33.2 C
Phnom Penh

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​​ផ្អាក​​ការ​រុះរើ​ស្ពាន​​ឆ្លង​ទន្លេ​ស្រែ​ពក​​​​​នៅ​ស្ទឹងត្រែង​ជា​បណ្ដោះ​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតវ៉ាប្រហែល១៥០នាក់នៅក្នុងខេត្តស្ទឹងត្រែងជោគជ័យក្នុងការរារាំងអាជ្ញាធរមូលដ្ឋានមិនឱ្យរុះរើស្ពានកាត់ទន្លេស្រែពកដែលនឹងត្រូវលិចលង់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២ដែលសាងសង់ជិតរួចរាល់ ប៉ុន្តែការពន្យារពេលនេះប្រហែលជាមានរយៈពេលខ្លីប៉ុណ្ណោះ។

លោក ហ៊ូ សំអុល អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះមានប្រសាសន៍កាលពីម្សិលមិញថា “អាជ្ញាធរខេត្តបានចាប់ផ្តើមរុះរើស្ពានឆ្លងកាត់ទន្លេស្រែពកនេះកាលពីព្រឹកម្សិលមិញ ពីព្រោះស្ពាននេះនឹងលិចទឹកនៅពេលក្រុមហ៊ុនវារីអគ្គិសនីនេះបិទទំនប់នៅខែក្រោយនេះ”។ លោកបន្ថែមថា ”ប្រជាពលរដ្ឋបានតវ៉ាជំទាស់នឹងការរុះរើស្ពាននេះ ពីព្រោះពួកគាត់ចង់ឱ្យទុកស្ពាននេះសម្រាប់ធ្វើដំណើរឆ្លងកាត់”។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានអះអាងថា ក្រុមអ្នកតវ៉ាបានរារាំងការរុះរើនេះ ហើយលោកបានលើកឡើងថា អាជ្ញាធរនឹងព្យាយាមរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលពួកគាត់និយាយថា ស្ពាននេះសំខាន់ណាស់ក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ក្រុងស្ទឹងត្រែង។ លោកបានបន្ទោសការតវ៉ានេះថាដោយសារការយល់ច្រឡំ។

លោកបានថ្លែងថា “ប្រជាពលរដ្ឋទាំងនោះធ្វើការតវ៉ា ពីព្រោះពួកគាត់ឃើញអាជ្ញាធរខេត្តរបស់យើងរុះរើស្ពាននេះ ហើយយើងមិនបានពន្យល់ឱ្យបានច្បាស់ពីមូលហេតុនៃការរុះរើស្ពាននេះ”។ លោកបន្ថែមថា អាជ្ញាធរនឹងនៅតែរុះរើស្ពាននេះដដែល “នៅពេលឆាប់ៗនេះ”។

ភាគច្រើននៃអ្នកតវ៉ាទាំងនេះគឺជាអ្នកដែលមិនព្រមទទួលយកការផ្តល់សំណងដើម្បីចាកចេញពីផ្ទះរបស់ពួកគាត់ ដែលពួកគាត់នៅតែរស់នៅលើដីនេះដែលអាជ្ញាធរលើកឡើងថា នឹងជន់លិចនៅពេលទំនប់ចាប់ផ្តើមសាកល្បងនៅថ្ងៃទី១៥ខែកក្កដា។

ម្នាក់ក្នុងចំណោមពួកគាត់គឺលោក សៀក មេគង្គ មេឃុំស្រែគរបានមានប្រសាសន៍ថា ការព្យាយាមរុះរើនេះគឺជាការប្រមាថចំពោះសមិទ្ធផលរបស់ព្រះមហាក្សត្រគឺស្ពាននេះដែលបានសាងសង់ឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក។

លោកបានថ្លែងថា “ខ្ញុំគិតថា សកម្មភាពរបស់អាជ្ញាធរខេត្តគឺខុសទាំងស្រុង”។ លោកបានបន្ថែមថា “ឥឡូវនេះពួកគេកំពុងតែបំផ្លាញសមិទ្ធផលរបស់អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ”។

លោក សៀក មេគង្គ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ៩៣គ្រួសារក្នុងឃុំស្រែគរ និង៥១គ្រួសារទៀតក្នុងឃុំក្បាលរមាសបានបដិសេធមិនទទួលយកសំណង និងមិនចាកចេញពីផ្ទះរបស់ពួកគាត់ដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីនេះឡើយ។

យោងតាមអ្នកនាំាពាក្យសាលាខេត្តបានឱ្យដឹងថា ពួកគាត់កំពុងលេងល្បែងគ្រោះថ្នាក់ដោយលោក ម៉ែន គង់ លើកឡើងថា ការសាកល្បងដំបូងសម្រាប់ទំនប់នេះនឹងចាប់ផ្តើមតាមការគ្រោងទុកនៅថ្ងៃទី១៥ហើយថា ស្ពាននេះនឹងត្រូវបិទទាំងស្រុងនៅដំណាច់ឆ្នាំនេះ។

លោកបានលើកឡើងថា “ខ្ញុំគិតថា ពួកគាត់ត្រូវតែចាកចេញពីតំបន់នោះ ព្រោះពួកគាត់មិនអាចរស់នៅទីនោះបានតទៀតឡើយ ប្រសិនបើគេបិទទំនប់នេះ”។ លោកបន្ថែមថា “យើងបានរៀបចំភូមិថ្មីសម្រាប់ពួកគាត់រួចហើយ”។

លោក ស៊ុត ធឿន អាយុ៣៧ឆ្នាំដែលបានចូលរួមការតវ៉ាកាលពីថ្ងៃពុធ ហើយបច្ចុប្បន្ននេះកំពុងរស់នៅក្នុងផ្ទះរបស់គាត់ស្ថិតក្នុងភូមិស្រែគរ បាននិយាយថាគាត់គ្មានគម្រោងផ្លាស់ទៅកាន់ភូមិថ្មីឡើយ។

គាត់បាននិយាយថា “យើងនឹងមិនចាកចេញពីភូមិកំណើតរបស់យើងទេ ពីព្រោះវាងាយស្រួលក្នុងការរកប្រាក់ចំណូលពីការលក់ដូរបន្តិចបន្តួច”។ គាត់បានបន្ថែមថា ប្រជាពលរដ្ឋមិនដឹងថា ត្រូវចាប់ផ្តើមការងារថ្មីរបៀបម៉េចនោះឡើយ ប្រសិនបើពួកគាត់ត្រូវឱ្យផ្លាស់ទីលំនៅទៅកាន់ភូមិថ្មីនោះ។

ទំនប់វារីអគ្គិសនីនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកាន់កាប់ដោយអ្នកឧកញ៉ា គិត ម៉េង។ ការសាងសង់ទំនប់វារីអគ្គិសនីនេះរងការចោទប្រកាន់ថា មានការកាប់ឈើ និងការលាងឈើខុសច្បាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីខែឧសភាថា ទំនប់នេះគ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានឡើយជាអ្វីដែលត្រូវបានច្រានចោលទាំងស្រុងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដែលបានលើកឡើងថា ទំនប់នេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាងទន្លេសាបទាំងមូល។

ការសាងសង់ទំនប់នេះក៏ធ្វើឱ្យមានការរិះគន់ផងដែរដល់ធនាគារពិភពលោកដែលបានជួយផ្តល់មូលនិធិដល់គម្រោងនេះតាមរយៈស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជនរបស់ខ្លួន។ កាលពីឆ្នាំមុនអង្គការមិនមែនរដ្ឋាភិបាលមួយក្រុមបានជំរុញឱ្យធនាគារនេះធ្វើយ៉ាងណាឱ្យគម្រោងនេះស្របតាមគោលការណ៍គាំពាររបស់ខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋមូលដ្ឋានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏ឈប់គាំទ្រគម្រោងនេះតែម្តង៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស