39.4 C
Phnom Penh

បណ្តុំអង្គការ​​​​​​ហៅ​​​ថា ‘បន្ទប់ស្ថានការណ៍​​​’ ចង់​​​ជួប​​​​​​​​​ពិភាក្សា​​​ជាមួយ​​​លោក ស ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកសំខាន់ពីរនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលហៅខ្លួនឯងថា ‘បន្ទប់ស្ថានការណ៍’ កំពុងខ្នះខ្នែងធ្វើយ៉ាងណាឱ្យបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិភាក្សាអំពីបទបញ្ជារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះដែលនឹងហាមប្រាមបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះមិនឱ្យបន្តការងាររបស់ខ្លួនសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។

អំឡុងខួបអនុស្សាវរីយ៍លើកទី៦៦របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះថាបានរំលោភច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងជាមូលដ្ឋានបញ្ជានៃគោលការណ៍ “បដិវត្តន៍ពណ៌”។

WP-LastImage-6លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកាលពីម្សិលមិញថា លោក ស ខេង បានយល់ព្រមចំពោះជំនួបនោះ ហើយលោកនឹងចាត់តាំងមន្ត្រីក្រសួងឱ្យទៅជួបប្រជុំជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះ ប៉ុន្តែមិនទាន់ប្រកាសពីកាលបរិច្ឆេទជាក់លាក់ឡើយ។

ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបដិសេធមិននិយាយអំពីជំនួបនេះតាមទូរស័ព្ទឡើយ ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណួរផ្ញើតាមរយៈសារជាអក្សរដូចដែលលោកបានស្នើឡើយ។

លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា (ខុមហ្វ្រែល) ជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យបានលើកឡើងថា អង្គការរបស់លោក និងគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយ សេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច)បានផ្ញើលិខិតមួយច្បាប់ទៅលោក ស ខេង កាលពីថ្ងៃអង្គារតាងនាមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២៤ ដែលបានចូលរួមក្នុងអង្គការដែលហៅថា ’បន្ទប់ស្ថានការណ៍’ នេះនៅមុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។

បណ្ដុំអង្គការនេះបានរិះគន់ការបោះឆ្នោតនោះថា មិនទាន់មានភាពសេរី និងយុត្តិធម៌ពេញលេញ ដូចជាមានការគាបសង្កត់នយោបាយទៅលើគណបក្សប្រឆាំង និងការគំរាមប្រើហិង្សាពីថ្នាក់ដឹកនាំគណបក្សកាន់អំណាចជាដើម។

លោក គឹម ឈន បានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលទាំងនេះចង់បានឱកាសដើម្បីពិភាក្សាពីតួនាទីរបស់ពួកគេក្នុងការឃ្លាំមើលការបោះឆ្នោត ដែលត្រូវបានអនុញ្ញាតដោយច្បាប់។

លោកបានបន្ថែមថា “អ្វីដែលយើងធ្វើគឺថាមហាផ្ទៃក្ដី ត្រូវតែលើកទឹកចិត្ត ហើយលើកស្ទួយ ពង្រឹងការគោរពច្បាប់របស់អង្គការមិនមែនរដ្ឋាភិបាល ជាពិសេសក្នុងការឃ្លាំមើលការបោះឆ្នោត”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស