពោះអំពើភេរវកម្ម ហើយយើងក៏មិនចុះចាញ់ជាមួយនឹងការរំលោភបំពានណាក៏ដោយចុះ”។

Siv-channa101ទាហានកងរក្សាសន្តិភាពកម្ពុជា ម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រយុទ្ធគ្នា។ ទាហានកងរក្សាសន្តិភាពកម្ពុជាបីនាក់ទៀតបានបាត់ខ្លួនអំឡុងការវាយប្រហារនោះ  ហើយត្រូវបានរាយការណ៍ថាបាត់បង់ជីវិតកាលពីម្សិលមិញ ដែលអង្គការសហប្រជាជាតិនិយាយថា ទ ំនងជាស្នាដៃរបស់កងជីវពលគ្រីស្ទៀន (គ្រិស្តសាសនិក)។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “យើងបញ្ជាក់ជាផ្លូវការថា ទាហានរបស់យើងបានaពលីហើយ ហើយសាកសពពួកគេត្រូវបានរកឃើញហើយ។ សាកសពទាំងនោះរកឃើញនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នាដំបូង ដូច្នេះបងប្អូនរបស់យើងប្រហែលជាត្រូវគេចាប់បាន  ហើយសម្លាប់តាមក្រោយ”។

លោកបានបញ្ជាក់ថា ទាហានទាំងបីនាក់ដែលត្រូវបានបញ្ជាក់ថាស្លាប់កាលពីម្សិលមិញមានដូចជា អនុសេនីយ៍ត្រី ស៊ាង នរិន្ទ ពលបាលឯក មុំ តុលា និងលោក ម៉ៅ អេង ដែលជាបុគ្គលិកពេទ្យ។

លោកមានប្រសាសន៍ទៀតថា ទាហានកងរក្សាសន្តិភាពកម្ពុជា ម្នាក់ទៀតឈ្មោះ ធុច ធីម ដែលជាអ្នកបើកបរ បានរងរបួសដៃខាងឆ្វេង។

ការស្លាប់ទាហានទាំងេនះកើតឡើងបន្ទាប់ពីទាហានកងរក្សាសន្តិភាពទី៤មួយរូបឈ្មោះ អុឹម សំ ត្រូវបានប្រកាសថាបាត់បង់ជីវិតកាលពីថ្ងៃអង្គារ  នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមកម្ពុជា នេះគឺជាកងកម្លាំងវិស្វកម្ម មិនមែនជាកងកម្លាំងប្រយុទ្ធទេ។ លោកគូសបញ្ជាក់ថា “បើសិន [ពួកគេ] ជាកម្លាំងប្រយុទ្ធ វាមិនមែនមានរឿងដូច្នេះនោះទេ មិនមែនឱ្យគេមកវាយលេងៗទេ តែកម្លាំងរបស់យើងសុទ្ធតែជាកម្លាំងវិស្វកម្មដែលត្រូវធ្វើការដោះមីនផង និងធ្វើការសាងសង់ជួសជុលផ្លូវរហូតទៅដល់ព្រលានយន្តហោះ”។

លោកនាយករដ្ឋមន្ត្រីថ្លែងថា ក្រសួងការពារជាតិនឹងបញ្ជូនអ្នកស៊ើបអង្កេតទៅពិនិត្យមើលស្ថានភាពនៃការស្លាប់របស់ទាហានកងរក្សាសន្តិភាពកម្ពុជាទាំងនេះ។

NPMEC និយាយថា កាលពីថ្ងៃច័ន្ទ ក្រុមវាយប្រហារបានព្យាយាមរំដោះគ្នីគ្នារបស់ខ្លួនដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងម៉ារ៉ុក  ដែលធ្វើការជាមួយទាហានកម្ពុជា។

កាលពីម្សិលមិញ សេចក្ដីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យលោក អែនតូនីញ៉ូ ហ្គូទើរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការវាយប្រហារដែលអង្គការសហប្រជាជាតិសង្ស័យថាជាស្នាដៃរបស់ក្រុមប្រដាប់អាវុធគ្រីស្ទៀនមានឈ្មោះថា “Anti-Balaka” ធ្វើឡើងមកលើអ័ក្សរ៉ាហ្វៃ-បានហ្គាសូ (Rafai-Bangassou Axis) នាភាគអាគ្នេយ៍នៃប្រទេសនេះ។

សេចក្ដីថ្លែងការណ៍នេះខ្លឹមសារដូច្នេះថា “លោកអគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ក្រុម Anti-Balaka មកលើក្បួនយុទ្ធដំណើរនៃបេសកកម្ម MINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល”។

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ទាហានកងរក្សាសន្តិភាព១០នាក់ទៀតត្រូវបានជម្លៀសទៅកាន់ក្រុងបានហ្គី (Bangui) ហើយទាហានកងរក្សាសន្តិភាពម្នាក់កំពុងបាត់ខ្លួននៅឡើយ។

សេចក្តីថ្លែងការណ៍នេះលើកឡើងទៀតថា “លោកអគ្គលេខាធិការសូមគូសបញ្ជាក់ថា ការវាយប្រហារមកលើទាហានកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រហែលអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។ លោកអំពាវនាវឱ្យសមត្ថកិច្ចនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលស៊ើបអង្កេតករណីវាយប្រហារនេះដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវមកផ្ដន្ទាទោសភ្លាមៗ”។

យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌បាឲ្យដឹងថា សាធារណរដ្ឋអាហ្វ្រិកកណ្ដាលគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោកសម្រាប់ទីភ្នាក់ងារផ្ដល់ជំនួយ ដោយមានការវាយប្រហារយ៉ាងតិច៣៣ករណីទៅលើបុគ្គលិកផ្តល់ជំនួយគ្រាន់តែនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ។

អង្គការសហប្រជាជាតិបាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅថា អង្គការផ្ដល់ជំនួយអន្តរជាតិចំនួនបួននឹងដកបុគ្គលិករបស់ខ្លួនជាបណ្តោះអាសន្នចេញពីតំបន់នានានៅភាគខាងជើងនៃប្រទេសនេះដោយសារតែកើនឡើងការវាយប្រហារលើពួកគេ។

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសអាហ្វ្រិកដ៏តូចមួយនេះកាលពីខែមីនា  ឆ្នាំ២០១៣ នៅពេលឧទ្ទាមមូស្លីម (អុិស្លាមសាសនិក) Seleka បានទម្លាក់ប្រធានាធិបតីគ្រីស្ទៀន (គ្រិស្តសាសនិក) ចេញពីអំណាច។

អង្គការសហប្រជាជាតិបានចាប់ផ្ដើមបេសកកម្មរក្សាសន្តិភាពមួយកាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នមានទាហានជាង១២.០០០នាក់នៅក្នុងប្រទេសនេះដើម្បីការពារជនស៊ីវិលពីការផ្ទុះអំពើហិង្សារវាងក្រុមគ្រីស្ទៀន  និងក្រុមមូស្លីម។

ចំនួនទាហានកងរក្សាសន្តិភាពបួននាក់ដែលស្លាប់នេះគឺស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងចំនួនទាហានកងរក្សាសន្តិភាពកម្ពុជា ដែលបានពលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីខែមករា មន្ត្រីយោធាម្នាក់បានក្លាយជាទាហានកងរក្សាសន្តិភាពកម្ពុជាទី៥ ដែលបានស្លាប់ក្នុងបេសកកម្មមួយរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីគាត់ស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ការស្លាប់ទាហានបួននាក់បានកើតឡើងនៅក្នុងប្រទេសម៉ាលី ក្នុងនោះពីរនាក់ស្លាប់ដោយសារពុលអាហារ ម្នាក់ស្លាប់ដោយសារព្យុះខ្សាច់ដ៏កំណាច និងទី៤ស្លាប់ដោយសារជំងឺគ្រុនចាញ់។

ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកម្ពុជា បានបញ្ជូនមន្ត្រីយោធារបស់ខ្លួនជាង៤.១៨០នាក់ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសឆាដ ប្រទេសស៊ីរី ប្រទេសលីបង់ ប្រទេសម៉ាលី និងប្រទេសស៊ីប៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស