39.4 C
Phnom Penh

តុលាការ​​​ប្តេជ្ញា​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិគណបក្ស​​​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធរបានលើកឡើងថា ពួកគេនឹងស្វះស្វែងចាត់វិធានការផ្លូវច្បាប់លើមន្ត្រីកំពូលម្នាក់មកពីគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ ដោយ សារមិនបានបង្ហាញខ្លួនជាលើកទី៣សម្រាប់ការសាកសួរពាក់ព័ន្ធការប្រឈមមុខដាក់គ្នាមួយដែលកើតឡើងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំ ពេញបានធ្វើព្រងើយកន្តើយចំពោះការកំណត់ពេលត្រឹមថ្ងៃម្សិលមិញឲ្យលោកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីឆ្លើយសំណួរពាក់ព័ន្ធការប្រវាយប្រតប់គ្នារវាងអ្នកគាំទ្រគណបក្សប្រឆាំង និងបុរសជិះម៉ូតូម្នាក់អំឡុងពេលមានការហែក្បួនឃោសនា នេះបើយោងតាមលោកអធិការរងនគរបាលខណ្ឌ ហួរ ម៉េងវ៉ាង។

លោក ហួរ ម៉េងវ៉ាង បានមានប្រសាសន៍ថា “គាត់អត់ឃើញទេ ខ្ញុំហៅនៅដំណាក់កាលប៉ូលិស ពីរដងហើយ ឥឡូវអយ្យការម្តងទៀតគឺបីដង”។

អធិការរងនគរបាលខណ្ឌរូបនេះបានលើកឡើងទៀតថា លោកនឹងសុំគោលការណ៍ទៅសាលាដំបូងរាជធានី “ឆាប់ៗ” ដើម្បីស្វែងរកការចាត់វិធានការផ្លូវច្បាប់លើប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរូបនេះ។

លោកបានថ្លែងថា “ចាំមើល ខ្ញុំនឹងសុំគោលការណ៍ទៅព្រះរាជអាជ្ញាតាមក្រោយទៀត”។លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោក លី សុផាណា អ្នកនាំពាក្យតុលាការមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។

ពីមុនអាជ្ញាធរបានលើកឡើងថា លោក ម៉ន ផល្លា គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការហែក្បួននេះ ដោយសារលោកជាអ្នក រៀបចំ ហើយថា អាជ្ញាធរចង់ស្នើឲ្យលោកប្រាប់អត្តសញ្ញាណថា តើនរណាមានជាប់ពាក់ព័ន្ធនៅក្នុងការវាយដំនេះ។ ទូរស័ព្ទរបស់លោក ម៉ន ផល្លា បានបិទកាលពីម្សិលមិញ ហើយមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយតាមហ្វេសប៊ុកឡើយ។

ប៉ុន្តែនាពេលកន្លងមកលោកបានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធទេ ហើយក៏មិនមានវត្តមានដែរអំឡុងមានការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី២៨ខែឧសភានោះ ដោយចាត់ទុកករណីនេះថា ជាការតាមយាយី គណបក្សប្រឆាំងដែលមានជាប់ពាក់ព័ន្ធរឿងនយោបាយ។ វីដេអូស្តីពីការហែក្បួននេះបានបង្ហាញថា អ្នកបើកបរម៉ូតូរូបនោះបានបើកឆ្លងកាត់ក្បួនដង្ហែមុនពេលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលពោរពេញទៅដោយកំហឹងវាយដំលើរូបគាត់។

នៅក្នុងករណីដាច់ដោយឡែកមួយទៀតបេក្ខជនម្នាក់ក្នុងចំណោមអតីតបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់មកពីគណបក្សសង្គ្រោះជាតិក្នុងខេត្តតាកែវដែលសុទ្ធតែត្រូវបានសាកសួរពាក់ព័ន្ធការប្រឈមមុខដាក់គ្នាមួយជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាអំឡុងពេលធ្វើយុទ្ធនាការឃោសនានៅទីនោះបានលើកឡើងថា ខ្លួនមិនទាន់ទទួលបានដំណឹងណាមួយពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ ចាប់តាំងពីក្រុមនេះបានបង្ហាញខ្លួនសម្រាប់ការសាកសួរនៅដើមខែនេះមក។

លោក កែវ អ៊ាត ជំទប់ទី២ ឃុំព្រៃខ្លា ហើយក៏ជាប្រធានគណបក្សសង្គ្រោះជាតិប្រចាំឃុំនេះផងដែរនោះ បានលើកឡើងថា ពួកគេកំពុងរង់ចាំដំណឹងពីតុលាការ។

មន្ត្រីសាលាដំបូងខេត្តតាកែវមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស