38 C
Phnom Penh

អ្នក​​​បោះ​​​ឆ្នោត​​​មួយភាគបី​​​ជាយុវជន ប៉ុន្តែ​​​​​​នៅ​​​តែមាន​​​យុវជន​​​តិ​​​ច​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជនមានចំនួនប្រហែល១ភាគ៣នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតប្រហែល៧,៩លាននាក់ទូទាំងប្រទេស។ ប៉ុន្តែគណបក្សដែលមានបេក្ខជនច្រើនបំផុតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃអាទិត្យគឺគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏សំខាន់នោះមានបេក្ខជនជាយុវជនក្នុងភាគរយតិចបំផុត ពោលគឺសុទ្ធតែក្រោម៨ភាគរយដូចគ្នា។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានបេក្ខជនមិនដល់ពាក់កណ្តាលផងនៃបេក្ខជនរបស់គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនោះ នឹងជាគណបក្សដែលមានបេក្ខជនជាយុវជនច្រើនជាងគេក្នុងចំណោមគណបក្សទាំង១២។

យោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះ (គ.ជ.ប)បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនឃុំសង្កាត់១០រូប មានតែប្រហែល១រូបប៉ុណ្ណោះដែលមានអាយុក្រោម៣៦ឆ្នាំ។

យុវជនគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហែរក្បួនឃោសនានៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យនេះ ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់គណបក្សនេះ។ ហ្វេសប៊ុក
យុវជនគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហែរក្បួនឃោសនានៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យនេះ ក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់គណបក្សនេះ។ ហ្វេសប៊ុក

ប៉ុន្តែអ្នកអង្កេតការណ៍នយោបាយបានលើកឡើងថា អ្នកបោះឆ្នោតដែលមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំមានឥទ្ធិពលខា្លាំងលើលទ្ធផលនៃការបោះឆ្នោត ដោយមានអ្នកខ្លះលើកឡើងថា យុវជនទំនងជាគាំទ្រគណបក្សណាដែលសន្យាធ្វើការផ្លាស់ប្តូរ។

លោក យ៉ុង គឹមអេង អ្នកតស៊ូមតិដើម្បីយុវជន និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព(PDP)បានលើកឡើងនៅក្នុងសប្តាហ៍នេះថា “ប្រសិនបើយុវជនគាំទ្រគណបក្សនយោបាយណាមួយ វានឹងមានរឿងដ៏ល្អកើតឡើងនៅក្នុងគណបក្សនោះ”។

យុវជនស្ទើរទាំងអស់ ពេលគឺ៩៥ភាគរយនៃយុវជនប្រហែល១.៥០០នាក់នៅទូទាំងប្រទេសដែលត្រូវស្ទាបស្ទង់មតិ និងដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១១ឬលើសពីនេះនោះ បានលើកឡើងថា ពួកគេនឹងទៅបោះឆ្នោតនៅក្នុងរបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៦របស់កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។

លោក យ៉ុង គឹមអេង បានថ្លែងថា “ប្រសិនបើពួកគេសម្រេចចិត្តគាំទ្រគណបក្សណាមួយហើយ គណបក្សនោះនឹងឈ្នះ”។ លោកបានបន្ថែមថាគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើគណបក្សណាមួយដែលទទួលបានការគាំទ្រភាគច្រើនពីយុវជន។

ប៉ុន្តែ លោកដឹងច្បាស់អំពីសមត្ថភាពរបស់យុវជនក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងអីុនធឺណិតដើម្បីចងបណ្តាញ និងបញ្ចេញទស្សនៈនយោបាយ។លោកបានមានប្រសាសន៍ថា តាមអីុនធឺណិត “ពួកគេអាចប្រមែប្រមូលគ្នាទៅបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ”។ លោកបានបន្ថែមថា “ពួកគេអាចបញ្ចុះបញ្ចូលគ្នាបាន”។

006-CPP_Youth_Meetingទោះបីជាជាង១ភាគ៤នៃបេក្ខជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអាយុចន្លោះពី២៥ដល់៣៥ឆ្នាំក៏ដោយ តែថ្នាក់ដឹកនាំរបស់គណបក្សនេះបានលើកឡើងថា ការទាក់ទាញយុវជនឲ្យបោះឆ្នោតឲ្យមិនមែនជាផ្នែកនៃយុទ្ធសាស្ត្រឃោសនារបស់ខ្លួនឡើយ។

លោក ខឹម វាសនា ដែល ជាប្រធានគណបក្សនេះបានលើកឡើងក្នុងសប្តាហ៍នេះថា “យើងគ្មានគម្រោងទាក់ទាញយុវជនឲ្យមកចូលរួមជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេ”។

លោកបានថ្លែងបន្តថា ពួកគេមក” ដោយឯកឯងៗ” ដោយសារយុវជនឈ្លាសវៃ និងឆាប់យល់អំពីគោលនយោបាយរបស់បក្សលោកជាងអ្នកបោះឆ្នោតមានវ័យចំណាស់ៗ។

េបក្ខជនរបស់គណបក្សនេះ ក៏សុទ្ធតែក្មេងៗដែរ។ទូច ពុធសូរីដា អាយុ២៦ឆ្នាំ ជាបេក្ខជនលើកដំបូងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសម្រាប់សង្កាត់៤នៅក្នុងខណ្ឌព្រះសីហនុ។លោកដឹងយ៉ាងច្បាស់ពីបញ្ហាដែលប្រទេសកំពុងជួបប្រទះ។

លោកបាននិយាយថា “បញ្ហាសំខាន់នៅកម្ពុជាគឺអំណាចស្ថិតនៅក្នុងដៃរបស់លោកនាយករដ្ឋមន្ត្រីតែម្នាក់”។

ក្នុងចំណោមបេក្ខជនឃុំសង្កាត់ប្រហែល២៧.០០០រូបរបស់ប្រជាជនកម្ពុជាមានតែប្រហែល៦ភាគរយប៉ុណ្ណោះដែលមានអាយុក្រោម៣៦ឆ្នាំ។ សម្រាប់គណបក្សសង្គ្រោះជាតិមានប្រហែល៧គាគរយក្នុងចំណោមបេក្ខជនជិត២៥.៥០០នាក់។

លោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានលើកឡើងក្នុងសារមួយថា”ជាទូទៅបេក្ខជនជាយុវជនតែងតែជាអ្នកគាំទ្រស្នូលរបស់គណបក្សប្រជាជនកម្ពុជា។ បើគ្មានពួកគាត់ ម្លេ៉ះគណបក្សប្រជាជនគ្មានថ្ងៃនេះទេ”។

លោកបានលើកឡើងទៀតថា ថ្នាក់ដឹកនាំជាច្រើនក្នុងចំណោមថ្នាក់ដឹកនាំគណបក្សរបស់លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនទាំងវ័យក្មេង។លោកបានមានប្រសាសន៍បន្តថា ពេលមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាដល់អាយុចូលនិវត្តន៍គណបក្សរបស់លោកបានជំនួសពួកគាត់ដោយ”បេក្ខជនជាយុវជន”  មានកម្លាំងថាមពលដែលអាចចំណាយពេលវេលា និងកម្លាំងថាមពលធ្វើដំណើរទូទាំងឃុំសង្កាត់ ឬក៏លើសពីនេះដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន”។

លោកបានបន្ថែមថា “ការដាក់ឲ្យបេក្ខជនជាយុវជនប្រកួតប្រជែង គឺជាយុទ្ធសាស្ត្ររបស់គណបក្សនីមួយៗ ដោយសារប្រជាពលរដ្ឋខ្មែរក្រោយរបបប្រល័យពូជសាស្ត្រគឺសុទ្ធតែក្មេងៗ”។

គណបក្សសង្គ្រោះជាតិផ្តោត “ការចាប់អារម្មណ៍ជាពិសេសក្នុងការជ្រើសរើសបេក្ខជនជាយុវជន ឬជាស្ត្រី” នេះបើយោងតាមការលើកឡើងនៅក្នុងអីុម៉េលរបស់កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ។

កញ្ញាបានបន្ថែមថា “វាសមហេតុសមផលដែលត្រូវមានមនុស្សពីរប្រភេទនេះឲ្យបានកាន់តែច្រើន ព្រោះពួកគាត់តំណាងឲ្យសំឡេងភាគច្រើននៅក្នុងប្រទេស”។

cam-photo-sokha_KHMERគង់ សុគន្ធលីនី អាយុ២១ឆ្នាំដែលស្ម័គ្រចិត្តធ្វើការនៅក្នុងផ្នែកបណ្តុះបណ្តាល និងការរិយាល័យទំនាក់ទំនងក្រៅប្រទេសរបស់គណបក្សសង្គ្រោះជាតិបានលើកឡើងថាគណបក្សសង្គ្រោះជាតិមានបេក្ខជនឃុំសង្កាត់ជាយុវជនប្រកួតប្រជែងជាមួយបេក្ខជនមានវ័យចំណាស់របស់គណបក្សប្រជាជកម្ពុជា។ អ្នកធ្វើការស្ម័គ្រចិត្តរូបនេះដែលមានឪពុក និងឪពុកមា សុទ្ធតែជាសមាជិកសភាគណបក្សសង្គ្រោះជាតិនោះបាននិយាយថា “យើងផ្តល់ឱកាសដល់យុវជន”។

គង់ សុគន្ធលីនី បាននិយាយបន្ថែមថា “គណបក្សសង្គ្រោះជាតិទាក់ទាញអ្នកបោះឆ្នោតជាយុវជនបានយ៉ាងច្រើន ព្រោះខ្ញុំគិតថា យុវជនមិនដូចអ្នកជំនាន់មុនទៀតឡើយ។ ពួកគាត់ដឹងច្រើនហើយនៅពេលេនះ។ ពួកគាត់មើលឃើញហើយ…ថាតើរដ្ឋាភិបាលដឹកនាំប្រទេសយ៉ាងម៉េចនោះ”។

ពេលសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍បានជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វុ៊នសិុនបិុច និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋានកាលពីខែមករា មានគណបក្សពីរលើកឡើងថា ខ្លួន”ឈ្នះដោយសារយុវជន

“នេះបើយោងតាមលោកស្រី មីុ សម្ផស្ស អគ្គលេខាធិការអង្គការនេះ។ លោកស្រីបានបដិសេធមិនប្រាប់ឈ្មោះរបស់គណបក្សទាំងពីរនេះឡើយ។

លោកស្រីបានថ្លែងថា “ប្រសិនបើគណបក្សយកចិត្តទុកដាក់ចំពោះយុវជន ហើយគោលនយោបាយបក្សលើកឡើងពីអ្វីដែលផ្តល់ផលប្រយោជន៍ដល់យុវជននោះ អ៊ីចឹងយុវជននឹងបោះឆ្នោតឲ្យពួកគេមិនខាន ហើយ ពួកគេអាចឈ្នះ”។

លោកស្រីបានលើកឡើងទៀតថា យុវជនខ្វាយខ្វល់ច្រើនអំពីគុណភាពនៃការអប់រំឱកាសការងារ សុវត្ថិភាពសហគមន៍ និងការធានាឲ្យបាននូវតុលាការឯករាជ្យ ព្រមទាំងសេរីភាពបញ្ចេញមតិផងដែរ។

លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើយើងចង់ដោះស្រាយបញ្ហា “យុវជន” ដំបូងយើងគួរតែបោះឆ្នោតឲ្យបេក្ខជនជាយុវជន”។

ថាក់នីន ម៉ារ៉ាទី អាយុ២៥ឆ្នាំស្ថិតក្នុងលេខរៀងលើគេនៃបញ្ជីរបស់គណបក្សសម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រសិនបើគណបក្សរបស់ខ្លួនឈ្នះ បេក្ខជនរូបនេះនឹងក្លាយជាចៅសង្កាត់។

បេក្ខជនរូបនេះបានសន្យារឿងពីរគឺអនុវត្តតួនាទីរដ្ឋបាលជួសមុខឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយនឹងមិនប្រព្រឹត្តអំពើពុករលួយទេ បើឈ្នះឆ្នោត។

ថាក់នីន ម៉ារ៉ាទី បាននិយាយថា “ការផ្លាស់ប្តូរកើតចេញពីអ្វីដែលថ្មី មិនមែនអ្វីដែលចាស់ទេ”។ បេក្ខជនរូបនេះបាននិយាយបន្ថែម ថា “ប្រសិនបើបងប្អូនជ្រើសរើសគណបក្សនយោបាយល្អ គណបក្សនយោបាយដ៏ល្អនោះនឹងផ្លាស់ប្តូរអនាគតរបស់ប្រទេសជាតិ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ គីម ចាន់ និង អ៊ូច សូនី)

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស