32.5 C
Phnom Penh

ក្រសួងរិះគន់​បក្ស​ប្រឆាំង​ដែល​យក​​​​លោក​​​ ស ខេង ធ្វើជា​ការ​ឃោសនា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃបានទាត់ចោលការលើកឡើងពាក់ព័ន្ធ ”ការឃោសនាបែបទុច្ចរិត” របស់អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលថាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងត្រូវស្វាគមន៍ឱ្យនៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីដដែលប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

លោក គង់ គាំ អ្នកនយោបាយគណបក្សប្រឆាំងចូលនិវត្តន៍ទំនងជាធ្វើឱ្យមានការខឹងសម្បារនៅពេលលោកបានលើកឡើងនៅក្នុងការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិក្នុងក្រុងក្រចេះកាលពីថ្ងៃព្រហស្បតិ៍ថា “បើសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ២០១៨…យើងនឹងទុកសម្ដេចក្រឡាហោម ស ខេង ធ្វើឧបនាយករដ្ឋមន្ត្រីដដែល”។

ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រចាត់ទុកការលើកឡើងរបស់លោក គង់ គាំ ថាជា “ការឃោសនាបោកប្រាស់ បន្លំយកឈ្មោះ សម្តេចក្រឡាហោមស ខេង ទៅប្រើប្រាស់បង្កឱ្យមានការភាន់ច្រឡំក្នុងគោលបំណងកេងចំណេញនយោបាយ”។

សេចក្ដីប្រកាសព័ត៌មានដដែលនេះបន្តថា “ការលើកឡើងរបស់លោក គង់ គាំ គឺជាការមាក់ងាយមកលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចាស់ទុំ ធ្លាប់បានរំដោះប្រទេសជាតិ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ”។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា ”សម្តីរបស់លោក គង់ គាំ ក៏ជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ…មកលើកិត្តិយសសម្តេចក្រឡាហោម ស ខេង”។

លោក ស ខេង ជាមនុស្សដែលគណបក្សប្រឆាំងពេញចិត្តជាយូរមកហើយ ជាពិសេសអំឡុងការចរចាអន្តរភាគី ហើយត្រូវបានគេចាត់ទុកថា ជាមនុស្សមានចិត្តទូលាយខុសពីលោក ហ៊ុន  សែន នៅពេលដោះស្រាយបញ្ហាផ្សេងៗរវាងគណបក្សទាំងពីរ។

កាលពីឆ្នាំមុនលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍អំពីលោក ស ខេង ថា “ខ្ញុំគិតថា គាត់ជាមនុស្សមានហេតុផល” ដែលនិយាយផ្ទុយពីវោហារសាស្ត្ររបស់បក្សកាន់អំណាចដោយលើកឡើងថា បដិវត្តន៍ពណ៌កើតឡើង “តែក្នុងភាពអសកម្មរបស់អ្នកគ្រប់គ្រងប៉ុណ្ណោះ”។

ជារឿយៗក្រុមអ្នកសង្កេតការណ៍តែងតែសន្និដ្ឋានអំពីការបែកបាក់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដោយលោក ស ខេង និងបងថ្លៃរបស់លោកគឺលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា តំណាងឱ្យកម្លាំងទប់ទល់នឹងការកាន់អំណាចលលើសលុបរបស់លោក ហ៊ុន សែន។ អ្នកដែលស្និទ្ធនឹងលោក ស ខេង ក៏បានអះអាងផងដែរថា ត្រូវបានផ្ដោតគោលដៅដោយសកម្មភាពតុលាការ រួមទាំងលោក ហ៊ុន ហ៊ាន អតីតអង្គរក្សរបស់លោក និងលោក ម៉ឹក ដារ៉ា មន្ត្រីប្រឆាំងគ្រឿងញៀន ដែលលោកទាំងពីរជាប់ពន្ធនាគារក្នុងករណីគ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះគឺជាតំណាងមួយរូបក្នុងចំណោមតំណាងសំខាន់របស់គណបក្សប្រជាជនកម្ពុជា អំឡុងការចរចាជាមួយគណបក្សសង្គ្រោះជាតិក្រោយពីមានការតវ៉ារយៈពេល១ឆ្នាំជុំវិញការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាស។ លោក ស ខេង ត្រូវបានគេដកស្រង់សម្ដីក្នុងឆ្នាំ២០១៥ ដែលលើកឡើងថា ការពិភាក្សារវាងគណបក្សទាំងពីរគឺ “សំខាន់ណាស់” បើទោះជា “វប្បធម៌សន្ទនា” បានកាន់យ៉ាប់យ៉ឺនកាលពីចុងឆ្នាំនោះ។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក គង់ គាំ បានសរសើរលោក ស ខេង ថាជាអ្នកសម្របសម្រួលដ៏មានសមត្ថភាព ហើយបានកត់សម្គាល់ថា “គាត់បានធ្វើឱ្យសហគមន៍មានភាពប្រសើរឡើងអំឡុងលោកគ្រប់គ្រងនៅក្រសួងនេះ។

ការអត្ថាធិប្បាយរបស់លោក គង់ គាំ កាលពីសប្ដាហ៍មុន កត់សម្គាល់ឱ្យឃើញយ៉ាងតិចជាលើកទី២ហើយដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសគាំទ្រចំពោះអ្នកដេលមាននិន្នាការនយោបាយផ្ទុយគ្នានៅមុនការបោះឆ្នោត ឃុំសង្កាត់កាលពីម្សិលមិញ។

គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកនាំសាររបស់រដ្ឋាភិបាលបានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃពុធតាមការអះអាងពីមន្ត្រីយោធាក្នុងខេត្តព្រះវិហារ ការវាយប្រហារលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិចំពោះការសន្យាផ្ដល់យោធានូវអាវុធទំនើបៗ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅឆ្នាំក្រោយនេះ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា ការលើកឡើងរបស់តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ “គ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញសំឡេងឆ្នោតតែប៉ុណ្ណោះ”។

លោក គង់ គាំ ជាអតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋមន្ត្រីក្រសួងការបរទេសដែលបានចាកចេញពីគណបក្សប្រជាជនកម្ពុជាទៅចុះចូលជាមួយគណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំង នៅពេលគណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥។ លោកបានកាន់តួនាទីជាប្រធានគណបក្សនេះក្នុងឆ្នាំ២០១២រហូតដល់ឆ្នាំ២០១៥ បន្ទាប់ពីលោក សម រង្ស៊ី ស្ថាបនិកគណបក្សនេះ បានចាកចេញទៅទៅបង្កើតគណបក្សសង្គ្រោះជាតិ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស