32.5 C
Phnom Penh

តុលាការកំពូលបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកំពូលកាលពីថ្ងៃសុក្របានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោកយាងសុធារិននិងលោកអ៊ួនឈិនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី។

តុលាការកំពូលបានប្រកាសតំកល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យបន្តការឃុំខ្លួនបណ្តោះអាសន្នដោយរង់ចាំសវនាការលើអ្នកទាំងពីរ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ឃឹម ប៉ុនបានអះអាងថាការស៊ើបអង្កេតលើអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះកំពុងដំណើរការហើយថាការដោះលែងអ្នកទាំងពីរ អាចនឹងបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។

លោកកែវ វន្នីដែលជាមេធាវី របស់លោក អ៊ួន ឈិន និងលោក យាង សុធារិនហៅយាងសុជាមេត្ដា បានប្រាប់ក្រុមអ្នកសាព័ត៌មានថាលោកមិនអាចទទួលយកបានទេ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលដោយសារកូនក្តីរបស់លោកទាំងពីរនាក់នេះមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះឡើយ។

លោកយាង សុធារិននិង លោក អ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកាពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍។

អ្នកទាំងពីរ បានជាប់ក្នុងពន្ធនាគារព្រៃសអស់រយៈពេល ១១៩ថ្ងៃហើយក្នុងបន្ទប់មួយដែលមានស្ថានភាពចង្អៀតណែនតាន់តាប់។

តុលាការបានចោទប្រកាន់អ្នកទាំងពីរតាមមាត្រ៤៤៥ នៃក្រុមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេស ដែលអាច “អន្តរាយដល់ការការពារជាតិ”។

ប្រសិនបើអ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោសនោះ ពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី៧ឆ្នាំដល់១៥ ឆ្នាំ។

កាលពីថ្ងៃទី១៥មីនាសមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៤រូប បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកហ៊ុន សែន ទាមទារឲ្យដោះលែងអតីតអ្នករាយការណ៍អាស៊ីសេរី២រូប និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខាជាបន្ទាន់។

សមាជិកព្រឹទ្ធសភាទាំងនោះរួមមានលោកTed Cruz លោក Partrick Leahy និងសមាជិកព្រឹទ្ធសភាមួយចំនួនទៀតបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាការចាប់ខ្លួនមនុស្សទាំងនោះធ្វើឡើងក្នុងហេតុផលនយោបាយប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស