28.5 C
Phnom Penh

ពលរដ្ឋ​​​រស់នៅ​​​​​​ក្បែរ​​​ទំនប់វារីអគ្គិសនីសេសានត្រូវបាន​​​ឃាត់​​​ ដើម្បីធ្វើការ​​​ឆែកឆេរដោយ​​​បារម្ភខ្លាចមាន​​​ ‘អំពើភេរវកម្ម’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិដែលរស់នៅក្បែរទំនប់សេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងត្រូវបានក្រុម មន្ត្រីឃាត់ដើម្បីធ្វើការឆែកឆេរនៅកន្លែងបារ៉ាស់តាមផ្លូវដោយបារម្ភខ្លាចមានការវាយប្រហារ ”ភេរវកម្ម” នៅសំណង់ទំនប់វារីអគ្គិ សនីនោះ។

ភាពតានតឹងបានកើនឡើងមួយរយៈរវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋមកពីភូមិស្រែគរ ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ពីការជន់លិចទាំងស្រុងនៅខែក្រោយនៅពេលទ្វារទឹកទាំងអស់នៅទំនប់នោះត្រូវបានបិទ។ ប្រជាពលរដ្ឋប្រហែល១២០គ្រួសារស្ថិតនៅទីនោះនៅឡើយ ខណៈដែលភាគច្រើននៃប្រជាពលរដ្ឋប្រហែល៥.០០០នាក់ផ្សេង ទៀតក្នុងតំបន់នោះយល់ព្រមទាំងស្ទាក់ស្ទើរក្នុងការចាកចេញទៅកាន់កន្លែងតាំងទីលំនៅថ្មីនៅក្បែរនោះ។

WP-LastImage-14-800x530យោងតាមប្រជាពលរដ្ឋបានឲ្យដឹងថា  កម្លាំងដែលត្រូវបានដាក់ក្នុងភូមិដើម្បីជួយដល់ការជម្លៀសពេលមានគ្រាអាសន្ននោះ  ត្រូវបានដកចេញហើយ ប៉ុន្តែឥឡូវកម្លាំង ទាំងនោះត្រូវបានដាក់ពង្រាយដើម្បីធ្វើការឃាត់ និងឆែកឆេរវិញ។

អ្នកស្រី សារុន សុខំុ ដែលបានសម្រេចចិត្តបន្តនៅក្នុងឃុំស្រែកគរបាននិយាយថា ប្រជាពលរដ្ឋមកពីកន្លែងតាំងទីលំនៅថ្មីក្បែរនោះមានកំហឹងបន្ទាប់ពីប្រឈមនឹងការឆែកឆេរនៅបារ៉ាស់តាមផ្លូវជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលសាងសង់ទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ជាមួយក្រុមហ៊ុន China Huaneng Group។

អ្នកស្រីបាននិយាយថា ”ប្រជាពលរដ្ឋដែលរស់នៅកន្លែងតាំងទីលំនៅថ្មីមិនសប្បាយចិត្តទេ ហើយពួកគាត់រអ៊ូរទាំពីការធ្វើដំណើរ ពីព្រោះគាត់ត្រូវបានឃាត់ដើម្បីឆែកឆេរនៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់បារ៉ាស់របស់ក្រុមហ៊ុន”។

លោក អ៊ុំ រ៉េត តំណាងក្រុមហ៊ុន  រ៉ូយា៉ាល់  គ្រុប ដែលកាន់កាប់ដោយអ្នកឧកញ៉ា គិតម៉េង បាននិយាយថា បារ៉ាស់នោះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរខេត្ត ហើយបារ៉ាស់ នេះត្រូវបានដាក់ដោយបារម្ភខ្លាំចមាន “អំពើភេរវកម្ម”។

លោកបាននិយាយថា ”យើងមានការបារម្ភខ្លាចក្រែងមានភេរវកម្មកើតឡើងកម្ទេចសំណង់ទំនប់វារីអគ្គិសនី “។ ប្រជាពលរដ្ឋមកពីកន្លែងតាំងទីលំនៅថ្មីមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

លោក សៀក មេគង្គ មេឃុំស្រែគរបានបញ្ជាក់អះអាងថា មន្ត្រីទាំងនោះបានធ្វើការឃាត់ និងឆែកឆេរ។

លោកបានថ្លែងថា “ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកសាលាឃុំ ហើយសុំឲ្យខ្ញុំជួយធ្វើអន្តរាគមន៍ ហើយខ្ញុំក៏បានទូរស័ព្ទទៅអាជ្ញាធរខេត្ត ប៉ុន្តែគេមិនបានរកដំណោះស្រាយជូនប្រជាពលរដ្ឋទេ”។

លោកបានមានប្រសាសន៍ថា “សូម្បីតែខ្ញុំជាអាជ្ញាធរមួយរូបក្តី ក៏ខ្ញុំមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុនដែរ ពីព្រោះខ្ញុំក៏ត្រូវបានឃាត់ដើម្បីឆែកឆេរនៅកន្លែងបារ៉ាស់នោះដែរ”។

លោក ដួង ពៅ អភិបាលរងខេត្តបានបន្ទរការបារម្ភខ្លាចមានអំពើភេរវកម្មនោះដែរ។ លោកបានថ្លែងថា “យើងមានការបារម្ភខ្លាចលោប្រជាពលរដ្ឋនាំយកអាវុធ ឬជាតិផ្ទុះដើម្បីកម្ទេចសំណង់ទំនប់វារីអគ្គិសនី”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស