29.6 C
Phnom Penh

សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ពីរនាក់​​​ត្រូវចាប់​ខ្លួន​អំឡុងពេល​​ធ្វើសន្និសីទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកពីរនាក់នៃរណសិរ្សរំដោះជាតិខ្មែរដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវករនោះត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពេលពួកគេព្យាយាមធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ នេះបើយោងតាមនគរបាលនិងមេដឹកនាំរបស់ក្រុមនេះ។

រណសិរ្សរំដោះជាតិខ្មែរ មានគម្រោងរៀបចំសន្និសីទកាសែតនេះជាមួយឧត្តមស្នងការអន្តរសាស្ត្រដែលមិនសូវល្បីឈ្មោះ នៅការិយាល័យរបស់អង្គការនេះដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ “ក្នុងគោលបំណងដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា” នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានមួយដែលចេញកាល ពីសប្តាហ៍មុន។

ទោះជាយ៉ាងណា ពិធីនេះត្រូវបានបិទនៅមុនម៉ោង៩ព្រឹក ហើយសមាជិករណសិរ្ស ខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមលោក ឯម សារ៉ាវុធ អធិការនគរបាលខណ្ឌដែលចោទប្រកាន់ក្រុមនេះថាមិនបានសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

លោកបានថ្លែងថា “កាលពីម្សិលមិញ និងម្សិលម្ងៃ៉ នគរបាលរាជធានីបានចុះមកណែនាំពួកគេកុំឲ្យធ្វើពិធីនេះ ដោយសារ [ពួកគេ]គ្មានការអនុញ្ញាតតាមផ្លូវច្បាប់ទេ”។លោកបានថ្លែងបន្តថា លោកមិនមែនចុះមកដើម្បីចាប់ខ្លួនទេ ប៉ុន្តែ ថា “ប្រហែលជាមានមនុស្សបីនាក់”ត្រូវបានឃាត់ខ្លួន។

យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានឲ្យដឹងថា លោក ឃុន សាវ៉ាកឃិត តំណាងអង្គការអន្តរសាស្ត្រគឺជាបុគ្គលទី៣ដែលបានចាប់ខ្លួន។ ទូរស័ព្ទរបស់លោក ឃុនសា វ៉ាកឃិត បានបិទកាលពីម្សិលមិញ ពេលព្យាយាមទាក់ទងគាត់ដើម្បីសុំការធ្វើអត្ថាធិប្បាយ។

លោក ឯម សារ៉ាវុធ បានចោទប្រកាន់ក្រុមរណសិរ្សរំដោះជាតិខ្មែរថា បានរៀបចំកិច្ចប្រជុំខុសច្បាប់ក្រោមបដារបស់អង្គការឧត្តមស្នងការអន្តរសាស្ត្រ។

សំដៅដល់អង្គការឧត្តមស្នងការអន្តរសាស្ត្រ លោកបានមានប្រសាសន៍ថា “យើងចុះមកដើម្បីសហការជាមួយពួកគេពីរលើករួចមកហើយ ដោយស្នើឲ្យពួកគេសុំលិខិតអនុញ្ញាត ព្រោះពួកគេដាក់ឡូហ្គោជាអង្គការ”។លោកបានបន្ថែមថា “ពួកគេបានលាក់បាំងខ្លួនឯងកុំឲ្យគេដឹងថា វាជាកិច្ចប្រជុំរបស់រណសិរ្ស រំដោះជាតិខ្មែរ”។

លោកបានបន្ថែមទៀតថា “ពួកគេគ្មានការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់ពីក្រសួងមហាផ្ទៃទេ ហើយមន្ត្រីជំនាញបានចុះមកណែនាំពួកគេរួចហើយ ប៉ុន្តែ ពួកគេមិនបានធ្វើតាមការណែនាំទេ”។

លោក សម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសដាណឺម៉ាក ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះ បានប្រាប់ថា សមាជិករបស់ក្រុមលោកដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ធុយ វី និង ឌិតលីម សុភាវត្តី ។

លោក ធុយ វី គឺជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅក្នុង “រដ្ឋាភិបាលនិរទេស” របស់លោក សម សេរី ដែលលោកបានបង្កើតឡើងកាលពីខែតុលាដើម្បីរំឭកខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកសម សេរី គឺជា “មេដឹកនាំ” រដ្ឋាភិបាលនេះ។

លោក សម សេរី បានលើកឡើងក្នុងអីុម៉េលមួយថា “ពួកគេបានព្យាយាមចាប់ខ្លួនមន្ត្រីទូត និងសមាជិករបស់យើងដែលមកចរចាដើម្បីបញ្ចប់ជម្លោះ”។

លោកបានមានប្រសាសន៍បន្តថា “ការចាប់ខ្លួនលោក ធុយ វី គឺជារឿងដែលសហគមន៍អន្តរជាតិ និងអង្គការ សហប្រជាជាតិមិនគួរព្រងើយកន្តើយចំពោះការរំលោភ បំពានសិទ្ធិមនុស្សនៅកម្ពុជា”។

អ្នកដែលមានសម្ពន្ធភាពជាមួយរណសិរ្សរំដោះជាតិខ្មែរបានប្រឈមនឹងផលលំបាកធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

កាលពីខែធ្នូ សមាជិក១១នាក់របស់ក្រុមនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី៥ឆ្នាំដល់៩ឆ្នាំពីបទរៀបចំផែនការក្បត់កាលពីឆ្នាំ ២០១៤ ទោះបីជាពួកគេភាគច្រើនបានលើកឡើងថា មិនបានគំាទ្ររណសិរ្សរំដោះជាតិខ្មែរនៅក្នុងតុលាការក៏ដោយ។ ចុងចោទ បានអះអាងថា ពួកគេបានរៀបគម្រោងធ្វើការតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតវៀតណាម ប៉ុន្តែ អាជ្ញាធរបានអះអាងថា ការតវ៉ានេះបង្កឲ្យមានកើតជាអំពើហិង្សា និងភាពចលាចល។

កាលពីឆ្នាំ២០១៤ បុរសចំនួន១២នាក់ និងស្ត្រីម្នាក់ត្រូវបានរកឃើញថាមានពិរុទ្ធភាព ពីបទរៀបផែនការផ្តួលរំលំរដ្ឋាភិបាល ហើយក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់៩ឆ្នាំដែរ។

អ្នកដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ថ្មីបំផុតនេះត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីកាលពីយប់មិញ។ មន្ត្រីសាលារាជធានី និងមន្ត្រីនគរបាលជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោក សម សេរី បានលើកឡើងថា លោកមិនមានការប្រាស្រ័យទាក់ទងគ្នាជាមួយសមា ជិករណសិរ្សរំដោះជាតិខ្មែរទាំងនោះ ចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនមក ហើយថា លោកព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា “ពួកគាត់គឺជាសមាជិកជាន់ខ្ពស់ដ៏សកម្មនៅក្នុងរណសិរ្ស រំដោះជាតិខ្មែរ។ប្រសិនបើ គេមិនដោះលែង ពួកគាត់ និងអ្នកទោសនយោបាយផ្សេងៗទៀតទេ ខ្ញុំមិនអាចធានាបានទេថា តើអ្វីនឹងកើតឡើងបន្ទាប់មកទៀតនោះ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស