29.6 C
Phnom Penh

អនាគត KNUP ស្ថិត​​​ក្នុង​​​មន្ទិល ​​​ខណៈលោក ញឹក ប៊ុនឆៃ​​​ ជាប់ពន្ធនាគារ​​​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធសំណុំរឿង គ្រឿងញៀនតាំងពី១០ឆ្នាំមុន បានមានប្រសាសន៍កាល ពីម្សិលមិញថា អនាគតរបស់គណបក្សស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីមានការចោទប្រកាន់ និងការផ្ដាច់ខ្លួនរបស់អនុប្រធានគណបក្សនេះទៅចូលរួមជាមួយគណបក្សកាន់អំណាច។

លោក ញឹក ប៊ុនឆៃ ជាអតីតឧត្ដមសេនីយ៍មួយរូបអំឡុងពេលគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចបានចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃអាទិត្យពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនក្នុងករណីមួយកាលពីឆ្នាំ២០០៧។

cam-photo-nhek-bun-chhay-suppliedលោក ម៉ៅ ផាន់ណា ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ករណីប្រឆាំងមេដឹកនាំគណបក្សខ្មែររួបរួមជាតិដែលបានផ្ដល់មូលនិធិដល់គណបក្សខ្មែររួបរួមជាតិដោយប្រាក់របស់លោកផ្ទាល់នោះ បានធ្វើឱ្យអនាគតរបស់គណបក្សនេះស្ថិតក្នុងភាពមិនច្បាស់លាស់។

លោក ម៉ៅ ផាន់ណា បានមានប្រសាសន៍ថា “ពេលគ្មានប្រធាន វាគ្មានឥទ្ធិពលដែរ”។ លោកបានបន្ថែមថា  ”វាហាក់ដូចជាខ្វះការគាំទ្រផ្នែកលុយកាក់”។

គណបក្សនេះក៏ត្រូវបានទុកចោលដោយគ្មានមេដឹកនាំផងដែរ ខណៈលោក ខាន់ សាវឿន ដែលក៏ជាឧត្ដមសេនីយ៍មួយរូបមកពីគណបក្សហ្វុ៊នស៊ិនប៉ិចអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ដែរ ហើយមានតួនាទីជាអនុប្រធានគណបក្សខ្មែររួបរួមជាតិចាប់តាំងពីគណបក្សនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុននោះ បានចុះចូលគណបក្សប្រជាជនកម្ពុជាកាលពីខែមុន។

លោកបានបន្ថែមថា ជាលទ្ធផលសមាជប្រចាំឆ្នាំរបស់គណបក្សដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ នឹងត្រូវពន្យារពេលដោយគ្មានកំណត់។

លោក ញឹក ប៊ុនឆៃ និងគណបក្សរបស់លោកបានរងការរិះគន់ចាប់តាំងពីខែមិថុនាមក នៅពេលមានការបែកធ្លាយខ្សែអាត់សំឡេងដែលអះអាងថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិរូបនេះសន្យាគាំទ្រគណបក្សសង្គ្រោះជាតិ។

លោកត្រូវបានដកចេញពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាលភ្លាមៗ ហើយសមាជិកមួយចំនួនរបស់គណបក្សលោកក៏ត្រូវបានដកចេញពីការងារក្នុងរដ្ឋាភិបាលផងដែរ។

គេរកមិនឃើញគ្រឿងញៀនអំឡុងការឆ្មក់ចូលកាលពីឆ្នាំ២០០៧ទេ ប៉ុន្តែសារធាតុគីមីប្រហែល៦តោនត្រូវបានរកឃើញ ដែលអាជ្ញាធរលើកឡើងនៅពេលនោះថា គឺជាសារធាតុផ្សំប្រើក្នុងការផលិតថ្នាំមេតំហ្វេតាមីន។

ក្នុងខែធ្នូ ឆ្នាំ២០០៧ និងខែបន្ទាប់មក ជនសង្ស័យសរុប២១នាក់ត្រូវបានតុលាការផ្ដន្ទាទោសពាក់ព័ន្ធករណីគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។

លោក អ៊ុក វណ្ណដេត មេធាវីរបស់លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងដាក់សំណើទៅសាលាដំបូងរាជធានីភ្នំពេញសុំឱ្យដោះលែងកូនក្ដីរបស់លោកនៅក្រៅឃុំបណ្ដោះអាសន្ន។

លោកបានមានប្រសាសន៍ថា “យើងនឹងស្នើទៅចៅក្រមស៊ើបសួរសុំឱ្យដោះលែងគាត់នៅក្រៅឃុំបណ្ដោះអាសន្នពីរឬបីថ្ងៃទៀត ពីព្រោះផ្អែកតាមអង្គច្បាប់គាត់មានជំងឺ ហើយមានផ្ទះសម្បែង គាត់មិនទៅណាទេ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស