31 C
Phnom Penh

ពេលស្ថិត​​​ក្រោម​​​សម្ពាធ ​​​មន្ត្រី​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់មួយចំនួនមកពីគណបក្សខ្មែររួបរួមជាតិ ដែលកំពុងប្រឈមនឹងបញ្ហាបាននាំគ្នាចុះចូលជាមួយគណបក្ស ហ៊្វុនសិុនបិុច ក្រោយពេលមានការបណ្តេញទីប្រឹក្សារដ្ឋាភិបាលចំនួ១២រូប និងមានការព្រមានពីគណបក្សកាន់អំណាចថា មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ដែលមានទំនាក់ទំនងជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ នឹងជាគោលដៅ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណ បក្សហ៊្វុនសិុនបិុចបានលើកឡើងកាលពីម្សិល មិញថា មន្ត្រីប្រហែល១០រូបនៅក្នុងគណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិបានចាកចេញពីគណបក្សនេះកាលពីសប្តាហ៍មុន។

លោក ញ៉េប ប៊ុនជិន បានមានប្រសាសន៍ថា “ពួកគេមានឈាមជ័រជារាជនិយម។ អ៊ីចឹងបានជាពួកគេត្រឡប់មកវិញ”។ លោកបានមានប្រសាសន៍បន្តថា ”យើងស្វាគមន៍ពួក គាត់យ៉ាងកក់ក្តៅ”។

គណបក្ស KNUP ឬគណបក្សខ្មែររួបរួមជាតិត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំមុនដោយលោក ញឹក ប៊ុនឆៃ ក្រោយពេលបែកចេញពីគណបក្សហ៊្វុនសិុនបិុច ដែលធ្លាប់ជាគណបក្សគូប្រជែងដ៏សំខាន់សម្រាប់គណ បក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

ទោះជាយ៉ាងណា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា គណបក្សហ៊្វុនសិុនបិុចមិនឈ្នះបានមួយឃុំណាឡើយ រីឯគណបក្សខ្មែររួបរួមជាតិវិញឈ្នះបានឃុំមួយ ជាគណបក្សតូចតែមួយគត់ដែលទទួលបានអាសនៈឃុំសង្កាត់។

លោក ញ៉េប ប៊ុនជិន បានលើកឡើងទៀតថា គណបក្សហ៊្វុនសិុនបិុចបាត់បង់សំឡេង ឆ្នោតយ៉ាងច្រើនដោយសារគណបក្សខ្មែររួបរួមជាតិ។

លោក ច័ន្ទ ណូរ៉ា ដែលជាអគ្គលេខាធិការខ្មែររួបរួមជាតិរហូតដល់ពេលលោកចាកចេញកាលពីសប្តាហ៍មុនបានលើកឡើងថា លោកបានចូលរួមជាមួយ គណបក្សហ៊្វុនសិុនបិុច េហតុដូច្នេះគណបក្សនេះនឹងខ្លាំងនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ និងដោយសារលោកមិនដឹងពីគោលបំណងរបស់លោក ញឹក ប៊ុនឆៃ។

លោក ច័ន្ទ ណូរ៉ា បានលើកឡើងទៀតថា លោកនៅតែជាទីប្រឹក្សាក្រសួងកសិកម្ម។

សមាជិកប្រហែល១០០នាក់របស់គណបក្សខ្មែររួបរួមជាតិ និង គណបក្សហ៊្វុនសិុនបិុចមានមុខតំណែងនៅក្នុងជួររដ្ឋាភិបាលតាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក ជាពេលដែល គណបក្សហ៊្វុនសិុនបិុចត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ។

អ្នកអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានលាលែងពីតំណែងជាអនុប្រធានទី១គណបក្សហ៊្វុនសិុនបិុចកាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ព្រះរាមមាតាទីទៃគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជំនួសព្រះអង្គម្ចាស់ក្សត្រីក្នុងនាមជាប្រធានគណបក្ស។

អង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានដឹកនាំគណបក្សហ៊្វុនសិុនបិុចនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និងការបោះឆ្នោតឆ្នាំ២០១៣ ដោយសារអនុវត្តមានរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលត្រូវបានបណ្តេញចេញពីតំណែងជាប្រធានគណបក្សនៅក្នុងឆ្នាំ២០០៦។

លោក ច័ន្ទ ណូរ៉ា បានលើកឡើងថា គណបក្សរាជនិយមមួយនេះចាំបាច់ត្រូវតែចៀសវាងនូវការបែកបាក់គ្នា។

លោកបានថ្លែងថា “បើសិនយើងរួបរួមគ្នា  គណបក្សហ៊្វុនសិុនបិុចនឹងកើនសំឡេង”។

ពេលសួរថា តើមន្ត្រីគណបក្សខ្មែររួបរួមជាតិនឹងចាកចេញបន្ថែមទៀតដែរឬទេ លោក ច័ន្ទ ណូរ៉ា បានមានប្រសាសន៍ថា “សូមរង់ចាំមើលសិន”។

លោក ញឹក ប៊ុនឆៃ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

កាលពីថ្ងៃសុក្រ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សមាជិកគណបក្សខ្មែររួបរួមជាតិគ្រប់រូបដែលមានមុខតំណែងក្នុងជួររដ្ឋាភិបាលនឹងត្រូវបណ្តេញចេញដោយសារខ្សែអាត់សំឡេងតាមទូរស័ព្ទដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានអះអាងថា លោក ញឹក ប៊ុនឆៃ បានឃុបឃិតជាមួយគណបក្សសង្គ្រោះជាតិ។

ទីប្រឹក្សារដ្ឋាភិបាលចំនួន១២រូបត្រូវបានដកចេញពីតំណែងនតាមរយៈព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី ១៥ខែកក្កដា ដោយក្នុងនោះភាគច្រើនត្រូវបានកំណត់ថា មានសម្ព័ន្ធភាពជាមួយលោក ញឹក ប៊ុនឆៃ។អតីតឧត្តមសេនីយ៍រូបនេះបានបាត់បង់តំណែងជាទីប្រឹក្សាផ្ទាល់របស់រដ្ឋាភិបាល មិនយូរប៉ុន្មានបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមុន។

លោក សុខ ឥសាន បានមានប្រសាសន៍កាលពីថ្ងៃសុក្រ ថា “ពេលដៃគូមិត្តភាពមិនស្មោះត្រង់នឹងគ្នា យើងត្រូវតែបញ្ចប់។ វាអត់មានអីចម្លែកទេ”។

លោកបានមានប្រសាសន៍បន្តថា “មានភ័ស្តុតាងយ៉ាងច្បាស់ក្រឡែត។សម្តេចតេជោ ហ៊ុន សែន មានភ័ស្តុតាងយ៉ាងច្បាស់”។លោកបានថ្លែងបន្តទៀតថា “ខ្សែអាត់សំឡេងនេះបញ្ជាក់ថា [លោក ញឹក ប៊ុនឆៃ] បានប្រាប់ឲ្យមន្ត្រីរបស់ខ្លួនបោះឆ្នោតឲ្យគណបក្សប្រឆាំង”។

មានការលើកឡើងថា ខ្សែអាត់សំឡេងនេះគឺលោក ញឹក ប៊ុនឆៃ បានហៅទូរស័ព្ទទៅលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយបានផ្តល់ការគាំទ្រចំពោះគណបក្សប្រឆាំងដ៏សំខាន់មួយនេះ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស