39.4 C
Phnom Penh

ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ជំរុញឲ្យរដ្ឋាភិបាល កម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២១ខែមីនាម្សិលម៉ិញបានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាបន្ទាន់និងដោយឥតលក្ខខណ្ឌ លុបចោលការរំលាយគណបក្សសង្គ្រោះជាតិអនុញ្ញាតឲ្យសមាជិករបស់គណបក្សនេះចំនួន ១១៨រូបអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ និងដោះលែងរាល់អ្នក ទោសនយោបាយទាំងអស់ឲ្យមានសេរីភាព។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចាត់ទុកការរំលាយ គណបក្សសង្គ្រោះជាតិគឺជាការបំផ្លាញដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យហើយដែលធ្វើឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ។

ក្រុមប្រឹក្សានេះបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាឲ្យបានច្បាស់ថាការបោះឆ្នោត នៅពេលខាងមុខត្រូវធ្វើឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់វប្បធម៌ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងអង្គការសង្គមស៊ីវិលនិងបណ្តាញសាព័ត៌មានឯករាជ្យ ហើយស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។

កិច្ចប្រជុំលើកទី៣៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះធ្វើឡើងមួយសប្ដាហ៍ ក្រោយពេលអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រីរ៉ូណា ស្មីត(Rhona Smith)បានបញ្ចប់ទស្សនកិច្ចរបស់អ្នកស្រីនៅ កម្ពុជាហើយបានរកឃើញបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ។

ទោះជាសហគមន៍អន្តរជាតិបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញស្តារ ប្រជាធិបតេយ្យឡើងវិញក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន បានប្រកាស ម្តងហើយម្តងទៀតថាលោកមិនអាចចរចាជាមួយមេដឹកនាំបក្សប្រឆាំង ឬអនុញ្ញាតឲ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោតជាដាច់ខាត។

ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សប្រឆាំងចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស