32.5 C
Phnom Penh

នគរបាលចាប់​បាន​​​គ្រឿង​​​ញៀន​​​ទម្ងន​​​់​​​ជិត​​​៥០គីឡូក្រាម​​​​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា នគរបាលប្រឆាំងគ្រឿងញៀនដកហូតបានថ្នាំញៀនហេរ៉ូអុីន ម៉ាទឹកកក មេតំហ្វេតាមីនម្សៅ និងគ្រាប់ទម្ងន់ជិត៥០គីឡូក្រាម អំឡុងការឆ្មក់ចាប់ជាច្រើនលើកក្នុងរាជធានីភ្នំពេញនៅសប្ដាហ៍នេះ ដែលតាមការអះអាងថាមានទំនាក់ទំនងទៅនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។

លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ប៉ុន្តែឥឡូវនេះ ក្រុមមេខ្លោងទំនងជាមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ខណៈដែលព័ត៌មានអំពីការឆ្មក់ចាប់ទាំងនេះត្រូវបានបែកធ្លាយ ហើយចុះផ្សាយកាលពីម្សិលមិញ ក្នុងកាសែតកោះសន្តិភាព ជាកាសែតចេញផ្សាយប្រចាំថ្ងៃភាសាខ្មែរ។

លោក មាស វិរិទ្ធ បានថ្លែងថា ប្រភពនៃការបែកធ្លាយនេះមិនទាន់កំណត់បាននៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងកំពុងបន្តស៊ើបអង្កេតនៅឡើយដែលតម្រូវឱ្យមានការសហការពីប្រជាពលរដ្ឋ”។ លោកបន្ថែមថា “គ្រាន់តែដឹងថា វាជាប់ពាក់ព័ន្ធជាមួយមនុស្សរស់នៅក្នុងប្រទេសឡាវ និងប្រទេសថៃ”។លោកបានប៉ាន់ប្រមាណថា ថ្នាំញៀនទាំងនេះអាចមានតម្លៃប្រហែល៥០០.០០០ដុល្លារ។

លោក មាស វិរិទ្ធ មានប្រសាសន៍ថា មន្ត្រីដែលបានចូលរួមនៅក្នុងប្រតិបត្តិការនេះត្រូវបានប្រាប់មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្មក់ចាប់នេះឡើយ ដោយសារការស៊ើបអង្កេតកំពុងតែបន្តពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ។

បើទោះជាដូចនេះក្ដី អត្ថបទកាសែតនេះដែលបានចេញផ្សាយកាលពីម្សិលមិញ បានរៀបរាប់លម្អិតអំពីការឆ្មក់ចាប់ជាច្រើនលើកនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃអង្គារ។

អត្ថបទដដែលនេះបន្តថា មន្ត្រីនគរបាលរកឃើញថ្នាំញៀនទម្ងន់ប្រហែល២គីឡូក្រាមនៅលើខ្លួនមនុស្សពីរនាក់ ដែលចាប់ខ្លួនបាននៅក្បែរផ្សារថ្មី ស្ថិតក្នុងខណ្ឌដូនពេញ។ អត្ថបទនេះអះអាងទៀតថា ជនទាំងពីរនាក់នេះក្រោយមកបាននាំនគរបាលទៅកាន់កន្លែងដែលមានគ្រឿងញៀនសរុបទម្ងន់ប្រហែល៥០គីឡូក្រាម។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ហើយបានចុចបិទការហៅទូរស័ព្ទរបស់អ្នកយកព័ត៌មាន។លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្ដីទីសង្កាត់ភ្នំពេញថ្មីដែលបានចូលរួមនៅក្នុងប្រតិបត្តិការនោះក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។

លោក អុិន សុង មន្ត្រីនាយកដ្ឋានប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា លោកមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីករណីនេះបានទេ ពីព្រោះនគរបាលកំពុងស្វែងរកចាប់ខ្លួនក្រុមមេខ្លោងនៅឡើយ។

លោក មាស វិរិទ្ធ មានប្រសាសន៍ថា ការឆ្មក់ចាប់ទាំងនេះបានធ្វើឡើងនៅក្នុងខណ្ឌផ្សេងៗគ្នាក្នុងរាជធានី ហើយគេគិតថា វាមានទំនាក់ទំនងទៅនឹងក្រុមឧក្រិដ្ឋជនតែមួយ។

លោកបានបដិសេធមិនប្រាប់ទីតាំងនៃការឆ្មក់ចាប់ទាំងនោះឡើយ ហើយបានថ្លែងថា គ្រឿងញៀនទាំងនេះទំនងជាមានបំណងចរាចរលើទីផ្សារកម្ពុជា និងនាំទៅកាន់ប្រទេសទី៣ដែលគេមិនបញ្ជាក់ឱ្យដឹង។លោកថ្លែងថា បច្ចុប្បន្ននេះគ្រឿងញៀនទាំង៥០គីឡូក្រាមនេះត្រូវបានរក្សាទុកនៅនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស