28.5 C
Phnom Penh

នគ​​​រ​​​បាល​​​ដែល​​​បាញ់​​​គំរាម​​​រថយន្ត​អំឡុង​​​ពេល​​​បើក​​​បរ​​​មិន​​ប្រឈម​​​ការ​​​ចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការនគរបាលខេត្តមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីនគរបាលចរាចរម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបាញ់គំរាមរថយន្តមួយគ្រឿងទៀតបន្ទាប់ពីការបើកបុក ហើយរត់នោះមិនត្រូវបានចាប់ខ្លួនទេ ដោយសារឪពុករបស់បុរសរូបនេះមានតួនាទីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។

លោក ឯម រដ្ឋា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោក លឹម ចំណាន នាយករងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាលបានបាញ់គំរាមរថយន្តមួយគ្រឿងទៀតពីរថយន្តតូយូ៉តាកាមេរីរបស់ខ្លួនក្រោយពីគាត់បើកជែងរថយន្តនោះតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍។

រូបភាពពីគេហទំព័រព័ត៌មាន Fresh News បង្ហាញឲ្យឃើញរថយន្តរបស់លោក ចំណាន បន្ទាប់ពីប្រជែងទៅមុខរថយន្តមួយផ្សេងទៀត។ រូបពីគេហទំព័រព័ត៌មាន Fresh News

លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ចំណាន គឺជាកូនប្រុសរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ”។ លោកបានបន្ថែមថា “មានសេចក្តីរាយការណ៍ថា បុរសរូបនេះបានបាញ់គំរាមរថយន្តមួយគ្រឿងទៀតបន្ទាប់មកបានបើកគេច ក្រោយពីរថយន្តរបស់ខ្លួនបានបុករថយន្តផ្សេងទៀត”។

វីដេអូឃ្លីបនៃហេតុការណ៍នោះដែលត្រូវបានចែករំលែកតាមប្រព័ន្ធអីុនធឺណិតដោយគេហទំព័រព័ត៌មាន Fresh News កាលពីថ្ងៃ អាទិត្យ បង្ហាញថា រថយន្តតូយ៉ូតាកាមរីនេះបានបើកប៉ះរថយន្តមួយគ្រឿងទៀតខណៈដែលបើកជែងក្នុងស្ថានភាពមេឃភ្លៀង មុនពេលបង្កើនល្បឿនយ៉ាងលឿន។ ខណៈដែលរថយន្តមួយគ្រឿងទៀតព្យាយាមបើកដេញតាមដោយចុចស៊ីផ្លេផង អ្នកបើករូបនោះបានចុចកញ្ចក់ទ្វាររថយន្តចុះ ហើយបញ្ចេញកាំភ្លើងមកក្រៅ មុនពេលឮស្នូរផ្ទុះអាវុធ។

លោក លឹម ចំណាន នាយករងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាល។ រូបថតៈ Fresh News
លោក លឹម ចំណាន នាយករងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាល។ រូបថតៈ Fresh News

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានបទបញ្ជាពីថ្នាក់លើឲ្យធ្វើការផាកពិន័យ លឹម ចំណាន ។ ប៉ុន្តែមិនបញ្ជាក់ពីចំនួនទឹកប្រាក់ផាកពិន័យទេ។

លោកបានថ្លែងថា “ចំណាន មិនត្រូវបានចាប់ខ្លួនទេ ព្រោះគាត់គឺជាកូនប្រុសមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល”។

នៅពេលទាក់ទងកាលពីពេលម្សិលមិញ លោក ប៉ុល លឹម អតីតអគ្គស្នងការរងនគរបាលជាតិបានអះអាងថា លឹម ចំណាន គឺជាកូនប្រុសរបស់លោក ហើយបានថ្លែងថា លោកបានទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដើម្បីពន្យល់ថា កូនប្រុសរបស់លោកបានប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ លោក ប៉ុល លឹម បានមានប្រសាសន៍ថា “នគរបាលនឹងមិនចាប់ខ្លួនកូនប្រុសខ្ញុំទេ ពីព្រោះគាត់មិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរឡើយ”។ លោកបានអះអាងថា ចំណាន បានបាញ់គំរាមរថយន្តមួយគ្រឿងទៀតព្រោះអ្នកបើករថយន្តនោះបានបើកដេញតាមគាត់។

លោកបានថ្លែងថា “ភាគីម្ខាងទៀតមិនបានដាក់ពាក្យប្តឹងកូនប្រុសរបស់ខ្ញុំទេ ពីព្រោះ ពួកគេក៏ទទួលស្គាល់ថា ខ្លួនមានកំហុសដែរ”។

មន្ត្រីនគរបាលមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អាវុធគំរាមប្រជាពលរដ្ឋ ឬ “បាញ់បោះដោយគ្មានបទបញ្ជា” នោះឡើយ លើកលែងតែក្នុងករណីការពារខ្លួនស្របច្បាប់ ឬការពារប្រជាពលរដ្ឋ ឬទ្រព្យសម្បត្តិ។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថា លឹម ចំណាន ត្រូវបានសាកសួរកាលពីម្សិលមិញ ដោយលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី។

លោក នេត សាវឿន បានថ្លែងថា “យើងមិនបានចាប់ខ្លួនគាត់ទេ ពីព្រោះបទល្មើសនេះមិនធ្ងន់ធ្ងរ។ ខ្ញុំបានប្រាប់ស្នងការនគរបាលរាជធានីភ្នំពេញឲ្យហៅពួកគេមកធ្វើការសម្រុះសម្រួល ពីព្រោះករណីនេះគឺ ជារឿងចៃដន្យ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស