33.2 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។

អាជ្ញាធរមូលដ្ឋានលើកឡើងថា ផ្ទះនិងតូបលក់ដូរជាង៥០០បានសាងសង់ព្រោងព្រាតក្នុងសង្កាត់នគរធំ និងសង្កាត់គោកចកក្នុងក្រុងសៀមរាបរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ហើយថា តាំងពីពេលនោះមកអាជ្ញាធរបានជំរុញឲ្យម្ចាស់សំណង់ទាំងនោះរុះរើចេញវិញ តែទទួល បានលទ្ធផលតិចតួចប៉ុណ្ណោះ។

នៅកិច្ចប្រជុំក្នុងក្រុងសៀមរាបកាលពីថ្ងៃអង្គារជាមួយឧត្តមសេនីយ៍ ទៀ បាញ់ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដែលលោកក៏ជាប្រធានក្រុមការងារចុះជួយខេត្តនេះរបស់គណបក្សដែរនោះ បានលើកឡើងថា សូមឈប់សំណូម ពរពួក គាត់ទៀតទៅ។

លោក លី សំរិទ្ធ អភិបាលរងខេត្តដែលបានចូលរួមកិច្ចប្រជុំដែរបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានព្យាយាមនិយាយជាមួយពួកគាត់ ហើយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនេះដោយខ្លួនឯងច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពួកគាត់មិនស្តាប់យើងឡើយ។ ហេតុនេះហើយ ឥឡូវនេះវិធានការចុងក្រោយរបស់អាជ្ញាធរគឺត្រូវចាត់វិធានការរុះរើផ្ទះសាងសង់អនាធិបតេយ្យទាំងនេះតែម្តង”។

ឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែង ថា ការតវ៉ាគ្រប់រូបភាពនឹងមិនអត់ឱនឱ្យឡើយ។ លោកបានថ្លែងថា “យើងមិនអនុញ្ញាតឲ្យមានសំណង់អនាធិបតេយ្យបែបនេះឡើយព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ។ យើងនឹងចាប់ខ្លួននរណាក៏ដោយ បើពួកគេជំទាស់នឹងវិធានការរបស់អាជ្ញាធរ និងធ្វើសកម្មភាពរំលោភបំពានច្បាប់នោះ”។

WP-LastImage-31-800x533លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាជាស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងឧទ្យានបុរាណអង្គរបានមានប្រសាសន៍ថា គណៈកម្មការចម្រុះមួយត្រូវបានបង្កើតរួចហើយដើម្បីដោះស្រាយបញ្ហានេះ ហើយក្នុងនោះមានការចូលរួមពីស្នងការខេត្តនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។

លោកបានថ្លែងថា “ខ្ញុំគិតថា ប្រជាពលរដ្ឋមិនជំទាស់នឹងវិធានការរុះរើរបស់យើងទេ ពីព្រោះពួកគាត់ប្រហែលជាយល់យ៉ាងច្បាស់ថា ផ្ទះរបស់ពួកគាត់ត្រូវបានសាងសង់ក្នុងឧទ្យានអង្គរ”។

លោក រស់ សំណាង ដែលបានសាងសង់ផ្ទះក្នុងសង្កាត់គោកចកនៅមុនថ្ងៃបោះឆ្នោតនោះបាននិយាយថា គាត់និងអ្នកជិតខាងនឹងធ្វើការតវ៉ា ប្រសិនបើអាជ្ញាធរព្យាយាមរុះរើផ្ទះរបស់ពួកគាត់។

គាត់បាននិយាយថា “យើងនឹងមិនអនុញ្ញាតឲ្យអាជ្ញាធរអប្សរារុះរើផ្ទះរបស់យើងទេព្រោះវានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើង ពីព្រោះអ្នកភូមិភាគច្រើនបានខ្ចីប្រាក់ពីធនាគារ ហើយពួកគាត់នឹងបាត់បង់ទីជម្រកអំឡុងរដូវវស្សានេះ”។

លោក រស់ សំណាង បាននិយាយថា គាត់បារម្ភថា អាជ្ញាធរអាចតបតចំពោះការតវ៉ារបស់ពួកគាត់ដោយប្រើហិង្សា ប៉ុន្តែគាត់បានព្រមានថា អ្នកភូមិនឹងឆ្លើយតបវិញដោយហិង្សាដែរ។

គាត់បាននិយាយថា “អ្នកភូមិនឹងអស់ការអត់ធ្មត់ ហើយពួកគាត់នឹងប្រើហិង្សាតបទៅអាជ្ញាធរវិញ ពីព្រោះពួកគាត់បាត់បង់ទីជម្រក”។

អ្នកចំណូលថ្មីក៏ចង់ឲ្យអាជ្ញាធរទទួលខុសត្រូវចំពោះស្ថានភាពលំបាករបស់ពួកគាត់ផងដែរ ដោយអះអាងថា ពួកគេដឹងថា ពួកគាត់ចូលមកសាងសង់នៅមុនការបោះឆ្នោតដែរហើយមិនបានហាមឃាត់ទេ។ ពួកគាត់មួយចំនួនជឿថា អាជ្ញាធរជ្រើសរើសវិធីផ្សេងដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបាត់បង់សំឡេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាកាន់អំណាច។

អាជ្ញាធរអប្សរាអះអាងថា អ្នកចំណូលថ្មីទាំងនេះត្រូវបានប្រាប់ឲ្យបញ្ឈប់ការសាងសង់ដែរ តែពួកគាត់នៅតែបន្តសាងសង់ផ្ទះ និងតូបលក់ដូររបស់ខ្លួនដដែល ខណៈដែលអាជ្ញាធររបស់យើងរវល់បំពេញការងារផ្សេង។

ទោះជាយ៉ាងណា កាលពីម្សលមិញ លោក លី សំរិទ្ធ អភិបាលរងខេត្ត បាននិយាយផ្ទុយពីការលើកឡើងរបស់អាជ្ញាធរអប្សរា ដោយថ្លែងថា មិនមានការព្យាយាមហាមឃាត់អ្នកចំណូលថ្មីទាំងនេះទេ។

លោកបានថ្លែងថា “យើងមិនដែលហាមឃាត់អ្នកទាំងនោះទេ ខណៈដែលពួកគាត់សាងសង់ផ្ទះក្នុងឧទ្យាននេះ ពីព្រោះអាជ្ញាធររបស់យើងមានការយោគយល់”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស