29.6 C
Phnom Penh

រដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នករណីខ្យល់កន្ត្រាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងធនធានទឹក និងឧត្តុនិយមកាលពីថ្ងៃម្សិលម៉ិញបានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃជិតធ្លាក់ភ្លៀងគឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ មេសានេះ។

ការអំពាវនាវនេះ ក្រោយពេលក្រសួងធនធានទឹកបានប្រកាសកាលពីព្រឹកថ្ងៃទី១៥ មេសាថានៅភាគខាងជើងប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបនឹងបង្ករឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ឬ២២ មេសា។

ក្រសួងធនធានទឹកបានព្យាករណ៍ថាខេត្តមួយចំនួននៅភាគពាយ័ព្យ អាចនឹងមានផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅកំឡុងថ្ងៃទី១៥ ដល់១៧មេសានេះ។

កាលពីយប់ថ្ងៃទី១៥ មេសាផ្ទះរបស់ពលរដ្ឋ ជាច្រើនខ្នងនៅស្រុកអូរជ្រៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់បោកបក់ខូចខាតក្នុងនោះមានស្រុកអូរជ្រៅខ្យល់កន្តា្រក់បោកបក់ផ្ទះចំនួន១០ខ្នងស្រុកម៉ាឡៃចំនួនមួយខ្នងនិង ក្រុងប៉ោយប៉ែតខូចខាតចំនួន៤៧ខ្នង។

ក្រុមអ្នកឃាំ្លមើលខាងផ្នែកបរិស្ថាននិយាយថា បញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពអាក្រក់ទៅៗខណៈព្រៃឈើរាប់សែនហិកតារ ត្រូវបានកាប់បំផ្លាញធ្វើអាជីវកម្ម នៅក្នុងស្រុក និងធ្វើអាជីវកម្មទៅក្រៅប្រទេសស្ទើរៀងរាល់ថ្ងៃដោយគ្មានការទប់ស្កាត់។

អង្គការឃ្លាំមើលបរិស្ថានពិភពលោកក្លូបប៊ល វីតនេស(Global Witness)តែងរាយការណ៍ជាបន្តបន្ទាប់ថា គ្រោះធម្មជាតិនៅក្នុងប្រទេសកម្ពុជាកើតឡើងដោយសារព្រៃឈើជាច្រើនត្រូវបានក្រុម ឈ្មួញដែលមានលុយនិងមានអំណាច អាពុះជ្រៀក ជួញដូរយ៉ាងគគ្រឹកគគ្រងទៅកាន់ប្រទេសវៀតណាមនិងប្រទេសចិនក្នុងតំលៃរាប់ ពាន់លានដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស