38 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​ដាក់​​​សំណើ​​​វិសោធនកម្មច្បាប់ ​​​”ដើម្បី​​​សម្លាប់​​​អាជីព​​​នយោបាយ​​​របស់​​​លោក ​​​សម​​​ រង្ស៊ី”​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សកាន់អំណាចបានដាក់សំណើវិសោធនកម្មចុងក្រោយរបស់ខ្លួនលើច្បាប់ស្តីពីគណបក្សនយោបាយជូនរដ្ឋសភាកាលពីម្សិលមិញ ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាជាការប៉ុនប៉ង “សម្លាប់អាជីពនយោបាយរបស់លោក សម រង្ស៊ី”។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា”មិនចាំបាច់អ្នកនាំពាក្យជម្រាបជូនទេ។ ក្នុង២០ឆ្នាំជាង [ធ្វើនយោបាយ] តើ សម រង្ស៊ី ធ្វើអ្វីខ្លះសម្រាប់ជាតិ?”។

វោហារសាស្ត្រនេះត្រូវបានលោក សម រង្ស៊ី ឆ្លើយតបភ្លាមៗកាលពីម្សិលមិញ តាមរយៈសារអេឡិចត្រូនិកមួយថា “ការបន្តសកម្មភាពនយោបាយរបស់ខ្ញុំ និងការបន្តប៉ុនប៉ងរបស់គណបក្សប្រជាជនដើម្បីបំបិទមាត់ខ្ញុំបង្ហាញថាវាផ្ទុយគ្នាស្រឡះ”។

IMG_0074លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីខែកុម្ភៈ ស្របពេលរដ្ឋសភាកំពុងពិចារណាការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសមួយឈុតមុននេះលើច្បាប់ដដែលដើម្បីររាំងទណ្ឌិតមិនឲ្យធ្វើជាប្រធានគណបក្សនយោបាយ ហើយរម្លាយគណបក្សណាដែលប្រធានរបស់ខ្លួនជាប់ទោសព្រហ្មទណ្ឌ។ វិសោធនកម្មទាំងនោះត្រូវបានអនុម័តនៅពេលក្រោយមក។

ការធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឡើងកាលពីសប្តាហ៍មុនដោយសារខឹងលោក សម រង្ស៊ី បន្តរិះគន់លោក និងរដ្ឋាភិបាលលោក ព្រមទាំងការបន្តពាក់ព័ន្ធរបស់លោក សម រង្ស៊ី ក្នុងកិច្ចការរបស់គណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងសំណុំរឿងជាបន្តបន្ទាប់គ្នាដោយសារតែលោក និងសហការីរបស់លោករិះគន់រដ្ឋាភិបាល ហើយបានរស់នៅដោយនិរទេសខ្លួនក្នុងទីក្រុងប៉ារីស និងមិនបានឈានជើងចូលទឹកដីកម្ពុជាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សមាជិកសភាគណបក្សកាន់អំណាចជាង៣០រូបបានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីចុះហត្ថលេខាលើសំណើវិសោធនកម្មនេះដែលគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបានបញ្ជូនបន្តទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌។

អ្នកនាំពាក្យរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីសំណើវិសោធកម្មនេះទេ។ ប៉ុន្តែអំឡុងពេលផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយកាលពីព្រឹកម្សិលមិញ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងច្បាប់ពីគោលបំណងនៃសោធនកម្មនេះ។

លោកបានគូសបញ្ជាក់ថា គោលបំណង”គ្មានអ្វីផ្សេងក្រៅពីការសម្លាប់ជីវិតនយោបាយ ហើយនិងសម្លាប់ជីវិតក្នុងជីវភាពសង្គមរបស់លោក សម រង្ស៊ី ទេ”។

ក្រោយមក អ្នកនាំពាក្យរូបនេះបានបដិសេធមិនលើកឡើងម្តងទៀតឡើយនូវការអត្ថាធិប្បាយរបស់លោក ហើយបានបន្ទរតាមសុន្ទរកថារបស់នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធ។

បន្ទរតាមការអត្ថាធិប្បាយដែលនាយករដ្ឋមន្ត្រីបានធ្វើឡើងកាលពីសប្តាហ៍មុនស្តីពីលោក សម សារី ដែលបានបាត់ខ្លួនក្នុងឆ្នាំ១៩៦២ ក្រោយពីតាមចោទថាលោកជាប់ពាក់ព័ន្ធក្នុងផែនការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅពេលនោះ លោក សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ី “បង្កអុកឡុករហូត ហើយអាហ្នឹងខ្ញុំយល់ថា គាត់ជាប់ហ្សែនពីឪពុកគាត់ឈ្មោះ សម សារី ដែលជាជនក្បត់ជាតិ”។

លោក ប៉ែន បញ្ញា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

cam-photo-cnrp-jump-channa-e1443834210515ចំណែកឯលោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាអនុប្រធានគណៈកម្មការនេះបានលើកឡើងថា លោកមិនទាន់ឃើញសំណើវិសោធនកម្មរបស់គណបក្សប្រជាជនកម្ពុជាទេ ហើយលោកមិនចង់ធ្វើអត្ថាធិប្បាយឡើយរហូតទាល់តែលោកឃើញសិន។លោកមានប្រសាសន៍ថា “ចាំយើងជជែកគ្នាសិន”។

ទាក់ទិនបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងទៀតមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍កាលពីម្សិលមិញ ប្រសិនបើគណបក្សប្រឆាំងមានបញ្ហាជាមួយសំណើច្បាប់នេះ ពួកគាត់អាចលុបវាចោលបាន នៅពេលពួកគាត់ឡើងកាន់អំណាច។

លោកថ្លែងថា “ពេល អូបាម៉ា [អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅកាន់អំណាច] គាត់ធ្វើ ObamaCare ពេល ត្រាំ [ប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក] ឈ្នះ គាត់លុបចោល” បើទោះបីជាការពិត ការប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ត្រាំ និងគណបក្សសាធារណរដ្ឋដើម្បីលុបចោលច្បាប់ថែទាំសុខភាពខាងលើនេះទំនងជាបានជាប់គាំងហើយក្តី។

លោក សម រង្ស៊ី ថ្លែងថា សំណើវិសោធនកម្មនេះគឺជាការយល់ខុស។ លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ខ្ញុំយល់ថា ពួកគេបានឆោតល្ងង់រួចទៅហើយនៅពេលពួកគេខំព្យាយាមកម្ចាត់ខ្ញុំពីឆាកនយោបាយ ពីព្រោះមានបច្ចេកវិទ្យាទំនើប គ្មានអ្នកណាអាចរារាំងអ្នកណាមិនឲ្យចែករំលែកព័ត៌មាន ឬទស្សនៈពាក់ព័ន្ធផលប៉ះពាល់យ៉ាងខ្លាំងខាងនយោបាយបានឡើយ”។

លោកសរសេរទៀតថា “ប៉ុន្តែពេលនេះពួកគេបង្ហាញថាខ្លួនកាន់តែឆោតល្ងង់ខាងនយោបាយខ្លាំងជាងខ្ញុំធ្លាប់គិតកាលពីដំបូងទៅទៀត នៅពេលពួកគេទទួលស្គាល់ថា ការធ្វើវិសោធនកម្មថ្មីរបស់ពួកគេលើច្បាប់ស្តីពីគណបក្សនយោបាយធ្វើឡើងក្នុងគោលបំណង ‘សម្លាប់សកម្មភាពនយោបាយរបស់ សម រង្ស៊ី’”។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានមានប្រសាសន៍ថា ច្បាប់ដាក់ទណ្ឌកម្មលើគណបក្សមួយដោយសារតែសកម្មភាពរបស់អតីតសមាជិកខ្លួនបង្ហាញថា វាមិនសមហេតុផល និងមិនត្រឹមត្រូវតាមគោលការណ៍សីលធម៌។

លោកបានលើកឡើងទៀតថា សេរីភាពនៃការបញ្ចេញមតិជា “សិទ្ធិមូលដ្ឋានមួយរបស់មនុស្សដែលត្រូវទទួលបានការការពារ។ របៀបដែលគេធ្វើច្បាប់បែបនេះគឺពិតជាពិបាកមែនទែន”។

លោកក៏បានគូសបញ្ជាក់ដែរថា ការខំប្រឹងប្រែងទាំងនេះមានតែធ្វើឲ្យលោកសម រង្ស៊ី ដែលគណបក្សសង្គ្រោះជាតិមិនអាចគ្រប់គ្រងបាន លូកដៃពាក់ព័ន្ធកាន់តែច្រើន។

ប្រធានវេទិកាអនាគតរូបនេះបានចោទជាសំណួរឡើងដូច្នេះថា “ហេតុអីក៏គេឆ្លើយតបទៅគាត់តាមវិធីបែបនេះ? វាមិនល្អទេសម្រាប់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស