38.8 C
Phnom Penh

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រិះគន់​យ៉ាង​ខ្លាំង​​ថា ការ​បោះឆ្នោត​ “មិន​សេរី និង​មិន​ត្រឹមត្រូវ​យុត្តិធម៌”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌” ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

ទន្ទឹមនឹងយល់ស្របតាមទស្សនៈរបស់អ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀតរួមមានទាំងសហភាពអឺរ៉ុប និងស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ផងដែលយល់ឃើញថា ថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយ “សន្តិវិធី” អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កមួយនេះបានរិះគន់យ៉ាងខ្លាំងៗចំពោះបរិយាកាសក្រោយការបោះឆ្នោត ដោយនិយាយថា ការបោះឆ្នោតនេះ “បានធ្វើឡើងក្នុងបរិយាកាសគំរាមកំហែងដល់សេរីភាពបញ្ចេញមតិ និងការចូលរួមពិតប្រាកដ”។

លោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ។ រូបថត ៈ Reuters
លោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ។ រូបថត ៈ Reuters

អង្គការនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងមានសង្គ្រាមកើតឡើងប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត “តុលាការគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា” ដែលចាប់គូប្រជែងខាងនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលដែលប្រឆាំងគណបក្សកាន់អំណាចដាក់ពន្ធនាគារ ប្រព័ន្ធផ្សព្វផ្សាយមានភាពលម្អៀង និងដំណើរការបោះឆ្នោត “ដែលមានគុណវិបត្តិជាមូលដ្ឋាន” បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

លោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះថា “បើគ្មានស្តង់ដារផង តើការបោះឆ្នោតអាចចាត់ទុកបានថា សេរី និងត្រឹមត្រូវយុត្តិធម៌បានយ៉ាងម៉េច នៅពេលមានបញ្ហាទាំងនេះកើតឡើង”។

វាបានឆ្លុះបញ្ចាំងពីក្ដីបារម្ភរបស់អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួននៅមុនថ្ងៃបោះឆ្នោត ប៉ុន្តែខុសគ្នាស្រឡះពីស្ថានទូតអាមេរិក ដែលបានសរសើរការបោះឆ្នោតឃុំ សង្កាត់ កាលពីសប្ដាហ៍មុននេះថា ជា”ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងការបន្តអភិវឌ្ឍប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

លោក ប្រេដ អាដាម ត្រូវបានដកស្រង់ប្រសាសន៍ថា ដោយសារតែគណបក្សធំៗទាំងពីរទទួលបានសំឡេងឆ្នោតប្រដំប្រសងគ្នា វា “ច្បាស់ណាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនឹងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាថ្មីម្តងទៀត ជាហេតុធ្វើឱ្យវាកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់ដែលត្រូវធ្វើកំណែទម្រង់មូលដ្ឋានជាបន្ទាន់”។

លោកបានលើកឡើងបន្តថា “បើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងនៅឆ្នាំក្រោយក្រោមស្ថានភាពដូចគ្នានេះ វានឹងមិនត្រូវបានចាត់ទុកថាសេរី និងត្រឹមត្រូវ យុត្តិធម៌នោះទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកបានដឹងពីសេចក្ដីថ្លែងការណ៍នេះ ប៉ុន្តែបានតបទៅវិញថា ស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបបានវាយតម្លៃថា ការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវយុត្តិធម៌ ដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន”។

លោកបានបន្ថែមថា “ខ្ញុំសុំសួរបន្តិច…តើលោក ប្រេដ អាដាម ឆ្កួតឬក៏ពិភពលោកឆ្កួត? តើស្ថានទូតអាមេរិកឆ្កួត?”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស