32.5 C
Phnom Penh

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​​​​ទទួល​ស្គាល់​ថា​​​ខ្លួន​ពិតជាបាន​​បំភិត​បំភ័យ​​​អង្គការមិនមែន​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។

លោកបានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែនិយាយថា ក្រសួងមហាផ្ទៃបានចាប់ផ្ដើមការស៊ើបអង្កេតហើយ ព្រោះយើងចង់គំរាមអង្គការទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេនឹងធ្វើគ្រប់បែបយ៉ាងតាមចិត្តចង់ដែលបំពានច្បាប់”។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួន រួមទាំងថ្នាក់ដឹកនាំនៃអង្គការសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូផង បានស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំង ហើយត្រូវបានចុះក្នុង “បញ្ជីខ្មៅ” ជាផ្លូវការសម្រាប់ការអង្កេតតាមដាន បន្ទាប់ពីការបោះឆ្នោត ប្រសិនបើពួកគេបន្តបំពានច្បាប់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប៉ុន្តែកាលពីម្សិលមិញ ឧត្តមសេនីយ៍រូបនេះបានរិះគន់អ្នកយកព័ត៌មានម្នាក់ខ្លាំងៗចំពោះការសួរដេញដោលអំពីការលើកឡើងរបស់លោក ដោយលោកបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនេះគ្មានករណីរើសអើងកើតឡើងនោះទេ។

លោកបានសួរបកមកវិញថា “ម៉េចក៏អ្នកឯងសួរពីករណីនេះ? ការបោះឆ្នោតឃុំ សង្កាត់ បានបញ្ចប់ហើយ ហើយក៏គ្មានកើតឡើងចំពោះអង្គការទាំងនោះដែរ។ អ្នកឯងសួរខ្ញុំសំណួរនេះដើម្បីបង្កបញ្ហាដល់ប្រជាពលរដ្ឋ និងដើម្បីបង្កជម្លោះ”។

ទោះបីជាអ្នកសង្កេតការណ៍ការបោះឆ្នោតមួយចំនួនលើកឡើងថា ការព្រមានរបស់លោក ខៀវ សុភ័គ បន្ថែមពីលើការព្រមានយ៉ាងច្រើនរបស់រដ្ឋាភិបាលនៅមុនការបោះឆ្នោតក្ដី ក៏លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)មានប្រសាសន៍ថា វាស្ថិតក្រៅដែនសមត្ថកិច្ចរបស់ គ.ជ.ប។

លោកបន្តថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេសម្រាប់ករណីនេះ ព្រោះនេះជាការងាររបស់នគរបាលដែលត្រូវផ្ដល់សន្តិសុខសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ហើយវាមិនពាក់ព័ន្ធនឹងកិច្ចការរបស់ គ.ជ.ប ទេ។ ខ្ញុំគិតថា គាត់មិនបានបំពានច្បាប់បោះឆ្នោតទេ ព្រោះនេះជាការគំរាមកំហែងនៅក្រៅបរិយាកាស [បោះឆ្នោត]”។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ចំណែកឯអង្គការមិនមែនរដ្ឋាភិបាលបានថ្កោលទោសការគំរាមកំហែងនេះ ប៉ុន្តែលើកឡើងថា វាគ្មានអ្វីថ្មីទេ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុកមានប្រសាសន៍ថា អង្គការនេះបានក្លាយជាផ្ទាំងស៊ីបជាយូរមកហើយសម្រាប់មន្ត្រីរដ្ឋាភិបាល ពីព្រោះអង្គការនេះបានលាតត្រដាងទង្វើអាក្រក់របស់ពួកគេ។

លោកលើកឡើងថា “កន្លងមកយើងបានទទួលការគំរាមកំហែងជាច្រើន។ សកម្មភាពរបស់អង្គការយើងបានប៉ះពាល់ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យគណបក្សកាន់អំណាចនេះបាត់បង់ប្រជាប្រិយភាពដោយសារតែមន្ត្រីរបស់ខ្លួនធ្វើខុស….។ ខ្ញុំយល់ថា ការប្រើពាក្យសម្ដីគំរាមកំហែងគឺជាបទល្មើស ពីព្រោះអង្គការបានទទួលការគំរាមកំហែងដោយអយុត្តិធម៌”។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា អង្គការនេះគ្មានគម្រោងប្ដឹងបទព្រហ្មទណ្ឌនោះទេ។ ចំណែកឯលោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ បានផ្អាកនិយាយបន្ទាប់ពីអ្នកយកព័ត៌មានម្នាក់លើកឡើងអំពីការបកស្រាយរបស់លោក ខៀវ សុភ័គ សម្រាប់ការព្រមានកាលពីសប្តាហ៍មុន ដោយថ្លែងថា វាធ្វើឱ្យលោកគាំងយោបល់និយាយលែងចេញ។

លោកមានប្រសាសន៍ថា “វាមិនសមហេតុផលទេដែលនៅក្នុងប្រទេសប្រជាធិបតេយ្យគំរាមកំហែងអង្គការសង្គមស៊ីវិល” ហើយការគំរាមកំហែងនេះក៏ត្រូវរិះគន់អង្គការមិនមែនរដ្ឋាភិបាលណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដោយបើកចំហផងដែរ។លោកបន្តថា “យើងជឿថា អ្វីដែលយើងកំពុងធ្វើគឺដើម្បីគាំទ្រដល់ជនរងគ្រោះ”។

អង្គការមិនមែនរដ្ឋាភិបាលនានាបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងចាប់តាំងពីអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ២០១៥ ដែលបានផ្ដល់សិទ្ធិអំណាចលើសលប់ដល់ក្រសួងឲ្យមានសិទ្ធិអាចលុបចោលការចុះបញ្ជីសម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលបានល្មើសច្បាប់អព្យាក្រឹត ឬគំរាមកំហែងដល់ស្ថិរភាព។

ស្របពេលជាមួយគ្នានេះ បុគ្គលិកអង្គការអាដហុកបួនរូប និងអតីតមន្ត្រីអង្គការនេះមួយរូប ត្រូវបានឃុំខ្លួនដោយគ្មានបទចោទអស់រយៈពេលជាង១ឆ្នាំនៅក្នុងសំណុំរឿងសូកប៉ាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។

ករណីទាំងនោះ និងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលបានធ្វើឲ្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ីអាគ្នេយ៍ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយកាលពីម្សិលមិញបានអំពាវនាវឱ្យកែលម្អបរិយាកាសសម្រាប់សង្គមស៊ីវិលនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយការបោះឆ្នោត។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “ជាពិសេសការគំរាមកំហែងខាងនយោបាយ និងការចាប់ខ្លួនតួអង្គរបស់សង្គមស៊ីវិល និងសមាជិកគណបក្សប្រឆាំងគួរតែឈប់ដើម្បីឲ្យពួកគេអាចបន្តដើរតួនាទីស្របច្បាប់នៅក្នុងប្រទេសកម្ពុជាដែលមានលទ្ធិប្រជាធបតេយ្យ ជាពិសេសនៅមុនការបោះឆ្នោតឆ្នាំក្រោយ។ ការដោះលែងមន្ត្រីអាដហុកទាំង៥ និងអ្នកស្រី ទេព វន្នី [សកម្មជនបឹងកក់] គឺជាការតេស្តសាកល្បងដ៏សំខាន់សម្រាប់ពេលនោះ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស